រយៈកាលកន្លង ចលនាកសិករប្រឡងប្រណាំងផលិតនិងធ្វើអាជីវកម្មពូកែ ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចនិងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសុកត្រាំង បំផុសចលនា បាននាំមកនូវប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ក្នុងនោះ មានកសិករខ្មែរ ឡឹមសែ នៅអនុសង្កាត់២ សង្កាត់៥ ក្រុងសុកត្រាំង តែងខិតខំឈានឡើងដោយឥតឈប់ឈរ ដោយមានទម្រង់រូបភាពរកស៊ីល្អៗជាច្រើន និងក្លាយជាគំរូកសិករផលិតនិងធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិមនៅឆ្នាំ២០១៧ ដោយកម្រិតប្រាក់ចំណូលជាង១ពាន់លានដុង/ឆ្នាំ។
លោកឡឹមសែ កំពុងថែទាំគោ។
លោកឡឹមសែ កើតនិងធំដឹងក្ដីក្នុងគ្រួសារកសិករខ្មែរមួយ លោករៀបការ នៅឆ្នាំ១៩៨៧ កាលនោះម្តាយឪពុកទាំងសងខាងចែកដីស្រែឲ្យបានបន្តិចបន្តួច។ ថ្មីៗនេះ យើងខ្ញុំបានជួបគាត់ គាប់ជួនគាត់ទើបមកពីរមូរចំបើង ដើម្បីលក់ឲ្យអ្នកចិញ្ចឹមគោ និងបណ្ដុះផ្សិតចំបើង។ គាត់ចាក់ទឹកតែអញ្ជើញយើងខ្ញុំពិសា រួចឲ្យដឹងដោយក្ដីរីករាយ៖ “ដើម្បីមានដីស្រែជាង១១០កុងនេះ ខ្ញុំបានឆ្លងកាត់ ការលំបាកនឿយហត់អស់ជាច្រើនឆ្នាំ ពីព្រោះខ្ញុំកើតនិងធំដឹងក្ដីនៅតំបន់ជនបទ រស់នៅបង្អែកលើរបរធ្វើស្រែចម្ការ ម្ល៉ោះហើយជីវភាពជួបលំបាកច្រើន។ ពីមុន អាស្រ័យប្រព័ន្ធធារាសាស្រ្តរាយរងមិនទាន់ អភិវឌ្ឍន៍ លក្ខណៈបង្កបង្កើនផលក៏លំបាកខ្លាំង ម្ល៉ោះហើយការផលិតមិនសូវបានផល”។ ផ្តើមពីគំនិតចង់ឈានឡើងធ្វើមាន គឺគ្មានវិធីណាផ្សេងក្រៅពីផ្លាស់ប្តូររបៀបរកស៊ី គឺមិនត្រូវផលិតស្រូវតែមួយមុខរហូតនោះទេ ត្រូវតែចេះគួបផ្សំអភិវឌ្ឍន៍ពិពិធកម្មកសិកម្ម ដើម្បីនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ផ្តើមពីនោះ ប្តីប្រពន្ធគាត់តែងខ្នះខ្នែងធ្វើការរកស៊ី ប្រើប្រាស់ប្រិតសំចៃ ដើម្បីមានដើមទុនពង្រីកទម្រង់ផលិតកម្ម។ ទន្ទឹមនឹងនោះ គាត់តែងស្រាវជ្រាវ រៀនសូត្រខាងបច្ចេកទេស ផលិតកម្ម អនុវត្តពូជស្រូវថ្មី ចូលរួមវគ្គជំរុញកសិកម្ម ដើម្បីបំពាក់ចំណេះដឹងបន្ថែម។ ឆ្លងតាមរយៈនោះ ជួយឲ្យគាត់មានទស្សនៈថ្មីខាងផលិតស្រូវ។ គាត់ក៏មិនអល់អែកក្នុងការបង្កើនរដូវផលិត ស្រូវពី២ដល់៣រដូវ/ឆ្នាំ គឺអាស្រ័យទៅតាមលក្ខណៈអាកាសធាតុនិងស្ថានភាពពិតរបស់ភូមិភាគ ទើបអនុវត្តការបង្កើនរដូវឲ្យបានសមស្រប និងបង្កើនបានប្រាក់ចំណូលជូនគ្រួសារគួរឲ្យកត់សម្គាល់។ ប្រាក់ចំណេញ ពីការធ្វើស្រែទាំងប៉ុន្មានគាត់យកទៅទិញដី។ ពេលរដ្ឋមានគោលការណ៍អភិវឌ្ឍន៍ទម្រង់រូបភាពវាលស្រែ គំរូធំគាត់ក៏កសាងវាលស្រែធំរបស់ខ្លួនដោយឡែក រួចចងសម្ព័ន្ធជាមួយនឹងកសិករក្នុងភូមិ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ប្រើប្រាស់គ្រឿងយន្តក្នុងការធ្វើស្រែ ព្រមទាំងសហការជាមួយនឹងហាងលក់សម្ភារៈកសិកម្ម ដើម្បីទិញនិងប្រើប្រាស់ផលិតផល កាត់បន្ថយចំណាយ បង្កើនប្រាក់ចំណេញ។ ចែករំ លែកអំពីបទពិសោធន៍របស់ខ្លួន លោកឡឹមសែ ឲ្យដឹង៖ “ជាកសិករមួយរូប យើងត្រូវដឹងដាំដំណាំអ្វី ចិញ្ចឹមសត្វអ្វី ដើម្បីសមស្របជាមួយនឹងលក្ខណៈធម្មជាតិរបស់ភូមិភាគ។ ម្យ៉ាងទៀត ត្រូវចេះធ្វើបច្ចុប្បន្នភាពព័ត៌មាន តម្លៃបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ដើម្បីនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច”។
ជាង៣០ឆ្នាំច្បាមស្រែចម្ការ លោកឡឹមសែ បានទទួលលទ្ធផលជាច្រើន ប៉ុន្តែកសិករខ្មែរផលិតពូកែរូបនេះមិនព្រមបញ្ឈប់ត្រឹមនោះទេ។ លោកបាននិងកំពុងអភិវឌ្ឍន៍នូវទម្រង់រូបភាពផលិតជាច្រើនទៀត ដើម្បីធ្វើមានធ្វើបានជាងទៀតនៅលើវាលស្រែ ស្រុកកំណើតខ្លួន។ ក្រៅពីបង្កើនការផលិត ស្រូវគាត់នៅទាំងធ្វើសេវាកសិកម្មបន្ថែម ដោយមានត្រាក់ទ័រ២គ្រឿង ម៉ាស៊ីនរមូរចំបើង៣គ្រឿង និងចិញ្ចឹមគោជិត១០ក្បាល។ រៀងរាល់ឆ្នាំ ប្រាក់ចំណេញពីធ្វើស្រែ ចិញ្ចឹមសត្វ និងសេវាកសិកម្ម នាំមកជូនគ្រួសារ គាត់ជាង១ពាន់លានដុង។ ឥឡូវ ទោះបីជីវភាពធូរធារ ប៉ុន្តែការរស់នៅរបស់គាត់មាន ភាពសាមញ្ញ និងចុះសម្រុងជាមួយនឹងអ្នកផង។ គាត់តែងសកម្មចូលរួមការងារសមា គមកសិករ អង្គការមហាជននានានៅភូមិភាគ និងអស់ពីចិត្តណែនាំបទពិសោធន៍ ផលិតស្រូវ ដើម្បីមាមីងក្នុងភូមិស្រុករៀនសូត្រ រួមគ្នាឈានឡើងធូរធារ។ លោកថែមទាំងជួយដោះស្រាយការងារធ្វើជាប្រចាំជូនពលករជនបទចំនួន១០នាក់ ដោយកម្រិតប្រាក់ខែ៣លានដុង/ម្នាក់។ ក្រៅពីនោះ លោកនៅទាំងជាគណៈកម្មការវត្តសំរោង នៅសង្កាត់៥ ក្រុងសុកត្រាំង អស់រយៈកាលជាង២០ឆ្នាំកន្លង។
