ភូមិថើយទ្រឿង១ ឃុំថើយស្វឹន ស្រុកកើ-ដ ក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅប្រមាណ២៩០គ្រួសារក្នុងចំនួន៣៧៦គ្រួសារទូទាំងភូមិ។ ចាប់ពីដើមឆ្នាំ២០១៨មកទល់បច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារចំនួន៧០បានចាកផុតពីភាពក្រីក្រក្នុងចំណោមគ្រួសារក្រីក្រទាំង៩០។ តួលេខដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងរវៀសរវៃនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ជួយឲ្យគ្រួសារក្រីក្រឈានឡើងក្នុងជីវភាព។
គ្រួសារមីងថាច់ធីស្វាន់ រីករាយក្នុងផ្ទះថ្មី។
ឆ្នាំ២០១៨ គ្រួសារមីងថាច់ធីស្វាន់ ជនជាតិខ្មែរទទួលបានដំណឹងល្អជាច្រើន។ នោះគឺ ៖ ក្រោយពីប៉ុន្មានឆ្នាំដែលលំបាកវេទនា គ្រួសារមីងក៏បានរួចចាកផុតពីភាពក្រីក្រ ហើយនៅខែវិច្ឆិកា ឆ្នាំ២០១៨នេះ ផ្ទះមហាសាមគ្គីអាស្រ័យរដ្ឋអំណាចភូមិភាគប្រគល់ជូន ក៏សង់បានសម្រេចរួចរាល់។ មីងថាច់ធីស្វាន់ ឲ្យដឹង៖ “ជំនាន់ជីដូនជីតា ម្ដាយឪពុកទាំងសងខាងមិនដែលសង់បានផ្ទះត្រឹមត្រូវទេ។ អាស្រ័យរដ្ឋឲ្យបុលទុនចិញ្ចឹមជ្រូកនិងសង់ផ្ទះឥដ្ឋជូន ហេតុនោះខ្ញុំត្រែកអរណាស់ ! ” ។
ដូចជាគ្រួសារមីងថាច់ធីស្វាន់ដែរ គ្រួសារជនជាតិខ្មែរនៅក្នុងភូមិភាគច្រើនគឺគ្មានដីផលិត ត្រូវទៅធ្វើការឈ្នួលដើម្បីជីវភាព។ អាស្រ័យហេតុនេះហើយ ការស្វែងរកនិងជូន”សន្ទូច” ដល់គ្រួសារទាំងនេះ ត្រូវបានភូមិភាគយកចិត្តទុកដាក់។ លោកម៉ាយទ្រឿង អនុប្រធានភូមិ ឲ្យដឹង៖ ទូទាំងភូមិមានជនរួមជាតិខ្មែរជិត៣៩០គ្រួសារហើយភាគច្រើនជាគ្រួសារក្រីក្រ។ ក្រៅពីការងារផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយរួមអំពីលំនៅឋាន ដីសង់លំនៅឋាន។ល។ នៅទាំងយោងទៅតាមស្ថានភាពគ្រួសារនីមួយៗ គណៈកម្មការប្រជាជនភូមិលើកទឹកចិត្តមាមីងបុលទុនដាំដំណាំរួមផ្សំ ចិញ្ចឹមជ្រូក ចិញ្ចឹមគោជាដើម។ មិនតែប៉ុណ្ណោះ ភូមិភាគក៏បានចលនានិងឧទ្ទេសនាមដល់អ្នកនៅក្នុងអាយុពលកម្មទៅធ្វើការនៅក្រុងហូជីមិញ ប៊ិញយ៉ឿង ឡឹមដុង។ល។ ដើម្បីរកប្រាក់ចំណូលបន្ថែម។
