ស្របឱកាសអនុស្សាវរីយ៍ខួប៣៥ឆ្នាំ ទិវាគ្រូបង្រៀនវៀតណាម (២០/១១/១៩៨២-២០/១១/២០១៧) អាណាព្យាបាលសិស្សនិងសិស្សានុសិស្សជនជាតិខ្មែរនៅក្រុងកឹងធើ ស្តែងនូវការដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានរួមចំណែកជាច្រើនក្នុងការអភិរក្សនិងពង្រីកភាសា អក្សរសាស្រ្តខ្មែររបស់ជនជាតិ។
អ្នកគ្រូត្រឹងធីចន្ធូ កំពុងណែនាំសិស្ស។
លោកលីវសែម នាយករងមជ្ឈមណ្ឌលរៀនសូត្រសហគមន៍ឃុំឌិញម៉ូង ស្រុកថើយឡាយ ឲ្យដឹងដោយក្តីរីករាយ៖ “ឌិញម៉ូង មានសាលាបឋមសិក្សា២កន្លែងបង្រៀនអក្សរខ្មែរ។ សាលាបឋមសិក្សាទាំង២កន្លែងនេះបង្រៀនអក្សរសាស្រ្តខ្មែរតាំងពីយូរយាររហូតមកទល់នឹងបច្ចុប្បន្ន ពុំដែលខានឆ្នាំណា។ នេះគឺអាស្រ័យលើការខំប្រឹងប្រែងរបស់គណៈនាយកសាលានិងគ្រូបង្រៀន រៀមច្បងគ្រប់ជំនាន់ព្រមទាំងគ្រូបង្រៀនវ័យក្មេងនាបច្ចុប្បន្ន។ ខ្ញុំក៏ធ្លាប់បានលោកគ្រូ អ្នកគ្រូជួយបង្ហាត់ភាសានិងអក្សរសាស្រ្តខ្មែរឲ្យចេះអាន ចេះសរសេរប្រាកដប្រជា ម៉្លោះហើយខ្ញុំតែងលើកទឹកចិត្តមាមីងក៏ដូចជាសិស្សានុសិស្ស គប្បីចងចាំគុណលោកគ្រូ អ្នកគ្រូ”។
អ្នកគ្រូត្រឹងធីចន្ធូ ជាគ្រូបង្រៀនវ័យក្មេងគំរូមួយរូបនៅឃុំឌិញម៉ូង មានស្មារតីជម្នះលំបាក ដើម្បីបង្ហាត់បង្រៀនអក្សរសាស្រ្តដល់កូនចៅជនរួមជាតិខ្មែរ។ ក្រៅពីទទួលភារកិច្ចជាគ្រូប្រចាំថ្នាក់នៅសាលាបឋមសិក្សាឌិញម៉ូង១ អ្នកគ្រូនៅទាំងទទួលបន្ទុកបង្រៀន អក្សរខ្មែរនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍។ ឌិញម៉ូង ជាភូមិភាគដែលមានជនជាតិជាច្រើន រួមរស់នៅជាមួយគ្នា ម៉្លោះហើយមានប្អូនៗជាច្រើនមុនចូលរៀនមិនចេះភាសាខ្មែរ។ ប៉ុន្តែ ប៉ុន្មានឆ្នាំកន្លង អត្រាសិស្សសម្រេចកម្មវិធីសិក្សាគឺ១០០%។ អ្នកគ្រូចន្ធូ សម្រេចកិត្តិនាមពូកែ២យ៉ាង គឺពូកែការងារសាលា និងពូកែការងារមេផ្ទះ ព្រមទាំងសម្រេចបានកិត្តិនាម យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋានរបស់សាសាជាច្រើនឆ្នាំបន្តបន្ទាប់។
ចំណែកលោកគ្រូដាវក្វើយ ជាគ្រូបង្រៀនអក្សរខ្មែរនៅសាលាបឋមសិក្សាថើយស្វឹង១ ស្រុកកើ-ដ។ បន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រ លោកគ្រូនិងភរិយាស្ម័គ្រចិត្តមកបំពេញការងារនៅតំបន់ឆ្ងាយគឺឃុំថើយស្វឹង។ ជារៀងរាល់ថ្ងៃលោកគ្រូបើកបរពីផ្ទះដល់សាលារៀនចម្ងាយ៤០គីឡូម៉ែត្រ លោកគ្រូដាវក្វើយ សំណេះសំណាល៖ “ថ្វីត្បិតថើយស្វឹងជាឃុំលំបាក លក្ខណៈធ្វើដំណើរទៅមកបង្ហាត់ បង្រៀននៅមានកម្រិតយ៉ាងណាក៏ដោយ ប៉ុន្តែនេះជាភូមិភាគខ្វះគ្រូបង្រៀនអក្សរខ្មែរ ម៉្លោះហើយខ្ញុំនិងគ្រួសារសម្រេចចិត្តសុំមកបំពេញការងារនៅទីនេះ។ ដំបូងនៅទីទើរ ប៉ុន្តែពេលមកដល់ភូមិភាគ អាណាព្យាបាលសិស្សចូលមកផ្ញើកូនចៅ ប្រការនេះ ជំរុញស្មារតីខ្ញុំស្ងប់ចិត្តបំពេញការងារ។ ទន្ទឹមនឹងការបង្រៀនអក្សរខ្មែរ លោកគ្រូដាវក្វើយ នៅទាំងបានលោកគ្រូ អ្នកគ្រូជាច្រើនស្រឡាញ់រាប់អាន ពីព្រោះបានលៃលកពេលជួយណែនាំភាសាវៀតនៅដើមឆ្នាំសិក្សាដល់កូនចៅជនរួមជាតិខ្មែរ ដែលពុំទាន់ចេះភាសាវៀតផងដែរ៕
ថាញ់ភូ-មុនី