នៅទីស្តីការនៃរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ទើបបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈចង្អុលការមជ្ឈិមកម្មវិធីទិសដៅជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ (កម្មវិធី)។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យរៀបចំផែនការអនុវត្តដោយហ្មត់ចត់និងពេញលេញ ដើម្បីអនុវត្តទិសដៅធំៗសម្រាប់ដំណាក់កាលខាងមុខ ។
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ - រូបថត៖ VGP/ឡេសើុង
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជនជាតិ - ស្ថាប័នប្រចាំការនៃគណៈចង្អុលការនិងកម្មវិធី គិតមកទល់ពេលនេះ របាយការណ៍ស្រាវជ្រាវលទ្ធភាពរបស់កម្មវិធី បានសម្រេចរួចរាល់។ ក្រុមប្រឹក្សាវាយតម្លៃរបស់រដ្ឋបានវាយតម្លៃបឋម ស្នើឱ្យធ្វើការវិភាគពន្យល់បំពេញបន្ថែម ដើម្បីបង្ហើយរបាយការណ៍ស្រាវជ្រាវលទ្ធភាព។ គណៈកម្មាធិការជនជាតិ កំពុងសហការជាមួយក្រសួង ផ្នែកនានា ដើម្បីបង្ហើយរបាយការណ៍ដោះស្រាយ ទទួលយករបាយការណ៍ ស្រាវជ្រាវលទ្ធភាពលើកម្មវិធីទិសដៅនេះ។
បច្ចុប្បន្ន ស្ថាប័ននានាបានដាក់ជូននាយករដ្ឋមន្រ្តី ដើម្បីចេញសេចក្តីសម្រេចលេខ ៣៣/ ២០២០/QĐ-TTg ស្តីពីលក្ខឋានបែងកំណត់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តាមកម្រិតអភិវឌ្ឍន៍ដំណាក់កាល ២០២១-២០២៥ ។ ដាក់ជូននាយករដ្ឋមន្រ្តី ចេញសេចក្តីសម្រេចលេខ ៣៩/២០២០/QD-TTg ស្តីពីលក្ខឋានដើម្បីកំណត់ជនជាតិដែលនៅជួបការលំបាកច្រើន មានការលំបាកដោយឡែក ដំណាក់កាល ២០២១-២០២៥ ។ តាមការគ្រោងទុកផែនការដើមទុននៃកម្មវិធីដំណាក់កាល ២០២១-២០២៥ និងផែនការឆ្នាំ ២០២១ ។ បង្កើតការិយាល័យសម្របសម្រួលកម្មវិធី ដើម្បីធ្វើសេនាធិការជួយកិច្ចការដល់គណៈចង្អុលការ និងថ្នាក់ដឹកនាំនៃស្ថាប័នប្រចាំការ (គណៈកម្មាធិការជនជាតិ) ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងនិងអនុគម្រោងនៃកម្មវិធី។
ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ បានបញ្ជាក់ច្បាស់៖ កម្មវិធីទិសដៅជាតិសម្រាប់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ មានដើមទុនសរុបសម្រាប់ចែកចាយ ដំណាក់កាល ២០២១ -២០២៥ គឺមានចំនួនជាង ១៣៤.០០០ ពាន់លានដុង និង ៤១ កម្មវិធីគោលនយោបាយប្រកបដោយយុទ្ធសាស្ត្រ។ មានសារៈសំខាន់ ជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការការពារប្រទេស និងសន្តិសុខក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ក្នុងនោះមានគោលនយោបាយផ្ទាល់ចំនួន ១៥ និងគោលនយោបាយទូទៅចំនួន ២៦ មានផ្តល់អាទិភាពចំពោះជនជាតិភាគតិច ផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍផលិតកម្មក្នុងវិស័យកសិ-រុក្ខកម្ម នេសាទកម្ម អប់រំបណ្តុះបណ្តាល និងវប្បធម៌សង្គម។ល។
ដើម្បីអនុវត្តកម្មវិធីចាប់ពីឆ្នាំ ២០២១ ដូចសេចក្តីសម្រេចរបស់រដ្ឋសភាបានដាក់ចេញ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើឱ្យក្រសួង ផ្នែក និងភូមិភាគនានាត្រូវ “កសាងផែនការអនុវត្តឱ្យបានរលូន ស៊ីសង្វាក់គ្នា ត្រៀមឱ្យបានហ្មត់ចត់និងពេញលេញបណ្តាខ្លឹមសារ យន្តការគោលនយោបាយ ប្រភពកម្លាំងដើម្បីអាចនឹងអនុវត្តភ្លាមៗនៅពេលដែលរដ្ឋសភាអនុម័តមូលធន និងនាយករដ្ឋមន្រ្តីអនុម័តលើសេចក្តីសម្រេចវិនិយោគ” ។ ឈរលើមូលដ្ឋាននោះ ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានស្នើដល់ក្រសួង ផ្នែក ឈរលើមូលដ្ឋានមុខងារនិងតួនាទីរបស់ខ្លួន គប្បីម្ចាស់ការអនុវត្តភារកិច្ចសំខាន់ៗ រៀបចំផ្សព្វផ្សាយអនុវត្តឱ្យមានល្បឿនជាក់ស្តែង៕
យោង៖ chinhphu.vn