មកកាន់ឃុំឡាយហ្វា ទីរួមខេត្តវិញចូវ ខេត្តសុកត្រាំង សួររកព្រះឧបជ្ឈាយ៍ថាច់ហូន ព្រះចៅអធិការវត្តទេពារាមព្រៃជាប់ អ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះព្រះអង្គខ្នះខ្នែងគិតគូរកសាងវត្តអារាម ចូលរួមរាល់សកម្មភាពសង្គមនៅភូមិភាគ និងអស់ព្រះទ័យចំពោះការងារអប់រំដល់កូនចៅជនរួមជាតិខ្មែរ។
ព្រះឧបជ្ឈាយ៍ថាច់ហូន។
លោកអ៊ំតាំងហ៊ុម ទីប្រឹក្សាគណៈកម្មការវត្តព្រៃជាប់ ឱ្យដឹង៖ “វត្តអារាមបានកសាងយ៉ាងល្អប្រណីត ស្អាតបាត ព្រះសង្ឃមានឱកាសសិក្សារៀនសូត្រត្រឹមត្រូវ ព្រមទាំងការងារក្នុងវត្តរៀបរយសណ្ដាប់ធ្នាប់ទាំងអស់នេះគឺជាស្នាព្រះហស្តរបស់ព្រះឧបជ្ឈាយ៍ថាច់ហូន។ ប៉ុន្មានឆ្នាំមុន ព្រះឧបជ្ឈាយ៍បាននិមន្តទៅតាមភូមិ ចលនាមាមីងពុទ្ធបរិស័ទបរិច្ចាគដីជូនរដ្ឋ ដើម្បីកសាងទីតាំងសាលាបឋមសិក្សា ៣ កន្លែងសម្រាប់កូនចៅខ្មែររៀនសូត្រ។ បច្ចុប្បន្ន ព្រះអង្គក៏បានបរិច្ចាគដីដើម្បីកសាងសាលារៀនផងដែរ ម្ល៉ោះហើយមាមីងខ្មែរអ្នកណាក៏តែងដឹងគុណនិងកត់សម្គាល់ទឹកព្រះទ័យព្រះអង្គ។ វត្តដែលមានព្រះចៅអធិការអស់ពីព្រះទ័យដើម្បីសាសនានិងសង្គម ពិតជាមានកិត្តិយស និងមោទនភាពណាស់”។
ជិតមួយឆាកជីវិតផ្សារភ្ជាប់នឹងវត្តអារាម ព្រះឧបជ្ឈាយ៍ថាច់ហូន តែងអស់ពីព្រះទ័យជាមួយសាសនាជានិច្ច។ ចំពោះវត្តអារាម ព្រះអង្គបានចលនាមាមីងរួមវិភាគទានកសាងវត្តកាន់តែសមរម្យស្រស់ស្អាត ដើម្បីព្រះសង្ឃស្ងប់ចិត្តសិក្សារៀនសូត្រ និងមាមីងធ្វើសក្ការបូជា។ ចំពោះព្រះសង្ឃក្នុងវត្ត ព្រះអង្គគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីព្រះសង្ឃនឹងនររៀនសូត្រគោរពប្រតិបត្តិធម៌អាថ៌វិន័យតាមពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធ។ រៀងរាល់ឆ្នាំ ក្នុងវត្តបើកថ្នាក់បង្រៀនធម្មវិន័យ និងបាលី ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ សម្រាប់ព្រះសង្ឃក្នុងនិងក្រៅខេត្តសិក្សារៀនសូត្រ។ រដូវវិស្សមកាលក្នុងវត្តបើកបង្រៀនអក្សរខ្មែរដល់សិស្សានុសិស្សចូលមករៀនជាង២០០នាក់។ ព្រះ ឧបជ្ឈាយ៍ថាច់ហូន មានថេរដីកា៖ “ឆ្នាំនេះ អាត្មាមានព្រះជន្ម៧៧ព្រះវស្សាទៅហើយ មួយឆាកជីវិត ផ្សារភ្ជាប់នឹងវត្តអារាម និងសាសនា ម្ល៉ោះហើយត្រូវបំពេញភារកិច្ចបានល្អក្នុងនាមជាអ្នកបួស។ ជាសមាជិករដ្ឋសភា នីតិកាល XIII អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ដូច្នេះ អាត្មាតែងធ្វើជាគំរូដល់ព្រះសង្ឃ ដើម្បីចលនាពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ជាពិសេសចលនាពុទ្ធបរិស័ទពង្រីកសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កសាងធ្លុងមហាសាមគ្គីជនជាតិ។ល។ អាត្មាគិតថា៖ ជីវភាពពុទ្ធបរិស័ទសម្បូរធូរធារ ព្រះសង្ឃបួសរៀនបានត្រឹមត្រូវ នោះទើបសាសនារឹងមាំរីកចម្រើនផងដែរ”។ ដោយតាំងចិត្តថា “ព្រះសង្ឃសិក្សារៀនសូត្រ គឺពឹងលើពុទ្ធបរិស័ទ ខណៈពេលពុទ្ធបរិស័ទក្រលំបាកនោះ អាត្មាភាពនឹងឧបត្ថម្ភ” បានជារៀងរាល់ឆ្នាំ ព្រះអង្គបានចលនាសប្បុរសជន ជូនអង្ករដល់គ្រួសារក្រីក្រ ក្នុងឃុំឡាយហ្វាពី២-៣តោន។
លោកហូថាញ់ហ៊ុង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ឱ្យដឹង៖ “មិនត្រឹមតែអនុវត្តល្អក្នុងនាមជាព្រះចៅអធិការវត្តប៉ុណ្ណោះទេ ព្រះឧបជ្ឈាយ៍ថាច់ហូន តែងខ្នះខ្នែងចូលរួមសង្គមទៀតផង។ ដោយទឹកព្រះទ័យសន្តោសប្រោសប្រណីនិងចង់ឱ្យកូនចៅខ្មែរឃុំឡាយហ្វាបន្តការរៀនសូត្រ ព្រះអង្គបានបរិច្ចាគដីជូនរដ្ឋជាង ១,៦ហិកតា សម្រាប់កសាង សាលារៀន។ ឆ្លងតាមរយៈនោះ ផ្នែកអប់រំក៏បានកសាងសាលារៀនចំនួន៣ ដោយមាន៣កម្រិតគឺ អនុវិទ្យាល័យ បឋមសិក្សានិងមត្តេយ្យ។ តាមការគ្រោងទុក ឆ្នាំក្រោយសាលានឹងដាក់ឱ្យប្រើប្រាស់។ ដូច្នេះ រដ្ឋអំណាចនិងប្រជាជនឃុំឡាយហ្វា តែងដឹងគុណនិងកត់សម្គាល់នូវទឹកព្រះទ័យរបស់ព្រះ ឧបជ្ឈាយ៍ថាច់ហូន”៕
យ្វីអាញ់-លីសៀ