គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍ សព្វថ្ងៃកំពុងបំពេញការងារនៅដំណាក់សុខាភិបាលឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ។ បងប្រកបរបរជាគ្រូពេទ្យជាង១០ឆ្នាំ ហើយតែងសកម្មក្នុងការពិនិត្យព្យាបាលជំងឺ ផ្សព្វផ្សាយពីរបៀបបង្ការបង្ក្រាបរោគរាលដាល ដើម្បីលើកកម្ពស់ចំណេះដឹងជូនប្រជាជន។
គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍កំពុងពិនិត្យជំងឺ។
ថាច់សិរីសុខាវឌ្ឍន៍ កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករមួយនៅភូមិព្រែកនិស្ស័យឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង ហើយមានភាពឆ្លៀវឆ្លាត ព្រមទាំងសង្វាតរៀនសូត្រតាំងពីតូច។ កាលឆ្នាំ២០០៤ ថាច់សិរីសុខាវឌ្ឍន៍ បានប្រឡងបញ្ចប់វិទ្យាល័យ រួចបានជ្រើសតាំងទៅរៀនផ្នែកគ្រូពេទ្យពហុវិជ្ជា នៅក្រុងកឹងធើ។ លុះដល់ឆ្នាំ២០០៧ បានប្រឡងបញ្ចប់វគ្គសិក្សា រួចបានទទួលចូលបំពេញការងារនៅដំណាក់សុខាភិបាលឃុំលឿងហ្វារហូតដល់សព្វថ្ងៃ។
លឿងហ្វា គឺជាឃុំក្រីក្រ ស្ថិតក្នុងកម្មវិធី១៣៥របស់រដ្ឋាភិបាល ម្ល៉ោះហើយ ប្រជាជននៅទីនេះ តែងបានពិនិត្យជំងឺដោយឥតគិតថ្លៃ តាមរយៈប័ណ្ណធានារ៉ាប់រងសុខាភិបាល។ រៀងរាល់ថ្ងៃ គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍ រួមជាមួយនឹងវេជ្ជបណ្ឌិតនៅដំណាក់សុខាភិបាល ពិនិត្យជំងឺផ្ដល់ឱសថជូនអ្នកជំងឺ ប្រមាណពី៤០ដល់៥០លើកនាក់។ ក្រៅពីការពិនិត្យព្យាបាលជំងឺ បងថែមទាំងទទួលភារកិច្ចចាក់វ៉ាក់សាំងទូទៅ។ ពេលចាក់វ៉ាក់សាំង ម្តងៗ បងនិងគិលានុប្បដ្ឋាកតែងចុះទៅតាមផ្ទះប្រជាជន ដើម្បីចាក់វ៉ាក់សាំងឲ្យកុមារផង និងផ្សព្វផ្សាយពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺផង ដើម្បីប្រជាជនបានជ្រួតជ្រាប។ ផ្តើមពីនោះ ការយល់ដឹងរបស់ប្រជាជនពីការចាក់វ៉ាក់សាំងបង្ការបានកើនឡើង។ បងថាច់សិរីសុខាវឌ្ឍន៍ ឲ្យដឹង៖ “ឥឡូវប្រជាជនមានស្មារតី យល់ដឹងច្រើនឲ្យតែដល់ថ្ងៃចាក់វ៉ាក់សាំងបង្ការឲ្យកុមារ ពួកគាត់តែងនាំកូនមកដំណាក់សុខាភិបាលដោយខ្លួនឯង ដើម្បីចាក់វ៉ាក់សាំង បើដល់ថ្ងៃកំណត់ចាក់វ៉ាក់សាំង តែចំនឹងថ្ងៃឈប់សម្រាក ប្រជាជនតែងទូរស័ព្ទមកដំណាក់សាកសួរ រួចនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការបានគ្រប់គ្រាន់”។
អ្នកមីងថាច់ធីណាង អាយុ៦៣ឆ្នាំ នៅភូមិបត់ចេកនិងបងស្រីថាច់ធីធី នៅភូមិបាស្រែ ឃុំលឿងហ្វា មកពិនិត្យនិងព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំជារឿយៗ ឲ្យដឹង៖ “ខ្ញុំច្រើនតែឈឺថ្កាត់នៅពេលមិនស្រួលខ្លួនម្តងៗ គឺឲ្យកូនឌុបមកដំណាក់សុខាភិបាលឃុំលឿងហ្វាពិនិត្យជំងឺភ្លាម។ គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍ តែងពិនិត្យជំងឺនិងណែនាំអស់ពីចិត្តដោយភាសាខ្មែរដល់យើងខ្ញុំ ម្ល៉ោះហើយតែងបានមាមីងគោរពរាប់អាន”។
លោកតូវុាំងផាង ប្រធានដំណាក់សុខាភិបាលឃុំលឿងហ្វា ឲ្យដឹង៖ “គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍ គឺជាសម្ព័ន្ធយុវជនរវៀសរវៃ តែងបង្ហាញពីស្មារតីទទួលបន្ទុកខ្ពស់ក្នុងការងារ ខិតខំឆ្លងកាត់លំបាកដើម្បីរៀនសូត្រ និងសន្សំបទពិសោធន៍លើកកម្ពស់មុខជំនាញ។ អ្នកជំងឺជាជនរួមជាតិខ្មែរមកពិនិត្យជំងឺ ភាគច្រើនមិនសូវយល់ពីភាសាវៀត ហេតុនោះវាលំបាកដល់គ្រូពេទ្យក្នុងការពិនិត្យនិងព្យាបាលជំងឺ។ ពេលជួបករណីនេះ គ្រូពេទ្យថាច់សិរីសុខាវឌ្ឍន៍ គឺជាអ្នកទទួលភារៈបកប្រែភាសា ដើម្បីគ្រូពេទ្យវេជ្ជបណ្ឌិតអាចពិនិត្យនិងព្យាបាលជំងឺបានល្អជាង”៕
សឺនម៉ាល័យ-វិមាន