តាមប្រសាសន៍លោកគីហីវថាញ់ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង មានគ្រួសារខ្មែរជាច្រើនលើភូមិសាស្រ្ត បានជ្រើសយកទម្រង់រូបភាពដាំដំណាំរួមផ្សំរដូវទឹកជំនន់ រកបានប្រាក់ចំណូលបង្គួរ។
បងមុនកំពុងធ្វើទ្រើងត្រសក់។
បងថាច់មុន នៅភូមិ៤A ឃុំតឹងហ្វា ស្រុកចូវថាញ់A កំពុងមមាញឹកធ្វើទ្រើងត្រសក់ ដែលទើបដាំបានជាង១០ថ្ងៃ។ បងមុន ឲ្យដឹង៖ “សព្វថ្ងៃខ្ញុំដើរធ្វើការឈ្នួល ប៉ុន្តែដល់រដូវទឹកជំនន់ខ្ញុំសុំម្ចាស់ដីនិងរដ្ឋអំណាចឃុំ កាប់ឆ្ការសម្អាតស្មៅតាមចិញ្ចើមផ្លូវនេះ ដើម្បីដាំដំណាំរួមផ្សំ”។ ដងផ្លូវតភ្ជាប់ពីផ្លូវជាតិចូលមកមជ្ឈមណ្ឌលរដ្ឋបាលឃុំតឹងហ្វា បងមុន បានសម្អាតស្មៅជ្រះស្រឡះរៀបចំដីដើម្បីដាំត្រសក់និងសណ្ដែកកួ។ រីឯដើមឈើទាលក្បែរផ្លូវក៏បានបងកាប់មែកស្រឡះស្រឡំដែរ។ បងមុន ឲ្យដឹង៖ “ធ្វើទ្រើងត្រសក់បញ្ឈរនឹងអំណោយផលជាង ពីព្រោះមានពន្លឺថ្ងៃងាយជាប់ផ្លែ ប៉ុន្តែរដូវនេះខ្យល់ពីកើតងាយនឹងធ្វើឲ្យទ្រើងរលំ អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ម្ល៉ោះហើយខ្ញុំត្រូវតែធ្វើទ្រើងទ្រេតទោះបីផ្លូវនេះមិនសូវមានមនុស្សធ្វើដំណើរទៅមកក៏ដោយ”។ គាត់ជ្រើសយកទម្រង់រូបភាពដាំត្រសក់ ពីព្រោះគ្រាន់តែដាំក្នុងរង្វង់ពី៣០ដល់៣៥ថ្ងៃ អាចផ្តល់ផល។ ជាមួយនឹងទ្រើងត្រសក់កំពុងលូតលាស់ល្អនេះ គាត់ជឿជាក់ថាអាចនឹងប្រមូលផលក្នុងអំឡុងពេលពី២៥ដល់៣០ថ្ងៃ។ សព្វថ្ងៃតម្លៃត្រសក់នៅកម្រិតមធ្យម៥.០០០ដុង/គីឡូក្រាម ម្ល៉ោះហើយអាចនឹងរកប្រាក់ចំណូល ពីដាំត្រសក់ប្រហែល១០លានដុង។ នៅចិញ្ចើមថ្នល់ខាងនោះ សណ្ដែកកួកំពុងលូតលាស់ល្អ។ រីឯទ្រើងត្រសក់ ពេលប្រមូលផលរួចនឹងយកធ្វើទ្រើងឲ្យសណ្ដែកកួ។ ពេលឈប់ដាំ ប្រមូលឈើនិងសំណាញ់យកទៅត្រាំទឹកដើម្បីទុកធ្វើទ្រើងនៅរដូវក្រោយទៀត។ បងមុន ឲ្យដឹងបន្ថែម៖ “ប៉ុន្មានឆ្នាំមុន គ្មានការណែនាំបច្ចេកទេសដាំដុះនិងជ្រើសពូជរបស់ឃុំ ខ្ញុំដាំមិនចំណេញ។ អាស្រ័យបានសាកសួរកម្មាភិបាលបច្ចេកទេសដាំដុះរបស់ឃុំជារឿយៗ ទើបខ្ញុំដាំត្រសក់រកបានប្រាក់ចំណេញ ដើម្បីចិញ្ចឹមកូន២នាក់រៀនសូត្រ”។ ប្តីប្រពន្ធបងស្រីឡីធីតី នៅក្រុងវីថាញ់ ក៏កំពុងរៀបចំដីដើម្បីដាំត្រសក់ជាបន្ត។
បងស្រីឲ្យដឹង៖ “កម្មាភិបាលកសិកម្មបានណែនាំ បើចង់ដាំដំណាំតែមួយប្រភេទសារឡើងវិញ ត្រូវតែរៀបចំដីឲ្យបានល្អ។ រងចាស់ខ្ញុំសម្អាតស្មៅជ្រះ រួចរោយកំបោរស។ ក្រោយមកបារល្បាប់ដាក់លើរងចាស់ ហើយទុកឲ្យស្ងួត ទើបក្រាលកម្រាលកសិកម្ម។ រដូវនេះ ប្រហែលជាមិនសូវអំណោយផលដូចរដូវមុនទេ ប៉ុន្តែខ្ញុំមិនសូវបង់ថវិកា ពីព្រោះមានទ្រើងនិងកម្រាលចាស់ប្រើប្រាស់ឡើងវិញ”។ រដូវនេះ នៅរាល់ភូមិស្រុកនៃខេត្តហូវយ៉ាង ទីណាក៏ឃើញដំណាំ៖ ពោត ឃ្លោក ម្រះ ននោងកំពុងតែលូតលាស់ល្អដែរ៕
ហាថាញ់-វិមាន