បងផាមហ្វាងច្វៀង ប្រធានភូមិអូរទទឹង ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ តែងគិតគូរពីជីវភាពជនរួមជាតិខ្មែរ។ បងបានបង្កលក្ខណៈឱ្យគ្រួសារក្រីក្របុលទុនរកស៊ី ជំនួយពូជដំណាំ សត្វចិញ្ចឹម បង្រៀនវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ៊។ល។

បងផាមហ្វាងច្វៀង (ខាងឆ្វេង) ចូលរួមមហាសន្និបាតសាខាបក្សភូមិ។
ភូមិអូរទទឹង មានប្រជាជន ៣២៥ គ្រួសារ ក្នុងនោះ ជនជាតិកិញ ៤៩ គ្រួសារ ជនជាតិចិន មួយគ្រួសារជនជាតិខ្មែរ ២៧៥ គ្រួសារ ដោយមានប្រជាជនប្រមាណ ១.១២៥ នាក់។ កើតនិងធំដឹងក្តី នៅភូមិអូរទទឹង បងច្វៀងបានធ្វើប្រធានភូមិជាច្រើនឆ្នាំ ម៉្លោះហើយ តែងជ្រាបច្បាស់ពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាជនគ្រប់គ្រួសារក្នុងភូមិ។ បងច្វៀង ឱ្យដឹង៖ “មាមីងខ្មែរភាគច្រើនខ្វះដីបង្កបង្កើនផល ខ្វះដើមទុន ពុំទាន់ជ្រាបច្បាស់អំពីវិទ្យាសាស្រ្តបច្ចេកទេស ដើម្បីអនុវត្តក្នុងការបង្កបង្កើនផលសម្រេចប្រសិទ្ធភាព។ ហេតុនេះ ខ្ញុំត្រូវខ្នះខ្នែងជួយមាមីងមានដើមទុនបង្កបង្កើនផល ចិញ្ចឹមសត្វ មានការងារធ្វើលំនឹង ដើម្បីរកបានប្រាក់ចំណូលបន្ថែម ទើបសង្ឃឹមថានឹងបានចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព” ។ ចាប់តាំងពីពេលបានមាមីងទំនុកចិត្ត បោះឆ្នោតធ្វើជាប្រធានភូមិ បងធ្វើការអង្កេតស្ថានភាពនៅរាល់គ្រួសារក្រីក្រ ស្វែងយល់ពីគោលបំណងមនោសញ្ចេតនារបស់ប្រជាជន។ បន្ទាប់ពីនោះ បងធ្វើបញ្ជីឈ្មោះគ្រួសារក្រីក្រ ស្នើឡើងគណៈកម្មាធិការប្រជាជនឃុំដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្របុលទុន ឬក៏បើកវគ្គហ្វឹកហ្វឺនបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ល។ បងឡឹមវ៉ាន់អ៊ុក ប្រធានសាខាអតីតយុទ្ធជនភូមិអូរទទឹង ឱ្យដឹង៖ “គ្រួសារខ្ញុំមានចម្ការក្រូចពោធិ៍សាត់២កុង។ ពេលដើមក្រូចមានជំងឺ គ្មានផ្លែ គ្រួសារខ្ញុំដឹងត្រឹមតែទៅធ្វើការឈ្នួលរកប្រាក់ផ្គត់ផ្គង់ជីវភាព។ ចាប់តាំងពីបានបងច្វៀងជួយ ឧទ្ទេសនាម ខ្ញុំបានបុលទុនចំនួន ២៥ លានដុង ទិញបានគោ ១ ក្បាលនិងកែប្រែដីចម្ការឡើងវិញ ដើម្បីដាំដំណាំរួមផ្សំ ម៉្លោះហើយគ្រួសារខ្ញុំមានប្រាក់ចំណូលលំនឹងជីវភាពបានល្អប្រសើរជាងមុន”។
បងថាច់យួង លេខាគណៈកម្មាធិការបក្សឃុំចូវដៀង បញ្ជាក់៖ “បងច្វៀង តែងខ្នះខ្នែងការងារគ្រួសារនិងការងារសង្គម។ បងចេះលៃលកពេលវេលា ដើម្បីអនុវត្តសម្រេចនូវការងារដែលបានប្រគល់ឱ្យជួយណែនាំមាមីងក្នុងភូមិពីរបៀបធ្វើការរកស៊ី ពង្រីកសេដ្ឋកិច្ចគ្រួសារ។ គ្រួសារបងជាគ្រួសារគំរូ ជាអ្នកមានប្រជាប្រិយនៅភូមិអូរទទឹង។ ថ្មីៗនេះ គ្រួសារបងច្វៀង បានបរិច្ចាគដីប្រមាណ ៥០០ ម៉ែត្រការ៉េ ដើម្បីភូមិភាគកសាងផ្លូវដាន”៕
សឺនម៉ាល័យ-មុនី