ទិញបៀងជាស្រុកមួយ ដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ខេត្តអាងយ៉ាង។ អាស្រ័យការយកចិត្តទុកដាក់ឧបត្ថម្ភរបស់រដ្ឋ ទេីបជីវភាពជនរួមជាតិខ្មែរនៅទីនេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរ។
មាមីងលក់ផ្លែត្នោតរកបានប្រាក់ចំណូលលំនឹង។
តាមប្រសាសន៍លោកចៅគឹមបា ប្រធានការិយាល័យជនជាតិស្រុកទិញបៀង ឲ្យដឹង៖ ជីវភាពជនរួមជាតិភាគតិចលើភូមិសាស្រ្តស្រុក ត្រូវបានលើកស្ទួយជាលំដាប់។ អាស្រ័យការយកចិត្តទុកដាក់ ដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក រួមជាមួយកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតរបស់គណៈផ្នែកនានា ទើបគោលការណ៍ គោលនយោបាយនានាចំពោះជនរួមជាតិភាគតិច ត្រូវបានផ្សព្វផ្សាយអនុវត្តទាន់ពេល។ ផ្តើមពីនោះ រួមចំណែកជំរុញវិស័យកសិកម្ម ពាណិជ្ជកម្ម សេវាកម្មនិងវិនិយោគទុននៅតំបន់ជនរួមជាតិភាគតិច សម្រេចប្រសិទ្ធភាពរួមចំណែកលំនឹងជីវភាពជូនជនរួមជាតិ។
ទូទាំងស្រុក បច្ចុប្បន្នមានគ្រួសារជនរួមជាតិខ្មែរចំនួន៧.៩៧០គ្រួសារ រស់នៅប្រមូលផ្តុំនៅឃុំនានាដូច៖ អាងកឺ វាំុងយ៉ាវ វិញត្រុង តឹងឡើយ និងអាងហាវ។ ក្រៅពីធ្វើស្រែចម្ការ អាស្រ័យឧត្តមភាពរបស់តំបន់ទេសចរណ៍បៃណូយ ម៉្លោះហើយគ្រួសារខ្មែរជាច្រើន បានជ្រើសរើសរបរលក់ដូរកំប៉ិកកំប៉ុក សេវាកម្មបម្រើទេសចរណ៍ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ នៅឃុំអាងហាវ មានគ្រួសារប្រជាជនជាច្រើនបានបុលទុនតាមទម្រង់រូបភាពផ្លាស់ប្តូរមុខរបរ ដើម្បីមានដើមទុនលក់ដូរ។ មានគ្រួសារខ្លះទិញផ្លែឈើលក់ ខ្លះលក់ភេសជ្ជៈលក់ឲ្យអ្នកដំណើរឡើងភ្នំកឹម។ បងចៅសាន្តវ៉ែត នៅភូមិអាងថាញ់ ឲ្យដឹង៖ “រៀងរាល់ពេលព្រឹក ពីរនាក់ប្តីប្រពន្ធខ្ញុំទៅផ្សារទិញត្រីសាច់ និងរបស់របរចាំបាច់មួយចំនួនយកទៅលក់នៅផ្សារភ្នំកឹម។ ពេលរសៀលឡើងភ្នំទិញបន្លែព្រៃផ្លែស៊ូ។ល។ មកលក់នៅផ្សារជើងភ្នំ។ ក្រោយពីចូលឆ្នាំគឺរដូវផ្លែស៊ូ ភ្ញៀវទេសចរចូលចិត្តផ្លែខ្ចី មានរសជាតិផ្អែម ម៉្លោះហើយពីរនាក់ប្តីប្រពន្ធខ្ញុំទៅប្រមូលទិញតាមចម្ការលើភ្នំមកលក់។ ទោះបីទំនិញច្រើនយ៉ាងណាក៏ដោយ ពេលរថយន្ត ចត់ភ្ញៀវចុះទិញអស់ជាពុំខាន។ ព្រោះហេតុនេះ ពីរនាក់ប្តីប្រពន្ធខ្ញុំរកបានប្រាក់ចំណូលគ្រាន់បើ”។
តំបន់បៃណូយមានផលិតផលពិសេសៗ ពីធម្មជាតិជាច្រើនម៉្លោះហើយពលករនៅភូមិភាគមានការងារធ្វើដូចជាដាំដុះ ប្រមូលផល លក់ដូរផ្លែឈើតំបន់ភ្នំដូច៖ ផ្លែស៊ូ ខ្នុរស្វាយ ត្នោត ទៀបបន្លា ប៊ឺ។ល។ បងចៅសុនី នៅទីប្រជុំជនទ្រីតូង ឲ្យដឹង៖ “ជារៀងរាល់ថ្ងៃ ពីរនាក់ប្តីប្រពន្ធខ្ញុំកាប់ផ្លែត្នោតឆ្វៀលសាច់រាប់រយផ្លែលក់ឲ្យភ្ញៀវទេសចរ។ យើងខ្ញុំគ្មានពេលទៅទិញដល់ចម្ការ ម៉្លោះហើយទិញពីឈ្មួញឡើងវិញ។ គិតទៅសាច់ត្នោតជា ផលិតផលឆ្លងកាត់ច្រើនដំណាក់ការ ដូច្នេះមាមីងជាច្រើនរកបានប្រាក់ចំណូលលំនឹង”៕
ហាថាញ់-មុនី