មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/02/2019 - 15:29

អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​ និង​សង្គម

មក​កាន់​ឃុំ​ហ៊ឹង​ហោយ ស្រុក​វិញ​ឡើយ ខេត្ត​បាក​លីវ សួរ​រក​ព្រះ​តេជព្រះគុណ​តាំង​សាវង្ស ព្រះ​ចៅ​អ​ធិ​ការ​វត្ត​ខ្វែង​ប​បែល​ចាស់​ មា​មីង​ខ្មែរ​អ្នកណា​ក៏​ស្គាល់​ និង​គោ​រព​រាប់​អាន​​ទាំង​អស់​។ ពី​ព្រោះ​ ព្រះ​អង្គ​តែង​គិត​គូរការ​ងារ​សាសនា​និង​សង្គម​ជា​និច្ច។

​ព្រះ​តេជ​ព្រះ​គុណ​តាំង​សា​វង្ស​ ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​ប​បែល​ចាស់​។

កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​ខ្វែង​ប​បែល​ចាស់ ចាប់​ពីឆ្នាំ​១៩៧៨រ​ហូត​ដល់​សព្វ​ថ្ងៃ ព្រះ​តេជ​ព្រះ​គុណ​តាំង​សា​វង្ស​ តែង​យក​ព្រះ​ទ័យ​គិតគូរ​ក​សាង​វត្ត​អា​រាម​បាន​សម​រម្យ​។ បច្ចុប្បន្ន ទាំង​ឧប​ដ្ឋាន​សា​លា កុដិ ព្រះ​វិ​ហារ ខ្លោង​ទ្វារ​។ល។ ក​សាង​សម្រេច​ជា​ស្ថា​ពរ​។ ព្រះ​តេជ​ព្រះគុណ​តាំង​សា​វង្ស​ មាន​ថេរ​ដី​កា​៖ “កាល​នោះ វត្ត​ក្រ​លំ​បាក​ណាស់​។ នៅពេល​ជីវ​ភាព​​មា​មីង​បាន​ធូរ​ធារ​គ្រាន់​បើ មា​មីង​ក៏​បាន​ខ្នះ​ខ្នែង​រួម​វិ​ភាគទាន​ក​សាង​វត្ត​អា​រាម​។ ផ្តើម​ពី​នោះ​ អា​ត្មា​​ភាព​ចាប់​ផ្តើម​ផ្តុំ​កម្លាំង​  គិត​គូរការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​”។

មុន​ពេល​សាង​ផ្នួស​ ព្រះ​តេជ​ព្រះ​គុណ​តាំង​សា​វង្ស រៀន​មិន​ទាន់​ចប់បឋម​សិក្សា​ផង​ ពេល​ចូលបួស​ទើប​មាន​ឱ​កាស​រៀន​សូត្រ​ធម៌​អាថ៌​វិ​ន័យ​។ អា​ស្រ័យ​ហេតុ​នោះ ព្រះ​អង្គ​តែង​ចាត់​ទុក​ការ​រៀន​​សូត្រ​ជា​បញ្ហាសំ​ខាន់​។ ចំ​ពោះ​ព្រះ​សង្ឃ​ដែល​បួស​រៀន​ក្នុង​វត្ត ព្រះ​អង្គ​បាន​បង្កលក្ខណ​សម្បត្តិ​ឲ្យ​ព្រះ​សង្ឃ​សិក្សា​ចំ​ណេះ​ទូ​ទៅ​និង​មាន​ជួល​ទោ​ចក្រយាន​យន្ត​ជូន​ដំ​ណើរ​ទៅម​ក​រៀង​រាល់​ថ្ងៃ​។  ពិ​សេស ​គឺ​រៀង​រាល់​ឆ្នាំ​ដល់​រ​ដូវ​វិស្សម​កាល​  វត្ត​​តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ចាប់​ពី​ថ្នាក់​ទី​១​ដល់ថ្នាក់​ទី​៤ ដោយ​មាន​សិស្ស​ខ្មែរ​មក​រៀន​ជាង​២០០​នាក់​។ ក្រៅ​ពី​នេះ សិស្ស​ណា​ដែល​មាន​ជីវ​ភាព​​គ្រួ​សារ​លំ​បាក​ ព្រះ​អង្គ​ឧបត្ថម្ភ​ទឹក​ប្រាក់ សៀវ​ភៅ ប៊ិច​។ល។ ជួយ​ប្អូន​ៗឆ្លង​កាត់​លំ​បាក​ ដើម្បី​រៀន​សូត្រ​បានល្អ​។ លោក​សើុង​ប៊ី​ លេ​ខា​សា​ខា​បក្ស​ ភូមិ​ខ្វែង​ប​បែល​ ឲ្យ​ដឹង​​៖ “ព្រះ​តេជព្រះ​គុណ​តាំង​​សា​វង្ស តែង​ខ្នះ​ខ្នែង​ទាំង​ការ​ងារ​សាសនា និង​ការ​ងារសង្គម​ ម្ល៉ោះ​ហើយ​មា​មីង​ពុទ្ធ​បរិ​ស័ទ​និង​រដ្ឋ​​អំ​ណាច​ភូមិ​ភាគ​គោ​រពរាប់​អាន​ព្រះ​អង្គ​ណាស់។​ នៅ​ក្នុង​វត្ត ព្រះ​អង្គ​តែង​អប់​រំ​ព្រះ​សង្ឃ​ប្រតិ​បត្តិតាម​ធម៌​វិ​ន័យ​។ អស់​ពី​ព្រះ​ទ័យ​ផ្សព្វ​ផ្សាយ​ អប់​រំ​មា​មីង​​រស់​នៅ​អនុ​វត្តតាម​ច្បាប់​ និង​ជំរុញ​ទឹក​ចិត្ត​មា​មីង​ខំ​ប្រឹង​ធ្វើ​ការ​រក​ទ​ទួល​ទាន​ជា​ដើម​។ ជា​ពិ​សេស ព្រះ​អង្គ​បាន​ចលនា​សប្បុ​រស​ជន​ ពុទ្ធ​ប​រិ​ស័ទ​ ក​សាង​ផ្លូវជន​បទ​បាន​ជាង​១គ.ម​ ស្ពាន​បេ​តុង​ សង់​ផ្ទះ​មេត្តា​ធម៌​ ជូន​អង្ករ​ពី​២-៤​តោនដល់​អ្នក​ក្រី​ក្រ​។ល។ អា​ស្រ័យ​ការ​ខ្នះ​ខ្នែង​របស់​ព្រះ​អង្គ​  ក៏​បាន​រួមចំ​ណែក​លើក​កម្ពស់​ប្រ​ជា​បញ្ញា​នៅ​ភូមិ​ខ្វែង​ប​បែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ច្រើន​ឡើង​ ហើយ​១៥​ឆ្នាំ​បន្ត​បន្ទាប់​សម្រេច​កិត្តិ​នាម​ជា​ភូមិ​​វប្បធម៌​ទៀត​ផង​”។

