ប៉ុន្មានឆ្នាំជិតៗនេះ របរដាំផ្កាលម្អសម្រាប់លក់នាឱកាសបុណ្យចូលឆ្នាំតេត នៅខេត្តសុកត្រាំង មានភាពរីកចម្រើនរហ័សនិងមានប្រសិទ្ធភាព ។ ផ្ដើមពីមុខរបរនេះមានគ្រួសារជាច្រើនរកបានប្រាក់ចំណូលខ្ពស់ រួមចំណែកក្នុងការកកើតនូវភូមិរបរដាំផ្កាលម្អរបស់ភូមិភាគនៅពេលខាងមុខ។
អ្នកចម្ការកំពុងថែទាំផ្កាសម្រាប់លក់ក្នុងឱកាសបុណ្យចូល ឆ្នាំតេត។
ក្ដាប់បានចិត្តសាស្រ្តនៃការនិយមអ្វីដែលថ្មីៗ និងប្រភេទផ្កាមានពណ៌ ឆើតឆាយ ម្ល៉ោះហើយឆ្នាំនេះ ទន្ទឹមនឹងការដាំប្រភេទផ្កាប្រពៃណីនានា មានដូចស្បៃរឿងនិងផ្កាឈូករ័ត្នជាដើម។ អ្នកចម្ការនៅទីរួមខេត្តង៉ា ណាំភាគច្រើនបានវិនិយោគទុនដាំប្រភេទផ្កាថ្មីៗ បង្កឲ្យមានផ្កាលម្អយ៉ាងសម្បូរបែបសម្រាប់ផ្គត់ផ្គង់ទីផ្សារតេតង្វៀនដាង មានដូច៖ សៅបាំង កំភ្លឹង លឺវលី ។ល។ បងត្រឹងវាំុងញ៉ីវ នៅភូមិឡុងហ្វា ឃុំតឹងឡុង ទីរួមខេត្តង៉ាណាំ (សុកត្រាំង) ឲ្យដឹង៖ "ឆ្នាំនេះ គ្រួសារខ្ញុំបម្រុងដាក់លក់ផ្កាលម្អ៤ប្រភេទនោះគឺ៖ ដើមឈើលម្អបៃតង ដើមផ្កាអង្គាសីល ផ្កាក្រដាស់ និងរុក្ខជាតិតាំងលម្អក្នុងផ្ទះ។ ផ្កាទាំងអស់នេះសុទ្ធតែជារុក្ខជាតិ លម្អដែលទីផ្សារកំពុងពេញនិយម និងមានតម្លៃសមរម្យម្ល៉ោះហើយ មនុស្សម្នាភាគច្រើននិយមទិញសម្រាប់តុបតែងក្នុងផ្ទះនាឱកាសបុណ្យចូលឆ្នាំតេត"។
សង្កាត់៨ គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំងឡាយដែលដាំផ្កាលម្អសម្រាប់លក់នាឱកាសបុណ្យចូលឆ្នាំតេត រីកចម្រើនបំផុតនៅភូមិសាស្រ្តសុកត្រាំង។ លោកឡេវាំុងឌេ នៅអនុសង្កាត់៦ សង្កាត់៨ ជាគ្រួសារមួយដែលមានប្រវេណីជំនាញ ដាំផ្កាអង្គាសីលលក់នាឱកាស បុណ្យចូលឆ្នាំតេតឲ្យដឹង៖" បុណ្យចូលឆ្នាំតេតឆ្នាំនេះ គ្រួសារខ្ញុំបម្រុងនឹងដាក់លក់ដើមអង្គាសីលរាប់សិបដើម មានអាយុកាលពី៥ដល់១៥ឆ្នាំ។ គិតជាមធ្យមភាគរៀងរាល់រដូវលក់ដើមអង្គាសីលនាឱកាសបុណ្យចូលឆ្នាំតេត គ្រួសារខ្ញុំរកបានប្រាក់ចំណេញពី៣០ដល់៥០លានដុង"។ តាមការប៉ាន់ស្មានរបស់អ្នកដាំផ្កាសម្រាប់ផ្គត់ផ្គង់នៅទីផ្សារតេត ង្វៀនដាង ឲ្យដឹងដាំផ្កាអាចនឹងរកបានចំណូលលើសពី៣ដល់៤ដង បើប្រៀបនឹងការផលិតស្រូវ ហើយថែមទាំងមិនសូវខាតផ្ទៃដីនិងថវិកាសម្រាប់ដាំដុះទៀតផង។ ថ្វីបើដូច្នោះក្ដី ការដាំផ្កាទាមទារអ្នកដាំត្រូវយល់ដឹងច្បាស់អំពីលក្ខណៈនៃប្រភេទផ្កានីមួយៗ តាំងពីរបៀបកែច្នៃរាងរៅក៏ដូចជារបៀបបង្ការជំងឺជាដើម។ អនុវត្តបានដូច្នោះ ទើបសង្ឃឹមថានឹងបង្កើតបានជាផលិតផលថ្មីផង ល្អប្លែកផងនិងប្រកបដោយលក្ខណៈពិសេសជូនអតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំតេតង្វៀនដាង។ បងវ៉ូមិញថាំង នៅអនុសង្កាត់៣ សង្កាត់៨ ក្រុងសុកត្រាំង ឲ្យដឹង៖"ពីមុននេះ ការលក់ផ្កាលម្អនាឱកាសបុណ្យចូលឆ្នាំតេតនៅខេត្តសុកត្រាំង សុទ្ធតែអាស្រ័យឈ្មួញកណ្តាលនាំមកពីសាឌាក (ខេត្តដុងថាប) ទាំងអស់។ ប៉ុន្មានឆ្នាំជិតៗនេះ អ្នកដាំផ្កាលម្អនៅខេត្តសុកត្រាំង បានខិតខំរាវរក រៀនសូត្របទពិសោធន៍ដាំផ្កាសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំតេត ម្ល៉ោះហើយបានជាសព្វថ្ងៃចំនួនផ្កាលម្អដាក់លក់លើភូមិសាស្រ្តខេត្តភាគច្រើន គឺដោយប្រជាជនក្នុងភូមិភាគដាំ"។
តាមការសន្និដ្ឋានរបស់គ្រួសារចូលរួមដាំផ្កាភាគច្រើន ឲ្យដឹង៖ តេតង្វៀនដាងឆ្នាំនេះ ប្រជាជននៅខេត្តសុកត្រាំងអាចនឹងមានជម្រើសច្រើនត្បិតអីផ្កាលម្អលើភូមិសាស្រ្តត្រូវបានដាំដោយសម្បូរបែប និងមើលឃើញពេញចិត្ត៕
យ៉ីអាញ់ - សេរី