ក្នុងរដូវរងារ សីតុណ្ហភាពចុះទាប បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព ពិសេសចំពោះអ្នកមានកម្លាំងបដិបក្ខប្រាណខ្សោយ ដូចជាមនុស្សចាស់ កុមារ ស្រ្តីមានគភ៌។ល។ ការថែទាំសុខភាពត្រូវរបៀបពេលអាកាសធាតុត្រជាក់ នឹងជួយបង្កើនកម្លាំងបដិបក្ខប្រាណនិងបង្ការរោគឆ្លងរាលដាល។
បន្លែផ្លែឈើ មានវីតាមីនច្រើនជួយបង្កើនកម្លាំងបដិបក្ខ ប្រាណនារដូវរងារ។
ធ្វើឲ្យមានទម្លាប់រក្សាអនាម័យផ្ទាល់ខ្លួនបានល្អ គឺជារបៀបបង្ការរោគឆ្លងរាលដាលម្យ៉ាងដ៏សាមញ្ញនិងតិចបង់ខាតបំផុត។ ហេតុនោះ គប្បីឧស្សាហ៍លាងដៃត្រូវតាមរបៀប។ ជាពិសេស គប្បីលាងសម្អាតដៃមុន ពេលហូបចំណីអាហានិងលាងសម្អាតដៃ ក្រោយពីទៅបន្ទោរបង់។ ឧស្សាហ៍កាត់ក្រចកដៃ ជើង ដើម្បីជម្រុះភ្នាក់ងារចម្លងជំងឺ។ ក្នុងរដូវរងារ ពេលធ្វើដំណើរគប្បីពាក់ស្រោមដៃ ស្រោមជើងដើម្បីរក្សាកម្ដៅដៃ ជើង និងចៀសវាងការរងនូវភាពរងារ។ ការអនាម័យធ្មេញរៀងរាល់ថ្ងៃ អាចបង្ការរោគដង្កូវធ្មេញ ក៏ដូចជារោគផ្សេងៗទៀតទាក់ទិននឹងធ្មេញ។ ងូតលាងត្រូវតាមរបៀបងូតទឹករៀងរាល់ថ្ងៃ ដើម្បីជម្រុះកោសិកាងាប់លើស្បែក កម្ចាត់អតិសុខុមប្រាណ។ ក្នុងរដូវរងារគប្បីងូតទឹក ក្ដៅឧណ្ហៗ ងូតកន្លែងហ៊ុម ដើម្បីជៀសវាងខ្យល់បក់ប៉ះនឹងរាងកាយ។ ចំពោះកុមារ មនុស្សចាស់ មិនគប្បីធ្វើពលកម្មធ្ងន់ រយៈពេល២ថ្ងៃងូតទឹកម្តងក៏បានប៉ុន្តែត្រូវផ្លាស់សំលៀកបំពាក់។ មិនគួរងូតទឹកក្ដៅខ្លាំងពេក ត្បិតអីនឹងបណ្តាលឲ្យសរសៃឈាមក្រោម ស្បែករីកធំដោយសារបរិមាណឈាមច្រើនបានផ្ដុំមកក្រោមស្បែក ជាហេតុបណ្តាលឲ្យបរិមាណឈាមរត់តាមបេះដូងខ្វះដោយចៃដន្យ បង្កឲ្យមានបាតុភូតរួញសរសៃឈាម។ ចំពោះមនុស្សចាស់ ប្រសិនបើរួញសរសៃឈាមប្រហែល១៥នាទីនឹងត្រូវរងជំងឺគាំងបេះដូង។ មិនគួរងូតទឹកយូរពេក និងមិនគួរងូតបន្ទាប់ពីហូបបាយឬក៏មិនគួរងូតពេលឃ្លានផងដែរ ត្បិតអីអាចបង្កឲ្យជាតិស្ករក្នុងឈាមថយចុះ។
ក្នុងការហូបចុកប្រចាំថ្ងៃ គប្បីហូបម្ហូបអាហារដែលផ្ដល់ជាតិបំប៉នចំនួន៤ក្រុមឲ្យបានគ្រប់គ្រាន់ មានដូច៖ ប្រូតេអ៊ីន (ជាតិដាម) ហ្លូសីត (ជាតិម្សៅ) លីប៊ីត (ជាតិម្លាន់) និងវីតាមីន–សារធាតុរ៉ែ។ លើកលែងអ្នកជំងឺមួយចំនួនត្រូវការហូបតមតាមការណែនាំ របស់វេជ្ជបណ្ឌិត ចំពោះអ្នកធ្វើការពលកម្មធ្ងន់ អ្នកមានអាយុចាស់ កុមារក្នុងរដូវរងាររាងកាយត្រូវការផ្គត់ផ្គង់ជាតិម្សៅ ជាតិដាម ជាតិម្លាន់ វីតាមីនច្រើនជាងរដូវណាទាំងអស់ដើម្បីទប់ទល់និងអាកាសធាតុរងារ។ រៀងរាល់ថ្ងៃ គប្បីបំប៉នបន្ថែមប្រភេទម្ហូបអាហារណាបរិបូណ៌ដោយវីតាមីន មានដូច៖ ស៊ុត ថ្លើម ទឹកដោះ បន្លែខៀវ បៃតង (បន្លែស្លឹកងប់ ស្លឹកជន្លង់ ត្រកួន ស្ពៃចង្កឹះ ល្ពៅមើម ការ៉ូត)។ល។ ផ្លែឈើមានពណ៌លឿងឬពណ៌ទឹកក្រូច មានដូចស្វាយ ល្ហុង ចេក ក្រូចពោធិ៍សាត់ ផ្លែទម្លាប់។ល។ ក៏ផ្ទុកជាតិវីតាមីន A និងសារធាតុដើមវីតាមីនA ជាច្រើន។ ក្រៅពីនោះ គប្បីយកចិត្តទុកដាក់បំប៉នបន្ថែមនូវប្រភេទម្ហូប ភេសជ្ជៈណាមានបរិមាណវីតាមីនCខ្ពស់មានដូចៈ ក្រូចពោធិ៍សាត់ ចេកស្វាយ ក្រូចខ្វិច ក្រូចថ្លុង បន្លែបៃតង។ល។ ពីព្រោះវីតាមីនC មានអានុភាពបង្កើនកម្លាំងនិងបង្ការវីរុសឆ្លងជំងឺ ជួយធ្វើឲ្យអង្គបដិបក្ខក្នុងខ្លួនកកើតនិងបង្កើនកម្លាំងបដិបក្ខប្រាណគ្រប់គ្រាន់ក្នុងរាងកាយ៕
វេជ្ជបណ្ឌិតង្វៀនហ៊ុង – (suckhoedoisong.vn) ប្រែសម្រួល ៖ ថាច់សេរី