26/07/2016 - 10:22

ភាពពុះពោរនៃថ្នាក់រៀនអក្សរខ្មែរនៅតាមវត្តខ្មែរ

ជា​រៀ​ងរាល់ឆ្នាំ​ឲ្យ​តែ​ដល់​រដូវ​វិស្ស​​មកាល វ​ត្ត​ខ្មែរ​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង តែង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​សម្រាប់​កូន​ចៅ​ខ្មែរ​មក​រៀន​សូត្រ​។ នេះ​ជា​ទង្វើ​ដ៏​មាន​អត្ថ​ន័យ រួម​ចំ​ណែក​រក្សា​វប្ប​ធម៌ ភា​សា​និង​អក្សរ​សាស្រ្ត​ជាតិ​។ ទន្ទឹម​នឹង​នោះ គឺ​ជា​ឱ​កាស​ដើម្បី​សិស្ស​តំ​បន់​ជន​បទ​មាន​កន្លែង​កម្សាន្ត​ប្រ​កប​ដោយ​អត្ថ​ន័យ​។

ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ទាក់​ទាញ​កូន​ចៅ​ខ្មែរ​មក​រៀន​ កុះ​ករ​។

ចាប់​ពី​ម៉ោង​១​ដល់​ម៉ោង​៥​រសៀល​ជា​រៀង​រាល់​ថ្ងៃ  នៅ​ក្នុង​វត្ត​ជ្រោយ​ទឹម​កណ្តាល ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង តែង​ឮ​សូរ​សំ​ឡេង កុ​មារ​អាន​អក្សរ​ខ្មែរ​ទ្រហឹ​ង​អឹង​កង​។ ឆ្នាំ​នេះ វត្ត​បើក​បាន​២​ថ្នាក់ គឺ​ប្រ​ជា​សិក្សា​ថ្នាក់​ទី​១​និង​ទី​២ ដោយ​មាន​ប្អូ​ន​ៗ​មក​រៀន​ជាង​១៦០​នាក់​។ ព្រះ​តេជ​ព្រះ​គុណ​យ័ញ​ថាញ់​យុង ព្រះ​ចៅ​អធិ​ការ​វត្ត​ចូល​បង្រៀន​ប្អូន​ៗ ព្រះ​អង្គ​មាន​ថេរ​ដី​កា​៖ "បច្ចុ​ប្បន្ន អាត្មា​ភាព​កំ​ពុង​បង្រៀន​ថ្នាក់​ទី​១​និង​ទី​២ ដោយ​មាន​ប្អូន​ៗ មក​រៀន​ជាង​១៦០​នាក់ ដើម្បី​ជួយ​ឲ្យ​កូន​ចៅ​ខ្មែរ​ចេះ អាន​ចេះ​សរ​សេរ​អក្សរ​សាស្រ្ត​ជាតិ​ខ្លួន​"។ ក្រៅ​ពី​នោះ ពី​ម៉ោង​៦​ដល់ ម៉ោង​៧​យប់ វត្ត​ថែម​ទាំង​បាន​ជួល​គ្រូ​មក​បង្ហាត់​រ​បាំ​ខ្មែរ​ដល់​ប្អូន​ៗ​ទៀត​ផង​។ ប្អូន​ថាច់​ធី​លិន​ដា​នី ឲ្យ​ដឹង​៖ "នេះ​ជា​ឆ្នាំ​ដំ​បូង​ប្អូន​រៀន​អក្សរ​ខ្មែរ ដោយ​បាន​ព្រះ​ចៅ​អធិ​ការ​វត្ត​បង្រៀន​ដោយ​ហ្មត់​ចត់​។ ពេល​វាយ​រ​គាំង​ចូល​រៀន ដំ​បូង​សូធ្យ​ធម៌​ន​ម​ស្ការ​ បន្ទាប់​មក​សូធ្យ​មេ​រៀន​ស្រះ​និង​ព្យញ្ជនៈ ហើយ​មុន​ចេញ​រៀន​ក៏​សូធ្យធម៌​ន​ម​ស្ការ​និង​សូធ្យ​ស្រះ​ព្យញ្ជនៈ​សា​ឡើង​វិញ ហេតុ​នោះ​មាន​ការ​ចង​ចាំ​មេ​រៀន​បាន​ល្អ។ ទើប​តែ​រៀន​បាន​ជាង​មួយ​ខែ ប្អូន​ចាំ​ធម៌​ន​ម​ស្ការ​ព្រម​ទាំង​ស្រះ​និង​ព្យញ្ជនៈ​ទាំង​អស់​។ ក្រៅ​ពី​រៀន​អក្សរ ប្អូន​ថែម​ទាំង​បាន​រៀន​រ​បាំ​ទៀត ដូច​៖ រាំ​វង់​ សារ​វ៉ាន់ ឡាំ​លាវ​ជា​ដើម ហេតុ​នោះ ប្អូន​ចូល​ចិត្ត​ណាស់​។ ពិ​សេស​ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​បើ​រៀន​ពូ​កែ​នឹង​បាន​ទទួល​រង្វាន់​ជា​ច្រើន​​ដូច៖ សៀវ​ភៅ ប៊ិច​ កន្សែង​ កង់​ជា​ដើម ហេតុ​នោះ​ប្អូន​ខិត​ខំ​រៀន​ឲ្យ​បាន​ពូកែ ដើម្បី​ទទួល​បាន​រង្វាន់​"។

