ប្រជាជននៅលើឃុំកោះឡាយសើុង ស្រុកកៀងហាយ (កៀងយ៉ាង) ក្រៅពីការច្បាមសមុទ្រនេសាទ ប៉ុន្មានឆ្នាំជិតៗនេះ នៅថែមទាំងចិញ្ចឹមត្រីក្នុងទ្រុងក្បូនលើផ្ទៃសមុទ្រ នាំមកនូវប្រភពចំណូលខ្ពស់បង្គួរទៀតផង។
អ្នកនេសាទឃុំឡាយសើុង ស្រុកកៀងហាយ រកបានប្រាក់ចំណូលបង្គួរផ្ដើមពីការចិញ្ចឹមត្រីដោយទ្រុងក្បូននៅលើផ្ទៃសមុទ្រ។
គិតដោយឡែកក្នុងឆ្នាំ២០១៤ ប្រជាជនចិញ្ចឹមត្រីដោយទ្រុងក្បូននៅលើកោះឡាយសើុង ប្រមូលផលត្រីគ្រប់ប្រភេទបានជាង៣៦តោន (ភាគច្រើនគឺត្រីបើប) សម្រេចបានតម្លៃទឹកប្រាក់ជាង៤,៥ពាន់លានដុង។ បច្ចុប្បន្ន ទូទាំងឃុំឡាយសើុង មានប្រជាជន៣៥គ្រួសារចិញ្ចឹមត្រីចំនួន៥៣ក្បូននិង១០២ទ្រុង។ យោងប្រសាសន៍របស់លោកឌិញតឹងឡើយប្រធានសមាគមកសិករឃុំឡាយសើុង បើប្រៀបនឹងប៉ុន្មានឆ្នាំមុន បរិមាណត្រីចិញ្ចឹមដោយទ្រុងក្បូននៅឃុំឡាយសើុងកើនឡើងច្រើន។ ត្បិតអីនៅឆ្នាំ២០១១ ប្រជាជនទើបតែចាប់ផ្ដើមចិញ្ចឹម អាស្រ័យមិនទាន់មានបទពិសោធន៍ ម្ល៉ោះហើយបានជារងការបង់ខាតច្រើន អត្រាត្រីទំនិញសម្រេចបានប្រហែល៦០%ប៉ុណ្ណោះ។
លោកង្វៀនវុាំងខយ អ្នកដែលបានផ្សារភ្ជាប់ជាមួយនឹងរបរសមុទ្រអស់ច្រើនឆ្នាំឲ្យដឹង ពីមុននេះប្រកបរបរនេសាទ ចួនបានផល ចួនអត់ជីវភាព ជួបការលំបាក។ ចំពោះទម្រង់រូបភាពចិញ្ចឹមត្រីដោយទ្រុងក្បូន ពិតជានាំមកនូវប្រសិទ្ធភាពខ្ពស់បង្គួរអាចជួយដល់អ្នកនេសាទតំបន់សមុទ្រធ្វើមានធ្វើបាន។ សព្វថ្ងៃគ្រួសារលោកង្វៀនវុាំងខយ ចិញ្ចឹមត្រីចំនួន៩ ទ្រុងគិតមធ្យមភាគរៀងរាល់ឆ្នាំ ក្រោយពីទូទាត់ចំណូលចំណាយរួច លោកនៅចំណេញជិត២០០លានដុង។ យោងសម្ដីរបស់លោកង្វៀនវុាំងខយ ពូជត្រីស្ទើរតែទាំងអស់ត្រូវបានប្រមូលទិញនៅនឹងកន្លែង គឺតាមមធ្យោបាយនេសាទនានា ថវិកាវិនិយោគទុនធ្វើក្បូនទាប ខណៈពេលប្រភពចំណីមានសម្បូរបែប (សំខាន់គឺត្រីចម្រុះ) រយៈពេលចិញ្ចឹមពី៧ដល់៨ខែនឹងប្រមូលផល។ ពីមុននេះ ដោយសារទើបតែចាប់ផ្ដើមចិញ្ចឹមមិនទាន់មានបទពិសោធន៍ ម្ល៉ោះហើយរងខាតច្រើន ព្រមជាមួយនោះ ត្រីចម្រុះសម្រាប់ធ្វើចំណីថ្លៃខ្ពស់ចាប់ពី៨.០០០ដល់១០.