12/04/2018 - 10:04

លក្ខណៈ​ប្រ​ណីត​នៃ​វត្ត​ខ្មែរនៅ​ក្រុង​កឹង​ធើ

ទោះ​បី​ក្រុង​កឹ​ង​ធើ មិន​សូវ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដូច​ជា​ខេត្ត​នា​នា​ក្នុង​តំប​ន់ ប៉ុន្តែ​ជា​មួយ​នឹង​ទី​តាំង​ជា​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ​ក៏​មាន​វត្ត​ខ្មែរ​បុ​រាណ​ជា​ច្រើន ដែល​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរមក​ទស្សនា​យ៉ាង​កុះ​ករ​ដែរ​។

 វ​ត្ត​ពោ​ធិ​សំ​រោង​ ក្បែរ​ព្រែក​អូរ​ម៉ូង​គួរ​ជា​ទី​ម​នោ​រម្យ​។

វត្ត​ពោ​ធិ​សំ​រោង ស្ថិត​នៅក្បែរ​ព្រែក​អូរ​ម៉ូង​គួរ​ជា​ទី​ម​នោ​រម្យ គឺ​ជា​គោល​ដៅ​មក​ដល់​នៃ​ដំ​ណើរ​ស្វែង​យល់​មិន​អាច​ខ្វះ​បាន​ក្នុងចំ​ណោម​វត្ត​ខ្មែរ​នៅ​ក្រុង​កឹ​ង​ធើ​។ វត្ត​បាន​កសាង​នៅ​ឆ្នាំ​១៧៣៥ ដោយ​​ឈើ​ប្រក់​ស្លឹក​។ លុះ​ដល់​ឆ្នាំ​១៨៥៦ វត្ត​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​ប្រ​ភេទ​ឈើ​ដ៏​ប្រ​ណីត ដូច​ជា​សុក្រំ​ ផ្ចឹក​ស្រ​ឡៅ និង​ប្រក់​ក្បឿង​ស្រ​កា​នាគ​។ ក្រោយ​មក​ព្រះ​ឧបជ្ឈាយ៍​ព្រះ​នាម​ថាច់​ខៀន​ ព្រះ​ចៅ​អធិ​ការ​វត្ត ដំ​ណាក់​កាល​១៩៥០​-១៩៨៨​ បាន​ចាប់​ផ្តើម​ជួស​ជុល​វត្ត​អា​រាម​ឡើង​វិញ នៅ​ខែ​មិ​ថុនា​ ឆ្នាំ​១៩៥០ រហូត​ដល់​ឆ្នាំ​១៩៥២​ទើប​សម្រេច​រួច​រាល់​។ ដោយ​ឆ្លង​កាត់​តំ​ណ​ព្រះ​ឧបជ្ឈាយ៍​ ព្រះ​ចៅ​អ​ធិ​ការ​ជា​ច្រើន​ជំ​នាន់​ វត្ត​នៅ​តែ​រក្សា​បាន​ស្ថា​បត្យ​កម្ម​ដើម​រហូត​ដល់​សព្វ​ថ្ងៃ​។ វត្ត​នៅ​ក្បែរ​ផ្លូវ​ជាតិ​៩១​ មាន​ផ្ទៃ​ដី​ទំ​ហំ​ជាង​៨.៦០០ម​២ មាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន​ ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ​ នឹង​មាន​ភាព​ស្ងប់​ស្ងាត់​ណាស់​។ ពេល​ឈានចូល​ក្នុង​បរិ​វេណ​វត្ត ភ្ញៀវ​ទេស​ចរ​នឹង​មាន​អា​រម្មណ៍​ធូរ​ស្រាល​ ស្រ​ឡះ​ស្រ​ឡំ អា​ស្រ័យ​ខ្យល់​អា​កាស​បរិ​សុទ្ធ​ ធ្វើ​ឲ្យ​យើង​គេ​ទាំង​ឡាយ​បំ​បាត់​ អស់​នូវ​ភាព​កង្វល់​ក្នុង​ជីវ​ភាព​។