ផ្តើមពីកម្លាំងពលកម្ម និងស្មារតីឈានឡើងដោយខ្លួងឯង កសិករខ្មែរឡឹមសែ ស័ក្ដិសមជាគំរូលេចធ្លោក្នុងចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែរបស់សមាជិក សមាគមកសិករសង្កាត់៥ ក្រុងសុកត្រាំង ហើយរឿងរ៉ាវឆ្លងកាត់លំបាករបស់គាត់គឺជាកម្លាំងចលករដើម្បីគ្រួសារកសិករផ្សេងៗទៀត កាន់តែខិតខំឈានឡើងឆ្លងកាត់លំបាកដោយឥតឈប់ឈរ កសាងជីវភាពគ្រួសារ ផ្តើមពីបាតដៃទាំងពីរ និងឆន្ទៈឈានឡើងធ្វើមាន។ លោកស្រីង្វៀនថាញ់ហ្វា អនុប្រធានសមាគមកសិករសង្កាត់៥ បញ្ជាក់ឲ្យដឹង៖ “សមាគមកសិករសង្កាត់៥ ដាក់ចេញនូវទិសដៅជាបន្តជូនចលនាកសិករ ផលិតនិងធ្វើអាជីវកម្មពូកែ គឺតែងសហការជាមួយនឹងផ្នែកដែលជាប់ពាក់ព័ន្ធ ពិសេសគឺផ្នែកសិកម្ម អង្គការឥណទាន និងមូលនិធិ ឧបត្ថម្ភកសិករ ដើម្បីជំនួយវិនិយោគទុនកសាងទម្រង់រូបភាពថ្មី និងទម្រង់រូបភាពល្អៗមួយចំនួន ទន្ទឹមនឹងនោះ រក្សានិងពង្រីកទម្រង់រូបភាពដែលកំពុងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កលក្ខណៈជូនកសិករស្រាវជ្រាវ រៀនសូត្រ និងចុះឈ្មោះប្រឡងប្រណាំងអនុវត្តចលនាសម្រេចគុណភាព ប្រសិទ្ធភាពខ្ពស់”។
លោកឡឹមសែ គឺជាគំរូកសិករមានឆន្ទៈ គោលបំណងធ្វើមានដោយបាតដៃនិងគំនិតរបស់ខ្លួន ស័ក្ដិសមដើម្បីសមាជិកសមាគមកសិករនិងមាមីងក្នុងសង្កាត់រៀនសូត្រ និងយកតម្រាប់តាម។ សង្ឃឹមថា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រទះឃើញគំរូដូច្នេះ ដើម្បីជំរុញសេដ្ឋកិច្ចគ្រួសារអភិវឌ្ឍន៍ខ្លាំងក្លាជាងទៀត រួមចំណែកក្នុងការអភិវឌ្ឍន៍ រួមរបស់ភូមិភាគ។ ផ្តើមពីលទ្ធផលនេះ លោកឡឹមសែ បានទទួលប័ណ្ណសរសើរជាច្រើនរបស់គណៈកម្មាធិការប្រជាជនខេត្ត មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង គណៈកម្មាធិការប្រជាជនក្រុងសុកត្រាំង។ ជាពិសេសក្នុងឆ្នាំ២០១៧ លោកបានមជ្ឈិមសមាគមកសិករវៀតណាម ជូនកិត្តិនាមជាកសិករផលិតនិងធ្វើអាជីវកម្ម ពូកែថ្នាក់មជ្ឈិម៕
ត្រឿងផល-វិមាន