០០០ដុង/គីឡូក្រាម រីឯតម្លៃត្រីទំនិញលក់ចេញវិញ គឺមិនលំនឹងទេ ចួនកាលត្រឹមតែ៨០.០០០ដល់៩០.០០០ដុង/គីឡូក្រាមប៉ុណ្ណោះ។ ចំណែកសព្វថ្ងៃត្រីចម្រុះសម្រាប់ធ្វើចំណីតម្លៃត្រឹមតែពី៦.០០០ដល់៧.០០០ដុង/គីឡូក្រាម តម្លៃត្រីទំនិញលក់ចេញពី១៤០.០០០ដល់១៥០.០០០ដុង/គីឡូក្រាម ប៉ុន្តែតម្លៃមានលំនឹង។
យោងប្រសាសន៍ លោកឌិញតឹងឡើយ ប្រធានសមាគមកសិករឃុំឡាយសើុង ចាប់ពីឆ្នាំ២០១៣ មកទល់សព្វថ្ងៃមាមីងចាប់ផ្ដើមមានបទពិសោធន៍ក្នុងការចិញ្ចឹមត្រីក្នុងទ្រុងក្បូន ម្ល៉ោះហើយសម្រេចអត្រាប្រហែល៩០%។ ប្រការគួរត្រេកអរបំផុត គឺមាមីងរកបានច្រកចេញលំនឹងសម្រាប់ផលិតផលត្រីចិញ្ចឹមដោយទ្រុងក្បូន។ អាស្រ័យហេតុដូច្នោះ អ្នកចិញ្ចឹមគ្រាន់តែវិនិយោគទុនធ្វើទ្រុងក្បូនហែល១០០លានដុងប៉ុណ្ណោះ រហូតដល់រយៈពេលប្រមូលផលនឹងផ្ដល់ចំណេញប្រហែល៦០% (១៦០លានដុង) រីឯកម្រិតតម្លៃ ដូចសព្វថ្ងៃរកបានប្រាក់ចំណេញរហូតដល់១២០% លើសទ្វេដងបើប្រៀបផ្ទឹមជាមួយនឹងពេលមុននេះ។ អាស្រ័យហេតុដូច្នោះ ប្រជាជនភាគច្រើនមានក្ដីរីករាយ បានវិនិយោគទុននូវទម្រង់រូបភាពចិញ្ចឹមត្រីដោយទ្រុងក្បូនលើផ្ទៃសមុទ្រជាបន្ត។
យោងប្រសាសន៍លោកត្រឹងវុាំងដង លេខាគណៈកម្មាធិការបក្សឃុំឡាយសើុង សព្វថ្ងៃរបរចិញ្ចឹមត្រីដោយទ្រុងក្បូន បានជួយប្រជាជនលើឃុំកោះរកបានប្រាក់ចំណូលបង្គួរ។ ដើម្បីអភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមត្រី ដោយទ្រុងក្បូនលើផ្ទៃសមុទ្រមានលំនឹង ទិសដៅខាងមុខ ឃុំនឹងចង្អុលការផ្តួចផ្ដើម បង្កើតក្រុមសហការចិញ្ចឹមត្រីដោយទ្រុងក្បូន គួបផ្សំជាមួយនឹងការរៀបចំបើកថ្នាក់ហ្វឹកហាត់បច្ចេកទេសជាប្រចាំ សំដៅកាត់បន្ថយរោគឆ្លងរាលដាលកើតឡើងលើត្រីចិញ្ចឹម។ ទន្ទឹមនឹងនោះ លើកទឹកចិត្ត និងបង្កលក្ខណៈជូនគ្រួសារទាំងឡាយដែលគ្មានដើមទុនបានជិតដិត ជាមួយនឹងប្រភពទុនបុលពីធនាគារ ដើម្បីពង្រីករបរចិញ្ចឹមត្រីជាជំហានៗ នឹងលើកស្ទួយជីវភាពប្រជាជនឃុំកោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរធូរធារ៕
ឡេស៊ាង-សេរី