សិល្បករឆ្នើម សាងសេដ្ឋ ឈ្មោះពិតគឺថាច់សេដ្ឋ កើតឆ្នាំ ១៩៥២ នៅស្រុកកូវកែ ខេត្តត្រាវិញ។ លោកជាអ្នកអស់ពីចិត្តនឹងការងារតែងនិពន្ធ និងស្រាវជ្រាវវប្បធម៌ សិល្បៈខ្មែរនៅខេត្តត្រាវិញនិយាយដោយឡែក និងនៅណាមបូនិយាយរួម។
សិល្បករឆ្នើម សាងសេដ្ឋ។
ក្នុងដំណើរការការងារ លោកសាងសេដ្ឋ បានឆ្លងកាត់មុខតំណែងផ្សេងៗដូច៖ អនុប្រធានសមាគមអក្សរសិល្ប៍ខេត្តត្រាវិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតិភូមិវៀតណាមខេត្តត្រាវិញ នាយករងស្ថានីយទូរទស្សន៍ត្រាវិញ ប្រធានស្តីទីក្រុមសិល្បៈរស្មីប្រទីប នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តត្រាវិញ។ល។ ក្នុងរយៈពេលបម្រើការងារនៅមជ្ឈមណ្ឌលវប្បធម៌សិល្បៈនិងក្រុមសិល្បៈរស្មីប្រទីប ធ្វើឱ្យលោកកាន់តែយល់ច្បាស់ជាងទៀតលើវិស័យវប្បធម៌ សិល្បៈ ម្ល៉ោះហើយជំរុញឱ្យលោកមាននិស្ស័យខាងតែងនិពន្ធ ស្រាវជ្រាវវប្បធម៌ជនជាតិខ្លួន។
ឆ្នាំ ២០១៩ លោកបានបោះពុម្ពកម្រងកំណាព្យ "ជំហានដើម្បីសម្រេច" រួមមាន ៥០ អត្ថបទជាឧភយភាសាវៀត-ខ្មែរ។ អត្ថបទ កម្រងរូបភាពវប្បធម៌ចម្រុះពណ៌របស់ជនជាតិខ្មែរ។ ដោយមានសិល្បៈល្ខោនយូរកេរនិងរបាំ សិល្បករឆ្នើម សាងសេដ្ឋ បាននិពន្ធចងក្រង ល្ខោនជាង ១០ រឿង សម្តែងដោយក្រុមសិល្បៈរស្មីប្រទីបនិងក្រុមសិល្បៈមួយចំនួនទៀតនៅណាមបូ។ សាច់រឿងដែលលោកចងក្រង ក៏ដូចជាចង្អុលការដឹកនាំសម្តែង ទទួលបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងពិធីសមោសរសិល្បៈទូទាំងប្រទេស ដូច៖ ចម្រៀងអាយ៉ៃឆ្លងឆ្លើយ “សប្បាយនឹងផលដំណាំ នៅឆ្នាំ ១៩៨០, របាំ “នាងអមរា” នៅឆ្នាំ ១៩៩៥, “ហនុមានប្រយុទ្ធក្រុងរាពណ៍” នៅឆ្នាំ ១៩៩៨ ព្រមទាំងរង្វាន់ពិសេសៗឯទៀត។ ឆ្នាំ ២០១៩ លោកបានបោះពុម្ពកម្រងសិក្សាស្រាវជ្រាវ "ខ្លឹមសារចំនួន ៧២ នៃដំណើរសាច់រឿងសិល្បៈល្ខោនយូរកេរជនជាតិខ្មែរ" "ស្វែងយល់ពីការកកើត និងការរីកចម្រើននៃសិល្បៈល្ខោនយូរកេរជនជាតិខ្មែរណាមបូ"។ សិល្បករឆ្នើម សាងសេដ្ឋ ឱ្យដឹង៖ “គោលបំណងខ្ញុំ គឺឧទ្ទេសនាមវប្បធម៌ខ្មែរដល់ជនជាតិជាបងប្អូនក្នុងមហាគ្រួសារបណ្តាជនជាតិវៀតណាម។ ឆ្លងតាមរយៈនោះ អាចនឹងអភិរក្សនូវតម្លៃវប្បធម៌ប្រវេណីដល់ក្មេងជំនាន់ក្រោយផង”។
សិល្បករឆ្នើម ថាច់ស៊ុង ប្រធានក្រុមសិល្បៈរស្មីប្រទីប ឱ្យដឹង៖ “សិល្បករឆ្នើមសាងសេដ្ឋ គឺជាសិល្បករមួយរូបដែលយល់ច្បាស់ពីជម្រៅវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរ។ ពិសេស លោកបានចូលជាសមាគមសិល្បៈល្ខោនវៀតណាម សមាគមសិល្បៈរបាំវៀតណាម ហើយបានប្រធានរដ្ឋប្រទានកិត្តិនាមជាសិល្បករឆ្នើម កាលពីឆ្នាំ ២០១៦។ នេះគឺជាការកត់សម្គាល់មួយយ៉ាងស័ក្តិសមសម្រាប់ការរួមចំណែករបស់លោកក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ រួមចំណែកធ្វើឱ្យខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ”៕
សឺនម៉ាល័យ-លីសៀ