តម្លា​ភាព​ក្នុង​ការ​គ្រប់​គ្រង​​ចំ​ណូល​ចំ​ណាយ​ ព្រះ​តេជ​ព្រះ​គុណ​តាំង​សាវង្ស​ ក៏​បាន​សប្បុ​រស​ជន​និង​ពុទ្ធ​ប​រិ​ស័ទ​ជឿ​ទុក​ចិត្ត​ជា​និច្ច​។ ម្យ៉ាង​ទៀត បច្ច័យដែល​ពុទ្ធ​ប​រិ​ស័ទ​ចូល​កុ​ស​​ល​ ព្រះ​អង្គ​ទុក​សម្រាប់​​កសាង​ ជួសជុល​វត្ត​អា​រាម​ និង​គិត​គូរ​ការ​ក​សាង​សំ​ណង់​បម្រើ​ផល​ប្រ​យោជ​ន៍​ក្នុង​ភូមិ​ស្រុក​និង​ការ​រៀន​សូត្រ របស់​ព្រះ​សង្ឃ​។ ព្រះ​អង្គ​គិត​ថា “អ្នក​មាន​កម្រិត​វិ​ជ្ជា​​ខ្ពស់​ មាន​សីលធម៌​ល្អ​ នោះ​នឹង​មា​ន​ប្រ​យោជន៍​ដល់​សង្គម​និង​ភូមិ​ស្រុក​។ល។  អា​ស្រ័យ​​ហេតុ​នោះ នៅ​ពេល​កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ អា​ត្មា​ភាពតែង​លើក​ទឹក​ចិត្ត​ពុទ្ធ​បរិ​ស័ទ​ត្រូវ​​គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ ព្រម​ទាំងផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ជា​រឿយ​ៗ ដើម្បី​ពុទ្ធ​ប​រិ​ស័ទជ្រាប​ច្បាស់​។ ពិ​សេស គឺ​អា​ត្មា​​ភាព​បង្រៀន​អក្សរ​ខ្មែរដោយ​ផ្ទាល់​ និង​អប់​រំ​កូន​ចៅ​ខ្មែរ​យល់​ដឹង​ពី​សី​ល​ធម៌​នៃ​ការ​រស់​នៅ ទ្រឹស្ដី​ព្រះ​ពុទ្ធ​សាស​នា​ជា​ដើម​។ សព្វ​ថ្ងៃ​នៅ​ពេល​ឃើញ​ មា​មីង​យក​ចិត្តទុក​ដាក់​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ ខិត​ខំ​ធ្វើ​ការ​រក​ទទួល​ទាន​ និង​រ​ស់​នៅសាម​គ្គី​គ្នា អា​ត្មា​ភាព​មាន​ការ​ត្រេក​អរ​ណាស់​។ ពិ​សេស ​គឺ​រឹត​តែ​ត្រេក​អរនៅ​ពេល​បាន​រដ្ឋ​អំ​ណាច​​ឲ្យ​តម្លៃ​ភូមិ​ខ្វែង​​បបែល​​មាន​កម្រិត​ប្រ​ជា​បញ្ញាខ្ពស់​បំ​ផុត​ក្នុង​ឃុំ​ដូច្នេះ​ ដោយ​មាន​កូន​ចៅ​ខ្មែរ​បញ្ចប់​ម​ហា​វិ​ទ្យា​ល័យ អ​នុ​ម​ហា​វិ​ទ្យា​ល័យ ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ជាង​២០០​នាក់”​​- ព្រះ​តេជ​ព្រះគុណ​តាំង​សាវ​ង្ស មាន​ថេរ​ដី​កា​ដោយ​រីក​រាយ​ដូច្នេះ​ ៕

           លី​ធាន​-លី​សៀ

ចែករំលែកអត្ថបទ