ប្រ​សិន​បើ​គ្មាន​ឱ​កាស​មក​កាន់​ខណ្ឌ​អូរ​ម៉ូង វត្ត​ពិទូ​ឃោស​រង្សី​ នៅ​ខណ្ឌ​និញ​កេវ ក៏​ជា​គោល​ដៅ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។ វត្ត​ពិ​ទូ​ឃោ​សរង្សី​ អ្នក​ខ្លះ​ហៅ​ថា​វត្ត​ក្រោយ​ បើ​ប្រែ​តាម​អត្ថ​ន័យ​ជា​ភា​សា​វៀត​ណាម មាន​ន័យ​ថា​វៀង​ក្វាង​។ នេះ ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​មាន​ព្រះ​វិ​ហារ​ដ៏​ស្កឹម​ស្កៃ​បំ​​ផុត​នៅ​តំ​បន់​ដី​តី​ដូ​។ វត្ត​គឺ​ជា​កន្លែង​ប្រ​ជុំ​ជីវ​កិច្ច​ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ ពុទ្ធ​ប​រិ​ស័ទ​ក្នុង​តំ​បន់​ដោយ​មាន​លក្ខណៈ​ល្អ​វិ​សេស​ខាង​វប្ប​ធម៌ និង​តម្លៃ​វិចិត្រ​សិស្បៈ​ដ៏​អស្ចារ្យ​របស់​ជន​ជាតិ​។ វត្ត​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍​ខាង​ផ្លូវ​ចិត្ត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ ព្រះ​វិ​ហារវត្ត​ពិ​ទូ​ឃោ​សរង្សី បាន​កសាង​៥​ជាន់ ជាន់​នី​មួយ​ៗ​ត្រូវ​បាន​រចនា​ក្បូរ​ក្បាច់​ដ៏​ល្អ​វិ​ចិត្រ​។ ជាន់​ទី​១​មាន​រចនា​រូប​ចម្លាក់​នាគ​ទាំង​គូ ព័ទ្ធ​ព័ន្ធ​តាម​រចនា​បថ​អង្គរ​ និង​ចម្កាក់ឆ្លា​ម​មក​រ​លេប​នាគ​ដ៏​វិ​ចិត្រ យក​លំ​នាំ​តាម​លក្ខណៈ​ព្រះ​ពុទ្ធ​សាស​នា និង​រឿង​ព្រេង​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ​។ ជាន់​ទី​២ មាន​ភាព​លេច​ធ្លោ​ដោយ​មាន​ព្រះ​ពុទ្ធ​បដិ​មា​៩​អង្គ ក្នុង​នោះ​មាន​ព្រះ​ពុទ្ធ​បដិ​មា​មួយ​អង្គ​ស្រោប​មាស​កម្ពស់​១,៧​ម៉ែត្រ​ ទំ​ហំ​មាឌ​១​ម៉ែត្រ​។ ជាន់​ទី​៣ ជា​កន្លែង​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ មាន​ក​ឋិន​កម្ម​ជា​ដើម​។ ជាន់​ទី​៤ ​គឺ​មាន​រចនា​ព្រះ​ពុទ្ធ​បដិ​មា​ដោយ​ស្ពាន់​​ទ្រង់​គង់ ក្រោម​ម្លប់​ពោធិ​ព្រឹក្ស​។ ជាន់​កំ​ពូល​ជា​កន្លែង​តម្កល់​ ព្រះ​សា​រី​រិក​ធាតុ​ព្រះ​សម្មា​សម្ពុទ្ធ​​សា​វក និង​ព្រះ​ត្រៃ​​បិ​ដក​។ ព្រះ​តេជ​ព្រះ​គុណ​លី​ហុង​ អនុ​ប្រ​ធាន​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​កឹ​ង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពិ​ទូ​ឃោស​រង្សី​ មាន​ព្រះ​ថេរ​ដី​កា៖ “វត្ត​បាន​មជ្ឈ​មណ្ឌល​ Unesco វប្ប​ធម៌​និង​ព័ត៌​មាន​សារ​គម​នា​គមន៍ទទួលស្គា​ល់​ជា “ក្រុម​១០០​នៃ​គោល​ដៅ​ទេស​ចរណ៍​វប្ប​ធម៌​ផ្លូវ​ចិត្ត​ នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ ឆ្នាំ​២០១៤” និង​ជាក​ន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​​នៅ​ក្នុង​និ​ង​ក្រៅ​ប្រ​ទេស​”។

