សាខាសមាគមនារីភូមិ ៥ ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង បានបង្កើតក្រុម និងក្លឹបជាច្រើន ដើម្បីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងរួមទុនគ្នាសង់ផ្ទះ។ របៀបធ្វើនេះ បានជួយសមាជិកជាច្រើនមានផ្ទះសម្បែងសមរម្យ ជីវភាពប្រសើរឡើង។
បងស្រីធីផាន សង់បានផ្ទះសមរម្យ។
កាលពីឆ្នាំ ២០១៦ សាខាសមាគមនារីភូមិ ៥ បង្កើតក្រុមរួមទុនសង់ផ្ទះបានចំនួន ៣ ក្រុមរួមទុនជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចចំនួន ៥ និងក្លឹបរស់នៅសុខសប្បាយ។ បងស្រីធីភឿង ប្រធានសាខាសមាគមនារីភូមិ ៥ ឱ្យដឹង៖ “ដំបូង ចលនាបងប្អូនចូលសមាគមមានការពិបាកបន្តិច ក្រោយមកសង្កេតឃើញថាមានផលប្រយោជន៍ ដូច្នេះ បងប្អូនស្ម័គ្រចិត្តចូលរួម។ ដំបូង មានតែក្រុមរួមទុនសង់ផ្ទះតែ ១ ប៉ុណ្ណោះ មានសមាជិក ១៧ នាក់ រួមវិភាគទានទឹកប្រាក់ ៥ លានដុង/៤ ខែ។ ក្រុមបានអាទិភាពដល់បងប្អូននារីណាមានជីវភាពលំបាកខ្លាំង ហើយគួបផ្សំនឹងគោលនយោបាយរបស់រដ្ឋឧបត្ថម្ភសង់លំនៅឋានទទួលដើមទុនមុន។ ដោយឃើញមានប្រសិទ្ធភាព បងប្អូននារីក៏ស្ម័គ្រចិត្តចុះឈ្មោះចូលរួម ម្ល៉ោះហើយសាខាសមាគមបង្កើតបន្ថែមបាន ២ ក្រុម បង្កើនសមាជិកចូលរួមឡើងដល់ទៅ ៥៧ នាក់។ ក្រៅពីសង់ផ្ទះ បងប្អូននារីថែមទាំងប្រើប្រាស់ប្រភពទុននេះដើម្បីលោះដីស្រែ និងទិញដីសម្រាប់បង្កបង្កើនផល”។
ផ្តើមពីប្រភពទុននៃក្រុមរួមទុន សមាជិក ៣៧ នាក់ សង់បានលំនៅឋានថ្មី។ ពិសេស សមាជិកក្នុងក្រុមរួមទុនបានចាកផុតពីភាពក្រីក្រ។ បងស្រីធីផាន នៅភូមិ ៥ ឱ្យដឹងដោយក្តីរីករាយ៖ “ដោយសារទឹកប្រាក់ ១២៥ លានដុងបានមកពីប្រភពរួមទុននិងរដ្ឋឧបត្ថម្ភបន្ថែម ម៉្លោះហើយនាងខ្ញុំសង់បានផ្ទះសមរម្យ តម្លៃ ២៨០ លានដុង។ សព្វថ្ងៃ នាងខ្ញុំនៅតែបន្តរួមទុនដើម្បីជួយបងប្អូននារីឯទៀតរួមគ្នាសង់លំនៅឋានថ្មី”។ បងស្រីធីសួង ឱ្យដឹង៖ “នាងខ្ញុំចូលរួម ក្រុមរួមទុនទាំង ៣ ក្រុម ហើយក៏សង់បានផ្ទះតម្លៃជាង ៥០០ លានដុង។ ក្នុងនោះ ទឹកប្រាក់រួមទុនជាង ២៥០ លានដុង ដទៃពីនោះគឺប្រាក់លក់ជ្រូក។ ទម្រង់ក្រុមរួមទុនសង់ផ្ទះនេះពិតជាល្អណាស់ ជួយបងប្អូននារីរួមគ្នាចាកផុតពីភាពក្រីក្រ”។
លោកផាងហ្វាងមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឱ្យដឹង៖ “ទម្រង់រួមទុនសង់ផ្ទះនៅភូមិ ៥ មានប្រសិទ្ធភាព សម្តែងពីស្មារតីសាមគ្គី ស្រឡាញ់រាប់អានគ្នានិងស្រុះស្រួលគ្នា ដើម្បីចាកផុតពីភាពក្រីក្ររបស់នារីខ្មែរនៅភូមិ ៥ ដែល កន្លែងផ្សេងមិនទាន់មាន។ រយៈពេលខាងមុខ ឃុំនឹងពង្រីកទម្រង់នេះដល់ភូមិនានាទៀត”៕
លីធាន-លីសៀ