05/07/2016 - 14:46

បង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាល

ឱ​កាស​វិ​ស្ស​ម​កាល​រៀង​រាល់​ឆ្នាំ វត្ត​ខ្មែរ​នានា​នៅ​ខេត្ត​ត្រា​វិញ តែង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​សិស្សា​នុសិស្ស ដែល​ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ស្រុក​។ ទន្ទឹម​នឹង​នោះ ជួយ​ឲ្យ​ប្អូន​ៗ​យល់​ដឹង​ពី​ទំ​នៀម​ទម្លាប់​វប្ប​ធម៌​ជន​ជាតិ​របស់​ខ្លួន​។ 

ថ្នាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​សិ​លា​ទ្រ​ (ថ្ម​ទល់​)។

ជា​រៀង​រាល់​ឆ្នាំ ឈាន​ចូល​រដូវ​វិស្ស​ម​កាល វត្ត​សិ​លា​ទ្រ (ថ្ម​ទល់​) អនុ​សង្កាត់​៦ សង្កាត់​៩ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​ស្រុក​។ ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា ក្នុង​វត្ត​តែង​ឮសូ​រ​សំ​ឡេង​ប្អូន​ៗ អាន​មេ​រៀន​ទ្រ​ហឹង​អឹង​កង​។ ប្អូន​ថាច់​បុត្រា សិស្ស​សា​លា​នៅ​ទី​នេះ ឲ្យ​ដឹង​៖ "ប្អូ​ន​រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​នៅ​​ក្នុង​វត្ត​សិ​លា​ទ្រ​បាន​៣​ឆ្នាំ  ប្អូន​ចូល​ចិត្ត​រៀន​អក្សរ​ខ្មែរ​ណាស់ ម្ល៉ោះ​ហើយ​វិស្ស​ម​កាល​ឆ្នាំ​ណា ប្អូន​តែង​សុំ​អនុញ្ញាត​ពី​ឪ​ពុក​ម្តាយ ដើម្បី​បាន​ទៅ​វត្ត​រៀន​អក្សរ​ខ្មែរ​ជា​មួយ​នឹង​មិត្ត​ភ័ក្តិ​។ សព្វ​ថ្ងៃ ប្អូន​ចេះ​អាន​និង​សសេរ​អក្សរ​​ខ្មែរ​បង្គួរ​ផង​ដែរ​"។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ង៉ុក​សាង ព្រះ​ឧទ្ទេ​សា​ចារ្យ​ក្នុង​​វត្ត​សិលា​ទ្រ មាន​ថេរ​ដី​កា៖​ "ឆ្នាំ​នេះ វត្ត​សិ​លា​ទ្រ បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១០​ថ្នាក់ ទ​ទួល​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ជាង​២០០​នាក់ កម្ម​វិ​ធី​សិក្សា​ចាប់​ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៥​រៀន​៣​ពេល​/ថ្ងៃ​។ ឆ្នាំ​នេះ ចំ​នួន​សិស្ស​មក​រៀន​ច្រើន​បើ​ធៀប​ជា​មួយ​នឹង​ប៉ុន្មាន​ឆ្នាំ​មុន​"។ ទោះ​បី​ថ្នាក់​រៀន​ត្រូវ​បាន​រៀប​ចំ​បើក​ក្នុង​រដូវ​វិស្សម​កាល ធម្ម​តា​អូស​បន្លាយ​រយៈ​ពេល​ជាង​២​ខែ​ក៏​ពិត​មែន ប៉ុន្តែ​ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​តែង​ទាក់​ទាញ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មក​រៀន​កុះ​ករ​ទាំង​អស់​។ ចំ​ពោះ​ថ្នាក់​រៀន​នៅ​នឹង​វត្ត​គ្រូ​បង្រៀន គឺ​ជា​ព្រះ​សង្ឃមាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​ឬ​ក៏​ឧទ្ទេ​សា​ចារ្យ​ស្ម័គ្រ​ចិត្ត​ចូល​បង្រៀន​។ ប្អូន​ថាច់​ហ្វាង​អែម ឲ្យ​ដឹង​៖ "ប្អូន​និង​មិត្ត​ភ័ក្តិ​មក​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​បាន​ព្រះ​សង្ឃ​បង្រៀន​ហាត់​អាន ហាត់​សរ​សេរ​និង​ទូន្មាន​ប្រៀន​ប្រ​ដៅ មាន​ដូច​៖ គោ​រព​ជី​ដូន​ជី​តា ឪ​ពុក​ម្តាយ សុ​ភាព​រាប​សា​ចំ​ពោះ​ចាស់​ទុំ​។ល។ សព្វ​ថ្ងៃ​ប្អូន​អាច​ប្រ​កប​អក្សរ​ខ្មែរ​បាន​ខ្លះៗ​"។​

ព្រះ​តេជ​ព្រះ​គុណ​ថាច់​គឹម​ថាយ ព្រះ​ពហុ​ស្សូត​វត្ត​សិ​លា​ទ្រ មាន​ថេរ​ដី​កា៖ "ការ​បង្រៀន​អក្សរ​ខ្មែរ​ត្រូវ​បាន​វត្ត​រៀប​ចំ​បើក​បង្រៀន​ច្រើន​ឆ្នាំ​មក​ហើយ និង​រក្សា​ខ្ជាប់​ជា​និច្ច​។  សង្កេត​ឃើញ​ថា​ក្មួយ​ៗ​ដែល​ចូល​មក​រៀន​នៅ​ទី​នេះ ស្ទើរ​តែ​ទាំង​អស់​តែង​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។ ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​វត្ត​ក៏​មាន​ការ​រៀប​ចំ​ឲ្យ​ក្មួយ​ៗ​ប្រ​ឡង​"។ ទោះ​បី​ការ​បង្ហាត់​បង្រៀន​និង​រៀន​សូត្រ​ជួប​ការ​លំ​បាក​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​គ្រូ​និង​សិស្ស​តែង​ខិត​ខំ​ឆ្លង​កាត់​ការ​លំ​បាក ខ្នះ​ខ្នែង​ត​ស៊ូ​រៀន​សូត្រ​បា​ន​ល្អ​ជា​និច្ច​។ នេះ​គឺ​ជា​ស​កម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​ជាក់​ស្តែង ក្នុង​ការ​រួម​ចំ​ណែក​សាម​គ្គី​រក្សា​ពង្រឹង​ពង្រីក​ភា​សា និង​អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​៕

អត្ថបទនិងរូបថត៖   លីសៀ

ចែករំលែកអត្ថបទ