បងស្រីយ័ញធីហៀន ឲ្យដឹង៖ “ប៉ុន្មានឆ្នាំមុន ដោយបានការឧទ្ទេសនាមរបស់ពូៗ បងៗក្នុងភូមិ ទើបប្ដីប្រពន្ធខ្ញុំផ្ញើកូននឹងម្ដាយ ដើម្បីទៅធ្វើការនៅប៊ិញយ៉ឿង ឡឹមដុង។ល។ បេះកាហ្វេ ពុះគ្រាប់ស្វាយចន្ទី។ល។ បានប្រាក់ចំណូលតិចតួច ប៉ុន្ដែប្ដីប្រពន្ធខ្ញុំក៏ប្រិតសំចៃនិងផ្ញើមកជួយគ្រួសារខ្លះដែរ”។ រៀបការមិនយូរប៉ុន្មាន ប្ដីប្រពន្ធបងស្រីយ័ញធីហៀន ក៏ចេញនៅដោយឡែក។ ព្រោះម្ដាយឪពុកទាំងសងខាងសុទ្ធតែក្រ គ្មានដីសង់ផ្ទះ ម៉្លោះហើយប្ដីប្រពន្ធបងស្រីសូមស្នាក់នៅផ្ទះម្ដាយបង្កើត។ ជីវភាពកាន់តែលំបាកពេលដែលកូនទាំងពីរកើតមកជាបន្តបន្ទាប់។ “នៅភូមិស្រុកយូរៗទើបមានការងារធ្វើម្ដងម្កាល ពីព្រោះគ្រួសារណាក៏ធ្វើការងារឈ្នួលទាំងអស់។ បើមិនទៅធ្វើការនៅស្រុកឆ្ងាយទេ ប្រហែលជាភាពក្រីក្រនៅតែតាមប្រកិតប្ដីប្រពន្ធខ្ញុំជានិច្ច!” - បងស្រីយ័ញធីហៀន ឲ្យដឹងដូច្នេះ។
ឆ្នាំ២០១៧ ភូមិថើយទ្រឿង១ មានគ្រួសារចាកភាពក្រីក្រចំនួន១០០គ្រួសារ។ ចាប់ពីដើមឆ្នាំ២០១៨មកទល់បច្ចុប្បន្ន ភូមិមានគ្រួសារចាកផុតពីភាពក្រីក្រចំនួន៧០គ្រួសារ។ លោកម៉ាយទ្រឿង ឲ្យដឹង៖ លទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នេះ គឺអាស្រ័យភូមិភាគអនុវត្តរវៀរវៃនូវគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនរួមជាតិខ្មែរ។ ពិសេស ទឹកប្រាក់ដើមទុនដែលមាមីងបុលតែងមានការពិនិត្យតាមដាន ដើម្បីធានាប្រើប្រាស់ចំគោលដៅ។ល។ “បច្ចុប្បន្ន ទូទាំងភូមិនៅគ្រួសារខ្មែរក្រីក្រចំនួន២៥គ្រួសារ យើងខ្ញុំបានពិនិត្យជម្រើសនិងឧបត្ថម្ភដល់គ្រួសារចំនួន១០ ដែលខិតខំធ្វើការរកទទួលទាន ក្នុងមួយគ្រួសារៗទទួលបានជ្រូកមេ២ក្បាល ក្នុងមួយក្បាលៗគិតជាតម្លៃពី១,២ដល់១,៥លានដុង។ សង្ឃឹមថា ពេលហ្វូងជ្រូកកើតកូន គ្រួសារទាំងនេះនឹងបានចាកផុតពីភាពក្រីក្រ ហើយនេះគឺជាមូលដ្ឋានដើម្បីយើងខ្ញុំបន្តឧបត្ថម្ភដល់គ្រួសារក្រីក្រដទៃទៀត។ ភូមិថើយទ្រឿង១ ខិតខំធ្វើយ៉ាងណាដើម្បីគ្មានគ្រួសារណាក្រ និងក្រឡើងវិញក្នុងឆ្នាំ២០១៩” - លោកម៉ាយទ្រឿង ឲ្យដឹងដូច្នេះ៕
ថាញ់ឡុង-ទីទុយ