មិន​ត្រឹម​តែ​នៅ​វត្ត​ជ្រោយ​ទឹម​កណ្តាល​ប៉ុណ្ណោះ​ទេ នៅ​វត្ត​ឃ្លាំង​ក៏​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដែរ​មាន​ប្អូន​ៗ​ជាង​៦០​នាក់​មក​រៀន​។ ព្រះ​សង្ឃ​ដែល​ចូល​ថ្នាក់​បង្រៀន​សុទ្ធ​តែ​យល់​ដឹង​អក្សរ​ខ្មែរ​ជ្រៅ​ជ្រះ ហេតុ​នោះ ថ្នាក់​រៀន​តែង​មាន​ភាព​ពុះ​ពោរ​និង​ផ្លាស់​ថ្មី​ក្នុង​ការ​បង្ហាត់​បង្រៀន​ជា​និច្ច រី​ឯ​គុណ​ភាព​ក្នុង​ការ​បង្ហាត់​បង្រៀន​មាន​ភាព​ល្អ​ប្រ​សើរ​ហេតុ​នោះ​ទាក់​ទាញ​ប្អូន​ៗ​មក​រៀន​យ៉ាង​កុះ​ក​រ។ បង​ស្រី​តាំង​ធី​ញ៉ឹក​ពឿង​ នាំ​កូន​ពីរ​នាក់​មក​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​ឃ្លាំង​ឲ្យ​ដឹង​៖ "កូន​ខ្ញុំ​មក​រៀន​នៅ​វត្ត​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​សាស្រ្ត​ជាតិ ព្រម​ទាំង​មាន​មិត្ត​ភក្តិ​លេង​សប្បាយ​ក្នុង​រដូវ​វិស្ស​ម​កាល​ផង​។ ឥ​ឡូវ​ទើប​រៀន​បាន​ជា​ងមួយ​ខែ ប៉ុន្តែ​កូន​ៗ​របស់​ខ្ញុំ​ចេះ អាន​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​"។

ព្រះ​ឧបជ្ឈាយ៍​តាំង​ណោ អនុ​ប្រ​ធាន​ស​មា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង មាន​ថេរ​ដី​កា៖ ជា​រៀ​ង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​រដូ​វ​វិ​ស្សម​កាល សមា​គម​តែង​ជំ​រុញ​ទឹក​ព្រះ​ទ័យ​ដល់​វត្ត​នា​នា បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​។ ឆ្នាំ​២០១៥ កូន​ចៅ​ខ្មែរ​មក​រៀន​អក្សរ​ខ្មែរ​ជិត​៨.៨០០​នាក់ ហើយ​ឆ្នាំ​នេះ កើន​ឡើង​ជិត​១០.០០០​នាក់​។ ប្រ​ការ​នេះ ស​ឲ្យ​ឃើញ​ថា ភា​សា​អក្សរ​សាស្រ្ត​ជាតិ វប្ប​ធម៌​ប្រ​ពៃ​ណី​បាន​យុវ​វ័យ​ក្មេង​ជំ​នាន់​ក្រោយ​អភិ​រក្ស​និង​ពង្រីក​ជា​បន្ត​៕

លីធាន-វិមាន

ចែករំលែកអត្ថបទ