អាស្រ័យមានគោលនយោបាយឧបត្ថម្ភទាន់ពេលរបស់រដ្ឋ បានជាជីវភាពរបស់ជនរួមជាតិខ្មែរនៅស្រុកទិញបៀង ខេត្តអាងយ៉ាងមានភាពប្តូរផ្លាស់យ៉ាងច្បាស់ក្រឡែត។
ហេដ្ឋារចនាសម្ព័ន្ធនៅទីប្រជុំជនទិញបៀង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពសមរម្យ។
លោកចៅគឹមបា ប្រធានការិយាល័យជនជាតិស្រុកទិញបៀង ឲ្យដឹង៖ ជនរួមជាតិខ្មែរនៅទីនេះ ភាគច្រើនរស់នៅជិតមណ្ឌលទេសចរណ៍ បានជាមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច អាស្រ័យការផ្គត់ផ្គង់សេវាទេសចរណ៍។ បងស្រីនាងសុខច័ន្ទ នៅឃុំអាងហាវ ពីមុនស្ថានភាពគ្រួសារជួបការលំបាក បងស្រីឲ្យដឹង៖ “ពេលបានរដ្ឋផ្តល់បុលទុនផ្លាស់ប្តូរមុខរបរ នាងខ្ញុំក៏បើកហាងភេសជ្ជៈនៅមុខផ្ទះ ថែទាំកូនបណ្តើរលក់ដូរបណ្តើរ។ ពេលព្រឹក នាងខ្ញុំលក់អាហារស្រស់ស្រូប ចំណែកពេលរសៀលនិងយប់ខ្ញុំលក់នំចាក់អំបែងនិងនំគ្រក់។ នាងខ្ញុំកិនម្សៅដោយខ្លួនឯង ម្ល៉ោះហើយនំលក់ដោយតម្លៃសមរម្យ ទាក់ទាញមាមីងក្នុងភូមិនិងភ្ញៀវទេសចរជិតឆ្ងាយមកជួយទិញក៏ច្រើន ទើបនាងខ្ញុំរកបានប្រាក់ចំណូលលំនឹងបង្គួរ”។ ក្រោយពីរដ្ឋសង់ជូនផ្ទះមហាសាមគ្គី គ្រួសារបងស្រីនាងសុខច័ន្ទ គ្មាននៅបារម្ភអំពីកន្លែងស្នាក់នៅគិតតែខំប្រឹងរកស៊ីដើម្បីចាកផុតពីភាពក្រីក្រតែប៉ុណ្ណោះ។ សព្វថ្ងៃ ប្តីរបស់បងស្រីលែងទៅធ្វើការឈ្នួលដូចពីមុនទៀត អាស្រ័យបានបុលទុនពីធនាគារគោលនយោបាយសង្គមទិញបានម៉ូតូសម្រាប់ឌុបភ្ញៀវទេសចរ។ រដូវសែនថ្វាយដូនចួសឺកន្លង ហើយប្តីរបស់បងស្រីរកបានប្រាក់ចំណូលខ្ពស់បង្គួរ អាស្រ័យចំនួនភ្ញៀវទេសចរណ៍កើនឡើង។ អាស្រ័យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើន ហេតុនោះអស់ពីរដូវទេសចរណ៍ ប្តីរបស់បងស្រីក៏ផ្លាស់មកឌុបទំនិញ យកឈ្នួលឲ្យឈ្មួញកណ្តាលដែលទិញផ្លែឈើនៅលើភ្នំយកទៅលក់ចែកចាយនៅតាមជើងភ្នំ។ អាស្រ័យហេតុនោះ បានជាគ្រួសារបងស្រីនាងសុខច័ន្ទបានចាកផុតពីភាពក្រីក្រ។
ជនរួមជាតិខ្មែរនៅឃុំវាំុងយ៉ាវ ក៏មានជីវភាពលំនឹងផ្តើមពីមុខរបរត្បាញសំពត់ចរបាប់លក់ឲ្យភ្ញៀវទេសចរផងដែរ។ លោកត្រឹងក្វឹកថាញ់ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឲ្យដឹង៖ “គណៈជនជាតិ បានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តកសាងអាគារដាក់តាំងផលិតផលសំពត់ចរបាប់របស់ភូមិរបរត្បាញ សំពត់វាំុងយ៉ាវ នៅភូមិសិរីស្គោត។ ព្រមជាមួយនោះ ការអនុវត្តកម្មវិធី១៣៥ ដងផ្លូវចាក់កៅស៊ូចុះទៅតាមភូមិ បានជាមានភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងទិញផលិតផលយ៉ាងកុះករ។ ជួនកាលអាគារដាក់តាំងលក់អស់ផលិតផលរលីង អាស្រ័យភ្ញៀវទេសចរទិញ។ ផ្ដើមពីនោះ ជីវភាពគ្រួសារជាច្រើនមានការផ្លាស់ប្តូរនិងធូរធារជាងមុន”។ ដោយសារអង្កេតឃើញភ្ញៀវទេសចរដើរឆ្លងកាត់ផ្ទះរបស់ខ្លួនច្រើន ទើបបងស្រីនាងសុខផា បើកហាងលក់នំបញ្ចុកទឹកសម្លនៅនឹងផ្ទះ។ បងស្រីនាងសុខផា ឲ្យដឹង៖ “ខ្ញុំបានជ្រើសយកត្រីរ៉ស់ស្រែនិងបន្លែនៅភូមិដើម្បីស្លទឹកសម្លនិងធ្វើជារបោយ ម្ល៉ោះហើយក៏មានភ្ញៀវមកហូបយ៉ាងកុះករ។ នាងខ្ញុំលក់សម្លនំបញ្ចុកតែពេលព្រឹក ចំណែកពេលរសៀល នាងខ្ញុំត្រៀមបម្រុងសម្រាប់លក់ក្នុងថ្ងៃបន្ទាប់។ ក្រៅពីនោះ ថែមទាំងមានលក់ភេសជ្ជៈគ្រប់ប្រភេទ ថ្វីបើហាងតូចក៏ពិតមែន ប៉ុន្តែរកបានប្រាក់ចំណូលគ្រប់ចិញ្ចឹមជីវភាពផងដែរ”៕
ហាថាញ់ - សេរី