បងត្រឹងសារិន្ទ កើតខែតុលា ឆ្នាំ១៩៧៥ នៅភូមិថើយហឺវ ឃុំដុងហ៊ីប ស្រុកថើយឡាយ ក្រុងកឹងធើ។ ជាអ្នកខ្នះខ្នែងធ្វើការរកស៊ី ចេះយកចិត្តទុកដាក់ដល់មាមីងនៅភូមិផងរបងជាមួយ ម្ល៉ោះហើយគាត់បានប្រជាជនជឿទុកចិត្ត រួចបោះឆ្នោតតែងតាំងជាអ្នកមានប្រជាប្រិយរបស់ភូមិនៅឆ្នាំ ២០១៩ ។
បង ត្រឹងសារិន្ទ
កំពុងស្ថិតក្នុងរដូវក្ដៅ ហើយជាចំណុចខ្ពស់នៃរដូវប្រាំង ហេតុនោះ រយៈពេលនេះ បងសារិន្ទ ភាគច្រើនគឺនៅវាលស្រែ។ ព្រោះហេតុនោះ ទោះជាយើងខ្ញុំបានណាត់មុនក៏ដោយ ប៉ុន្តែនៅតែមិនជួបគាត់។ គួរណាស់តែមកផ្ទះជួបយើងខ្ញុំនៅឯផ្ទះ ប៉ុន្តែគាត់បែរជាណាត់ជួបនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនឃុំទៅវិញ ដើម្បីងាយស្រួលទាំងសងខាង។ ពីព្រោះគាត់កំពុងតែប៉ូមទឹកបញ្ចូលស្រែ មិនអាចទុកម៉ាស៊ីនចោលយូរបាន។
បងសារិន្ទ ជាអ្នកមិនសូវនិយាយស្តី ប៉ុន្តែបើនិយាយពីការធ្វើស្រែ និងភាពផ្លាស់ថ្មីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្ត គាត់មានស្មារតីរីករាយភ្លាម។ បងសារិន្ទ ឱ្យដឹង៖ “កាលពីខ្ញុំនៅក្មេង ផ្លូវគមនាគមន៍ធ្វើដំណើរទៅមកលំបាកណាស់ គ្រួសារក្រីក្រ បងប្អូនក៏ច្រើន ម្ល៉ោះហើយចាំបាច់ត្រូវឈប់រៀនពាក់កណ្តាលការ។ ព្រោះហេតុនោះ ទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំប្តេជ្ញាមិនឱ្យកូនប្រុសទាំង២នាក់ឈប់រៀនឡើយ។ ខ្ញុំទើបទិញម៉ូតូ១គ្រឿងទំហំស៊ីឡាំង៥០CC ទុកសម្រាប់កូនទៅរៀននៅថើយឡាយ”។
តាមប្រសាសន៍បង ង្វៀនវ៉ាន់ម៉េន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងហ៊ីប៖ បងសារិន្ទ ជាអ្នកមានប្រជាប្រិយវ័យក្មេងមួយរូបក្នុងចំណោមអ្នកមានប្រជាប្រិយរបស់ភូមិភាគ។ ប្រការនោះសឱ្យឃើញថា ប្រជាជននៅភូមិថើយហឺវ តែងជឿទុកចិត្តលើគាត់ ទើបបោះឆ្នោតជ្រើសរើសគាត់។ ពេលយើងខ្ញុំសាកសួរអំពីមូលហេតុ បងសារិន្ទ ឱ្យដឹង៖ “តាមពិតទៅ ខ្ញុំគ្រាន់តែធ្វើនូវអំពើដែលខ្ញុំយល់ថាគប្បីធ្វើទេ ពេលអ្នកណារកជួយធ្វើការអ្វី ខ្ញុំតែងទៅជួយដោយអស់ពីចិត្ត បើឃើញចាស់ៗគ្មានទីពឹង ខ្ញុំក៏ចលនាឧបត្ថម្ភអង្ករ ពេលរដ្ឋធ្វើផ្លូវ ខ្ញុំក៏ចូលរួមជាកម្លាំងពលកម្ម បរិច្ចាគដី ផលដំណាំ។ល។ ចំណែកស្រែ ចម្ការ បើខ្ញុំចេះអ្វីក៏ប្រាប់មាមីងធ្វើតាម ដើម្បីរដូវកាលមានអំណោយផលដូចខ្ញុំដែរ។
បងសារិន្ទ ផ្តើមពីមនុស្សម្នាក់រកស៊ីចិញ្ចឹមគ្រួសារដោយរបរដាក់លូស្បៃមុងចាប់ត្រី សន្សឹមៗគាត់សន្សំសំចៃទិញដីស្រែបាន១០កុង និងជួលដីស្រែធ្វើបន្ថែម១០កុងទៀត។ ទោះជាមានស្រែ ប៉ុន្តែគាត់នៅតែទៅដាក់លូស្បៃមុងដើម្បីរកប្រាក់ចំណូលបន្ថែម។ បងសារិន្ទ ឱ្យដឹង៖ “ឪពុកខ្ញុំតែងនិយាយថា ខ្ញុំកើតនៅឆ្នាំដែលប្រទេសជាតិ បានរំដោះឯកភាពមាតុភូមិ ម្ល៉ោះហើយរស់នៅយ៉ាងណាឱ្យស័ក្តិសមជាមួយនឹងការពលីកម្មរបស់បុព្វបុរស។ ខ្ញុំគ្មានលក្ខណៈរៀនសូត្របានជោគជ័យដូចគេ ម្ល៉ោះហើយខ្ញុំខិតខំរស់នៅឱ្យបានល្អ។ ពីព្រោះខ្ញុំគិតថា ការទទួលខុសត្រូវជាពលរដ្ឋល្អម្នាក់ ក៏ជាការបង្ហាញនូវទឹកចិត្តរបស់អ្នកកើតឆ្នាំ១៩៧៥ ដែរ”៕
ហាថាញ់-វិមាន