វត្ត​ពិ​ទូ​ឃោ​ស​រង្សី​។

ចំ​ណែក​វត្ត​មុ​នី​រង្សី​ ក៏​ស្ថិត​នៅ​លើ​ភូមិ​សាស្រ្ត​ខណ្ឌ​និញ​កេវ​ដែរ បាន​កសាង​នៅ​ឆ្នាំ​១៩៤៨​។ សព្វ​ថ្ងៃ​វត្ត​នៅ​តែ​រក្សា​រចនា​ក្បូរ​ក្បាច់​តាម​ស្ថា​បត្យកម្ម​បុ​រាណ ល្អ​វិ​ចិត្រ​ក្រោយ​ពី​បាន​ជួស​ជុល​ជា​ច្រើន​លើក​។ វត្ត​​មុ​នី​រង្សី​ ស្ថិត​នៅ​លេខ​៣៦​ វិ​ថី​ហ្វា​ប៊ិញ សង្កាត់​អាង​គឺ ត្រង់​មជ្ឈ​មណ្ឌល​ក្រុង ម្ល៉ោះ​ហើយ​ទាក់​ទាញ​ភ្ញៀវ ទេស​ចរ​អន្តរ​ជាតិ​មក​ទស្សនា​យ៉ាង​កុះ​ករ​។  តាម​ថេរ​ដី​ការ​បស់​ព្រះ​តេជ​ព្រះ​គុណ​បញ្ញា​មុ​នី ត្រឹង​​សន អនុ​ប្រ​ធាន​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​មុ​នី​រង្សី​ វត្ត​បាន​កសាង​ឡើង​តាម​បែប​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ លាប​ពណ៌​មាស​លេច​ធ្លោ តំ​ណាង​ឲ្យ​សំ​ណាង​ល្អ​និង​ភា​ព​រុង​រឿង​។ តាម​ការ​កត់​ត្រា​ទុក​មក​ ព្រះ​វិ​ហារ​ចាប់​ផ្ដើម​កសាង​ពី​ឆ្នាំ១៩​៦​៤ (លើក​ទី​១) ដោយ​ស្នា​​ព្រះ​ហស្ថ​របស់​ព្រះ​ឧបជ្ឈាយ៍​ធម្ម​សុ​វណ្ណ​ត្ថេរ ថាច់​ចឿង​ និង​ត្រូវ​បាន​កសាង​បន្ថែម​នៅ​ខែ​ឧសភា ឆ្នាំ​២០​១០​។ មក​កាន់​វត្ត​មុ​នី​រង្សី​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ទស្ស​នា​នូវ​រចនា​ក្បូរ​ក្បាច់​តាម​បែប​អង្គរ​ ដោយ​បាន​កសាង​សំ​ណង់​រាយ​រង​ជា​ច្រើន​។ សំ​ណង់​សំ​ខាន់​ៗ រួម​មាន​៖ ព្រះ​វិ​ហារ សម​ណ​កុដិ រោង​បាយ​ សាល​ទទួល​ភ្ញៀវ ចេ​តិយ​ និង​ខ្លោង​ទ្វារ​រចនា​ក្បូរ​ក្បាច់​យ៉ាង​ល្អ​វិ​ចិត្រ​តាម​ប្រ​ពៃ​ណី​ជន​រួម​ជាតិ​ខ្មែរ​។

