ជនរួមជាតិខ្មែរនៅភូមិផ្នោទល់ ទីប្រជុំជនឡិចហោយថឿង ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងជ្រើសរើសទម្រង់រូបភាពចិញ្ចឹមពពែ ហើយតែងបានចាកផុតពីភាពក្រីក្រដោយចីរភាព។
បងថាច់ហាវ៉ូ ឈរក្បែរហ្វូងពពែរបស់គាត់។
កាលពីមុននេះ បងថាច់ហាវ៉ូ នៅភូមិផ្នោទល់ តែងទៅធ្វើការឈ្នួលនៅប៊ិញយ៉ឿង ដុងណាយ។ បងថាច់ហាវ៉ូ ឲ្យដឹង៖ “ក្នុងរយៈកាលធ្វើការឈ្នួលនៅដុងណាយ ដោយបានឃើញនូវទម្រង់រូបភាពចិញ្ចឹមពពែសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ម៉្លោះហើយ ខ្ញុំក៏វិលមកស្រុកបង្កើតអាជីព។ ដំបូងខ្ញុំទិញកូនពពែពីរក្បាលមកចិញ្ចឹមសាកល្បងមើល។ ដោយឃើញផែន ការរបស់ខ្ញុំបានដូចបំណង ភូមិភាគធ្វើបែបបទឲ្យខ្ញុំបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកបាន១៥លានដុង។ ផ្ដើមពីប្រភពទុននេះ ខ្ញុំទិញកូនពពែពីរគូបន្ថែមទៀត។ ហ្វូងពពែរបស់ខ្ញុំមានការរីកចម្រើនដោយខ្ញុំ បានរៀនបច្ចេកទេសចិញ្ចឹមសត្វនៅដុងណាយ រួមជាមួយនឹងការគាំទ្ររបស់កម្មាភិបាលឃុំទទួលបន្ទុកចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ខ្ញុំតែងចូលរួមថ្នាក់ហ្វឹកហាត់បច្ចេកទេស អាស្រ័យមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ -អប់រំប្រចាំស្រុកត្រឹងដេរៀបចំឡើង។ បច្ចុប្បន្ន ហ្វូងពពែរបស់ខ្ញុំកើនឡើងដល់ជាង៤០ក្បាល។ ខ្ញុំលក់ពពែពូជឲ្យមាមីងក្នុងភូមិជាបណ្ដើរៗ ពពែអាយុពី២-៣ខែ មានទម្ងន់ពី១៦-២០គីឡូក្រាម លក់ដោយតម្លៃ៣,៥លាន/គូ។ ក្នុងមួយឆ្នាំ ខ្ញុំរកបានប្រាក់ចំណេញពីហ្វូងពពែពូជ និងពពែសាច់ប្រមាណពី៨០-១០០លានដុង។ អាស្រ័យការចិញ្ចឹមពពែ ម៉្លោះហើយគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ”។
ទម្រង់រូបភាពចិញ្ចឹមពពែរបស់បងវ៉ូ មានគ្រួសារក្រីក្រជាច្រើននៅក្នុងភូមិអនុវត្តតាម។ បងថាច់សឿ ឲ្យដឹង៖ “គ្រួសារខ្ញុំប្ដេជ្ញាចិត្តវិនិយោគទុនសង់ក្រោល និងទិញពពែពូជ មកចិញ្ចឹម។ ខ្ញុំចិញ្ចឹមពពែពូជBoer និងពពែពូជបាច់ថាវ ពីព្រោះវាសុាំនឹងអាកាសធាតុនៅភូមិភាគនេះ។ អ្នកចិញ្ចឹមគប្បីអនាម័យ ក្រោលឲ្យស្អាតបាត ស្រឡះស្រឡំ របបឲ្យពពែស៊ីសមស្រប។ ពពែងាយចិញ្ចឹមណាស់ពីព្រោះវាស៊ីបន្លែស្មៅជាង១០០ប្រភេទ។ បច្ចុប្បន្ន ពពែចំនួន៣០ក្បាលរបស់ខ្ញុំឆាប់ធំ។ រៀងរាល់ឆ្នាំ ខ្ញុំលក់ពពែពូជនិងពពែសាច់ជាង១០ក្បាល។ អាស្រ័យការចិញ្ចឹមពពែទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រដោយចីរភាព”។
លោកត្រឹងក្វឹកអាញ់ នាយកមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈ - អប់រំប្រចាំស្រុកត្រឹងដេ ឲ្យដឹង៖ “រយៈពេលកន្លង មជ្ឈមណ្ឌលតែងបើកថ្នាក់បណ្ដុះបណ្តាលវិជ្ជាជីវៈដល់ពលករជនបទ។ ក្នុងនោះ មានរបរចិញ្ចឹមពពែ ជូនគ្រួសារជនរួមជាតិខ្មែរក្រីក្រនៅភូមិផ្នោទល់ តែងនាំមកនូវប្រសិទ្ធភាពខ្ពស់ ជួយដល់គ្រួសារក្រីក្រជាច្រើនចាកផុតពីភាព ក្រីក្រដោយចីរភាព”៕
ត្រឿងផល-ទីទុយ