28/02/2017 - 09:14

ឆ្លងកាត់ការលំបាករៀនពូកែ

តាម​ប្រ​សាសន៍​អ្នក​គ្រូ​ថាច់​ធី​សា​រ៉ា​វី នា​យិ​កា​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្តត្រា​វិញ ប្អូន​គឹម​ឌាំង​ថាញ់ សិស្ស​ថ្នាក់​ទី​១២​A គឺ​ជា​សិស្ស​គំ​រូ​របស់​សា​លា ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូ​កែ។

ប្អូន​គឹម​ឌាំង​ថាញ់​។

គឹម​ឌាំង​ថាញ់ កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ធ្លក ឃុំ​គឹម​ហ្វា ស្រុក​កូវ​ង៉ាង​។ ដោយ​គ្មាន​ដី​បង្ក​បង្កើន​ផល ឪ​ពុក​ម្តាយ​ប្អូន​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ខេត្ត​ដុង​ណាយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ៗ​រៀន​សូត្រ​។ ដោយ​យល់​ពី​ការ​លំ​បាក នឿយ​ហត់​របស់​ឪ​ពុក​ម្តាយ ម្ល៉ោះ​ហើយ​ឌាំង​ថាញ់ តែង​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​។ ចំ​ពោះ​រូប​ប្អូន​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ​គឺ​ជា​អំ​ណោយ​ប្អូន​ជូន​គ្រួ​សារ និង​លោក​គ្រូ អ្នក​គ្រូ​ក្រោយ​ពី​បញ្ចប់​ឆ្នាំ​សិក្សា​នី​មួយ​ៗ​។

លុះ​ដល់​រដូវ​វិស្សម​កាល ប្អូន​ឌាំង​ថាញ់ តែង​ធ្វើ​ដំ​ណើរ​តាម​ឪ​ពុក​ម្តាយ ទៅ​ខេត្ត​ដុង​ណាយ​ធ្វើការ​ឈ្នួល ដូច​៖​ជម្រះ​ស្មៅ​ឬ​ក៏​បេះ​ផ្លែ​ស្រ​កា​នាគ។ល។ សម្រាប់​ប្អូន​នោះ គឺ​ជា​ពេល​វេ​លា​សុ​ភមង្គល ពី​ព្រោះ​បាន​នៅ​ជិត​និង​ជួយ​សម្រាល​កិច្ច​ការ​ឪ​ពុក​ម្តាយ​។ ប្អូន​គឹម​ឌាំង​ថាញ់ ឲ្យដឹ​ង៖ "កាល​ពី​មុន​នេះ រាល់​កិច្ច​ការ​ក្នុង​ផ្ទះ​តាំង​ពី​ការ​ហូប​ចុក​ដេក​នៅ​តែង​មាន​ឪ​ពុក ម្តាយ​គិត​គូរ​។ សព្វ​ថ្ងៃ​ឪ​ពុក​ម្តាយ​ទៅ​ធ្វើ​ការ​រក​ស៊ី​ឆ្ងាយ ប្អូន​នៅ​ផ្ទះ​ជា​មួយ​នឹង​ជី​ដូន​ម្ល៉ោះ​ហើយ​ប្អូន​តែង​ដាស់​តឿន​ខ្លួន​ឯង​ថា ត្រូវ​តែ​ថែ​ទាំ​ជី​ដូន​ឲ្យ​បាន​ល្អ​ដើម្បី​ឪ​ពុក​ម្តាយ​ស្ងប់​ចិត្ត​។ ការ​រៀន​សូត្រ​ក៏​ដូច្នោះ​ដែរ ប្អូន​តែង​ភ្ញាក់​រ​លឹក​ដោយ​ខ្លួន​ឯង ដើម្បី​ឪ​ពុក​ម្តាយ​នឹង​នរ​ចិត្ត​ធ្វើ​ការ​រក​ស៊ី ចិញ្ចឹម​ប្អូន​ៗ​រៀន​សូត្រ​"។

អា​ស្រ័យ​បង​ប្អូន​ឌាំង​ថាញ់​ទាំង​២​នាក់ បាន​ស្នាក់​នៅ​អន្តេ​វា​សិក​ដ្ឋាន ម្ល៉ោះ​ហើយ​ដល់​ចុង​សប្តាហ៍​បាន​ឈប់​សម្រាក​ ទើប​ឌាំង​ថាញ់ ជា​មួយនឹង​ប្អូន​វិ​ល​ត្រ​ឡប់​ទៅ​ភូមិ​ធ្លក​ឃុំ​គឹម​ហ្វា ដើម្បី​ថែ​ទាំ​ជី​ដូន​ចាស់​ជរា​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​។ ចែក​រំ​លែក​ពី​វិ​ធី​សាស្រ្ត​រៀន​សូត្រ ប្អូន​គឹម​ឌាំង​ថាញ់ ឲ្យ​ដឹង​៖ "ប្អូន​គ្មាន​ប្រាក់​ទិញ​សៀវ​ភៅ​បង្កើន​កម្រិត​វិជ្ជា និង​ភ្ជាប់​ប្រ​ព័ន្ធ​អីន​ធើ​ណិត ដើម្បី​ធ្វើ​សម​ទិន​ចំ​ណេះ​ដឹង​បន្ថែម​ដូច​មិត្ត​ភ័ក្តិ​រួម​ថ្នាក់​ទេ ដូច្នេះ​ប្អូន​ស្វែង​រក​ឯក​សារ​នៅ​បណ្ណា​ល័យ​ឬ​ក៏​រៀន​ឲ្យ​ចេះ​ចាំ​ស្ទាត់​ក្នុង​សៀវ​ភៅ​មុខ​វិជ្ជា​តែ​ម្តង​។ ពិ​សេស​គឺ​ចំ​ណេះ​ដឹង​ដែល​គ្រូ​ពន្យល់​ប្អូន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​នៅ​នឹង​សា​លា បញ្ហា​ណា​នៅ​ងឿង​ឆ្ងល់​មិន​ទាន់​យល់ ប្អូន​សាក​សួរ​ភ្លាម​"។ ដោយ​សារ​វិ​ធី​សាស្រ្ត​រៀន​សូត្រ​ទាំង​នេះ បាន​ជា​រយៈ​ពេល​១២​ឆ្នាំ​បន្តប​ន្ទាប់ ប្អូន​គឹម​ឌាំង​ថាញ់ តែង​សម្រេច​កិត្តិ​នាម​ជា​សិស្ស​ពូ​កែ។

អ្នក​គ្រូ​ថាច់​ធី​សា​រ៉ា​វី ឲ្យ​ដឹង​បន្ថែម​៖ មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​រៀន​សូត្រ​ពូ​កែ​ប៉ុណ្ណោះ​ទេ ប្អូន​គឹម​ឌាំង​ថាញ់ ថែម​ទាំង​រវៀស​រវៃ​ចូល​រួម​រាល់​ចលនា​របស់​សា​លា និង​អស់​ពី​ចិត្ត​ជួយ​មិត្ត​ភ័ក្តិ​ក្នុង​ថ្នាក់ ដើម្បី​រួម​គ្នា​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ​ទៀត​ផង​។ ប្អូន​ថាញ់​ គឺ​ជា​សិស្ស​ក្រី​ក្រ​គំ​រូ​ម្នាក់ ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូ​កែ​របស់​សា​លា​៕

 

សឺនម៉ាល័យ-លីសៀ

ចែករំលែកអត្ថបទ