គូស​បញ្ជាក់​អំ​ពី​ស្ថាប​ត្យ​កម្ម​បុ​រាណ​របស់​វត្ត​មុ​នី​រង្សី​ សិប្ប​ករ​ឆ្នើម​លី​ឡេត ឲ្យ​ដឹង​៖ “វត្ត​បាន​កសាង​តាម​បែប​ស្ថា​បត្យ​កម្ម​អង្គរ ជញ្ជាំង​ពី​ក្រៅ​បិទ​ក្បាច់​ ឆ្លាក់​អណ្ដែត​រូប​ រា​ហូ កិន្នរ គ្រុឌ​ យក្ស​។ល។ ពេល​សម្លឹង​រូប​ភាព​នេះ គេ​អាច​សង្កេត​ឃើញ​ជំ​នឿ​ប្រ​ជា​ប្រិយ​ក្នុង​ការ​រស់​នៅ​តាម​ផ្លូវ​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​។ វត្ត​បាន​កសាង​ឡើង​បង្អែក​លើ​មូល​ដ្ឋាន​រចនា​ក្បូរ​​ក្បាច់​ខ្មែរ​ មាន​ដូច​៖ ក្បាច់​ភ្ញី​វល្លិ៍​ ក្បាច់​ភ្ញី​ទេស​ ភ្ញី​ភ្លើង​ ក្បាច់​អង្គរ​។ ទន្ទឹម​នឹង​នោះ វត្ត​បាន​កសាង​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ កំ​ណត់​យក​ទី​តាំង​មជ្ឈ​មណ្ឌល​ព្រះ​វិ​ហារ​ធ្វើ​ជា​មូល​ដ្ឋាន​ ដើម្បី​កំ​ណត់​ទ្រង់​ទ្រាយ​សំ​ណង់​​ផ្សេង​ៗ​ទៀត​របស់​វត្ត​។ ពី​មុន​ឪ​ពុក​របស់​ខ្ញុំ​គឺ​សិប្ប​ករ លី​ង៉ែត (ច្រើន​ហៅ​ថា​ជាង​រឿង​) បាន​កសាង​ខ្លោង​ទ្វារ​និង​ព្រះ​វិ​ហារ ចំ​ណែក​រូប​ខ្ញុំ​មាន​សំ​ណាង​ល្អ ដោយ​បាន​ព្រះ​ចៅ​អធិ​ការ​ជឿ​ទុក​ចិត្ត រួច​ប្រ​គល់​ឲ្យ​ខ្ញុំ​គូរ​ប្លង់​កសាង​សម​ណកុ​ដិ​របស់​វត្ត​។ ខ្ញុំ​បាន​ខិត​ខំ​រចនា​ក្បូរ​ក្បាច់​ដ៏​ល្អ​វិចិត្រ​លើ​ស្ថា​បត្យ​កម្ម​តាម​ប្រ​ពៃ​ណី​ខ្មែរ​ ញុា​ំង​ឲ្យ​វត្ត​មុ​នី​រង្សី​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្កឹម​ស្កៃទា​ក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នាកា​ន់​តែ​កុះ​ករ​”។​

នៅ​ក្រុង​កឹង​ធើ ក្រៅ​ពី​វត្ត​ដូច​បាន​ពោល​ខាង​លើ នៅ​មាន​វត្ត​ខ្មែរ​ជា​ច្រើនទៀត​ដូច​ជា​វត្ត​សិ​រី​វង្សា វត្ត​អម្ពា​វ័ន (ស្រុក​ថើយ​ឡាយ​) វត្ត​មុ​នី​ឧត្ត​មរង្សី​ វត្ត​សេតុ​ត្តរ  (ស្រុក​កើ​-ដ) និង​វត្ត​សាមគ្គី​មុ​នីមាស​ (ស្រុក​វិញ​ថាញ់)​។ល។ គឺ​ជា​គោល​ដៅ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ចង់​ស្វែង​យល់​ពី​វប្ប​ធម៌​ផ្លូវ​ចិត្ត​របស់​ជន​រួម​ជាតិ​​ខ្មែរ​កឹង​ធើ៕​

                              ហា​ថាញ់​-វិ​មាន​

 

 

 

ចែករំលែកអត្ថបទ