ទន្ទឹមនឹងគោលនយោបាយឧបត្ថម្ភពិសេសដោយឡែករបស់រដ្ឋ ជនរួមជាតិភាគតិចនៅស្រុកថើយឡាយ ក្រុងកឹងធើ ខិតខំប្រឹងប្រែងឈានឡើង ដើម្បីចាកផុតពីភាគក្រីក្រ កសាងគ្រួសារសុភមង្គល។
បងស្រីដោបនិងបងស្រីធូកំពុងឆ្លូកស្រូវ។
ព្រឹកព្រលឹម បងស្រីថាច់ធីដោប និងថាច់ធីគីមធូ រូតរះទៅឆ្លូកស្រូវស៊ីឈ្នួលនៅទីប្រជុំជនថើយឡាយ។ អំពកស្រែនេះ ត្រូវបានម្ចាស់ស្រែពង្រោះដោយម៉ាស៊ីនអូស ប៉ុន្តែនៅខាងភ្លឺម៉ាស៊ីន ចូលមិនដល់ ដូច្នេះត្រូវការកម្លាំងមនុស្សឆ្លូក។ បងស្រីដោប ឱ្យដឹង៖ “យើងខ្ញុំឆ្លូកស្រូវគិតតាមម៉ោង ក្នុងមួយម៉ោងយកថ្លៃ២៥ពាន់ដុង ទើបពីរនាក់បងប្អូនខ្ញុំបបួលគ្នាទៅធ្វើទាន់ព្រលឹម ព្រោះថ្ងៃត្រង់ក្ដៅខ្លាំងណាស់។ ឆ្លូកប្រហែល៣ម៉ោងច្បាស់ជាហើយ អំពកស្រែនេះ រួចឈប់សម្រាក។ រសៀលមេឃត្រជាក់ ចេញឆ្លូកបន្តនៅអំពកស្រែក្បែរ”។ ពេលវេលាមិនតឹងតែង ម៉្លោះហើយបងៗអាចឆ្លៀតពេលទំនេរធ្វើការងារផ្ទះបានច្រើន។ បងស្រីគីមធូ ឱ្យដឹងបន្ថែម៖ “ថ្មីៗនេះ ខ្ញុំបានបងប្អូននារីក្នុងភូមិបបួលទៅរៀនរបរត្បាញកន្រ្តកជ័រ ការងារនេះ ខ្ញុំឃើញក៏ងាយធ្វើ។ យើងអាចទទួលយកមកផ្ទះត្បាញពេលទំនេរ”។ ស្របពេលនេះដែរ យើងខ្ញុំទៅជួបសំណេះសំណាលជាមួយបងលីថាញ កំពុងស្រោចទឹកពោតនៅក្បែរនោះ។ បងថាញ់ ឱ្យដឹង៖ “ម្ចាស់ដីមិនធ្វើស្រូវរដូវនេះ ទើបឱ្យខ្ញុំខ្ចីដីដាំពោត។ ខ្ញុំប្រញាប់មកស្រោចទឹកពោត ដើម្បីទៅធ្វើជាងកំបោរនៅទីប្រជុំជនថើយឡាយទៀត។ ខ្ញុំខ្ចីដីស្រែនេះ ដាំពោតរៀងរាល់ឆ្នាំ។ ពេលប្រមូលផល ប្តីប្រពន្ធស្ងោរលក់ដោយខ្លួនឯងដើម្បីរកប្រាក់ចំណូលបន្ថែម”។
ផ្លូវចូលទៅឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង។ រូបៈ លីធាន
លោកថាច់តាម ប្រធានការិយាល័យជនជាតិ ស្រុកថើយឡាយ បានឱ្យដឹង៖ ជនរួមជាតិភាគតិចរស់នៅលាយឡំនឹងសហគមន៍បណ្តាជនជាតិ នៅឃុំ ទីប្រជុំជនចំនួន ១៣ ក្នុងនោះ ប្រមូលផ្តុំច្រើនបំផុតគឺទីប្រជុំជនថើយឡាយ ឃុំឌិញម៉ូង ថើយថាញ់ និងថើយតឹង។ល។ អាស្រ័យសេចក្តីសម្រេចលេខ ២៩/QĐ-TTg និងសេចក្តីសម្រេចលេខ២០៨៥/QĐ -TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការដោះស្រាយលំនៅឋាន ដីសង់លំនៅឋាន បុលទិនឥណទានអនុគ្រោះ ទឹកស្អាត បណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយការងារធ្វើជាដើម។ល។ គឺជាបង្អែករបស់ជនរួមជាតិ។ ពិសេសគឺការខិតខំឈានឡើង ប្រឹងធ្វើការរកស៊ី ម្ល៉ោះហើយពេលបានរដ្ឋឧបត្ថម្ភទុនគ្រួសារជនជាតិភាគតិចប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាព និងរៀនមុខរបរ។ ផ្តើមពីនោះ ជីវភាពជនរួមជាតិភាគតិចក្នុងស្រុកមានការរីកចម្រើនជាលំដាប់ តំបន់ជនបទមានជនរួមជាតិខ្មែររស់នៅកុះករមានការវិវឌ្ឍជាវិជ្ជមាន ការផលិតកម្ម កសិកម្ម បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ក្នុងតំបន់ជនរួមជាតិកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អត្រាគ្រួសារធូរធារកើនឡើងជារៀងរាល់ឆ្នាំ ផ្តើមពីនោះ គ្រួសារក្រីក្រត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ស្ថានភាពសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមមានភាពលំនឹង។ តាមស្ថិតិរបស់ស្រុក ឆ្នាំ២០១៩ គ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចថយចុះជិត៤%៕
ហាថាញ់-មុនី