បុណ្យអកអំបុក ឬថ្វាយព្រះច័ន្ទ ជាបុណ្យប្រពៃណីធំមួយក្នុងបណ្តាបុណ្យទាំងបីប្រចាំឆ្នាំរបស់ជនរួមជាតិខ្មែរ ប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីខែកត្តិក ជារៀងរាល់ឆ្នាំ។
សម្ដែងឡើងវិញពិធីអកអំបុក(ថ្វាយព្រះច័ន្ទ) នាឱកាសសប្ដាហ៍វប្បធម៌ ទេសចរណ៍-មហោស្រព ម្ហូបអាហារណាមបូ ផ្សារភ្ជាប់នឹងពិធីអកអំបុកនៅខេត្តត្រាវិញឆ្នាំ២០១៨។
ពិធីអកអំបុកនាឱកាសសប្ដាហ៍ វប្បធម៌ ទេសចរណ៍-មហោស្រពម្ហូបអាហារណាមបូ ផ្សារភ្ជាប់នឹងពិធីអកអំបុកខេត្តត្រាវិញឆ្នាំ២០១៨នៅស្រះគូ។
បុណ្យនេះមានអត្ថន័យជាច្រើនយ៉ាង៖ តាមទស្សនៈរបស់បុរាណាចារ្យខ្មែរ ព្រះចន្ទជាម្ចាស់ឬជាតំណាងធាតុទឹកនិងធាតុដីគ្រប់គ្រង រដូវផលក្នុងឆ្នាំ ម៉្លោះហើយបណ្តាដំណាំទាំងនោះ មានដូច ស្រូវ ចេក អំពៅ ដំឡូង ដូង ត្រាវ រុន ម្នាស់ ក្រូច។ល។ ផលដំណាំមានមកដោយប្រជាកសិករបានដាំដុះលើទឹក ដី ហេតុនេះហើយនៅពេលចុងរដូវកាលផលិត គេយកកសិផលនៃដំណាំទាំងនោះទៅសែនថ្វាយដល់ព្រះច័ន្ទ ដើម្បីជាកិច្ចសម្តែងនូវការដឹងគុណ។
សម្ភារៈសម្រាប់រៀបចំតុបតែង គេយកឈើឬ ប្ញស្សី២ដើម ដោតសងខាងតុឬគ្រែធ្វើជាសរសរបង្គោល មួយដើមចងទទឹងភ្ជាប់ទៅនឹងសរសរបង្គោលទាំងពីរនោះ យកធាងចេកពីរធាងចៀរស្លឹកចេញទុកតែចុងធាង ចិតគល់ធាងបត់ធ្វើក្បាលសេះ រួចយកទៅចងព្យួរនឹងឈើទទឹងនោះ ម្ខាងមួយ; យកម្លូរ២៤ស្លឹក រមូរចងជាពីរខ្សែ ក្នុងមួយខ្សែៗមាន១២រមូ រួចយកទៅចងបន្តោកចុះនៅនឹងឈើទទឹងនោះ ម្ខាងមួយខ្សែ; ផ្លែស្លា៧ ផ្លែចិតសំបកម្ខាងបន្តិចធ្វើជាស្លាបកន្លង់រួចចងជាខ្សែ ចងបន្តោកនៅនឹងឈើទទឹងនោះ និងទៀន៣ដើម បិតនៅលើឈើទទឹងនោះត្រង់ចំកណ្តាល។ គេយកតុ ឬ គ្រែ មករៀបតម្កល់គ្រឿងដង្វាយ មានដូច៖ អំបុក ចេក ដូង ដំឡូង ត្រាវ រុន អំពៅ និងផ្លែឈើផ្សេងៗ ជាផល្លានុផលដែលគេបានដាំដុះលើផែនដី និងគ្រឿងសក្ការៈមានទៀន ធូប ភ្ញី ផ្កា។ល។ លុះព្រះច័ន្ទរះពេញវង់បញ្ចេញរស្មីភ្លឺស្រឡះហើយ ព្រឹទ្ធាចារ្យក្នុងគ្រួសារក៏កោះហៅកូនចៅទាំងអស់គ្នា ក្នុងគ្រួសារចូលមកអុជទៀន ធូបជាប្រទីបជ្វាលាថ្វាយព្រះច័ន្ទ មានបួងសួងសូមឲ្យបានសេចក្តីសុខចម្រើនគ្រប់ប្រការ ដំណាំដាំដុះ ស្រែចម្ការក្នុងឆ្នាំថ្មីឲ្យបានកើតកាលវាលគុម្ព ។ លុះរួចពីពិធីថ្វាយព្រះច័ន្ទចប់សព្វគ្រប់ហើយព្រឹទ្ធាចារ្យក៏ក្រោកឡើងឈរចាប់យកអំបុក ចេក ដូង ដំឡូង ត្រាវ ។ល។ មួយមុខបន្តិចៗដាក់ក្នុងទូកដៃ រួចហៅក្មេងមកបង្អកចូលក្នុងមាត់ ព្រមទាំងយកដៃម្ខាងគក់ខ្នងបន្តិចៗ ហើយសួរថា ចៅចង់បានអ្វី? កាលណាក្មេងឆ្លើយរួច ព្រឹទ្ធាចារ្យត្រូវពន្យល់ឬបា្រប់ថាៈ បើចៅចង់បានដូច្នោះ ចូរចៅខិតខំប្រឹងប្រែង ចៅនឹងបានសម្រេចដូចបំណងប្រាថ្នាពុំខានឡើយ។
ផ្តើមពីអត្ថន័យដូចបានពោលខាងលើ ជារៀងរាល់ឆ្នាំ ជនរួមជាតិខ្មែរតែងរៀបចំពិធីថ្វាយព្រះច័ន្ទ បណ្តែតប្រទីប បង្ហោះគោម ប្រណាំងទូក-ង ក្នុងគោលបំណងសម្តែងនូវកាយវាចាចិត្តចំពោះព្រះច័ន្ទដែលជាម្ចាស់ទឹកម្ចាស់ដី ដែលយើងទាំងអស់គ្នាបានដាំដុះ ភ្ជួររាស់ កាប់គាស់ ជីក កកាយនៅលើទឹកដីនេះ និងសូមព្រះច័ន្ទជាម្ចាស់ទឹកម្ចាស់ដី លោះលាត្រាប្រណីអភ័យនូវទោសានុទោសដើម្បីសេចក្តីសុខចម្រើនដល់យើងទាំងអស់គ្នា៕
ទីទុយ