កើតនិងធំដឹងក្តីនៅភូមិតាអោក ឆ្នាំ១៩៩៧ បងសើុងហ្វាងវ៉ាន់ ស្ម័គ្រចិត្តចូលរួមក្នុងកងកម្លាំងប្រជាស្វ័យត្រាណបំពេញការងារនៅភូមិភាគ។ ដោយការខ្នះខែ្នងអស់ពីចិត្តពីថ្លើមក្នុងការងារ ម៉្លោះហើយឆ្នាំ២០១១ បងបានថ្នាក់លើប្រគល់ភារកិច្ចធ្វើជានគរបាលភូមិតាអោកមកទល់សព្វថ្ងៃ។
រយៈកាល៤ឆ្នាំបំពេញការងារនៅភូមិភាគ បងសើុងហ្វាងវ៉ាន់ អាយុ៣៧ឆ្នាំ ជានគរបាលភូមិតាអោក ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ បានប្រជាជនជឿទុកចិត្តស្រឡាញ់រាប់អាន។ បងសុើងហ្វាងវ៉ាន់ (ខាងឆ្វេង)។
ភូមិតាអោក មានគ្រួសារជនរួមជាតិខ្មែររស់នៅ៤៣២គ្រួសារ។ ប៉ុន្មានឆ្នាំមុននេះ ភូមិតាអោកត្រូវបានចាត់ទុកជាចំណុចក្តៅអំពីបាបគ្រោះសង្គមជារៀងរាល់ឆ្នាំកើតមានករណីធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមពី២០ដល់៣០ករណី ។ជាមួយនឹងតួនាទីនគរបាលភូមិ ដើម្បីកាត់បន្ថយបាបគ្រោះសង្គមឲ្យនៅកម្រិតទាប ទន្ទឹមនឹងការចាត់ចែងយាមល្បាតបោស សម្អាតករណីល្មើសច្បាប់ជារឿយៗ បងសើុងហ្វាងវ៉ាន់ នៅទាំងធ្វើបញ្ជីរាយនាមមុខសញ្ញាបំពានច្បាប់ដើម្បីកោះហៅមកអប់រំប្រចាំខែ។ បងតែងលើកទឹកចិត្តមុខសញ្ញាទាំងឡាយ ចូលរួមធ្វើការទប់ស្កាត់កន្លែងបើកល្បែងស៊ីសង ក្នុងនោះមានបៀប៉ោនិងជល់មាន់ជាដើម។ អាស្រ័យហេតុនោះ ករណីល្មើសច្បាប់នៅលើភូមិសាស្រ្តភូមិតាអោកត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់។ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមនៅភូមិភាគ បងសើុងហ្វាងវ៉ាន់ កំណត់ការងារផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិគឺជាការងារមួយសំខាន់ដើម្បីកាត់បន្ថយរាល់ឧក្រិដ្ឋកម្ម។ ម៉្យាងទៀតដោយបានការគាំទ្រពីសំណាក់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ជនជាតិខ្មែរ ដូច្នេះបងតែងឆ្លៀតឱកាសផ្សព្វផ្សាយចលនាប្រជាជនអនុវត្តបានល្អតាមសេចក្តីកំណត់របស់ច្បាប់ និងចូលរួមចលនាការពារសន្តិសុខមាតុភូមិ។ បងសើុងហ្វាងវ៉ាន់ ឲ្យដឹង៖ "ពេលទទួលភារកិច្ចនគរបាល ខ្ញុំបានកំណត់ក្នុងចិត្តថា ត្រូវតែធ្វើការងារដោយអស់ពីចិត្តពីថ្លើម ដើម្បីបម្រើប្រជាជន។ ប្រការនេះ តែងដាស់តឿនខ្ញុំរស់នៅនិងធ្វើការយ៉ាងណាឲ្យប្រជាជនជឿទុកចិត្ត ស្រឡាញ់រាប់អានបើធ្វើបានដូច្នោះ ទើបអនុវត្តសម្រេចបានល្អនូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន"។
ជារៀងរាល់ឆ្នាំ បងសើុងហ្វាងវ៉ាន់ បានទទួលស្គាល់ជានគរបាលអនុវត្តសម្រេចភារកិច្ចឆ្នើមក្នុងការការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ បងសើុងវុាំងឡើយ អនុប្រធាននគរបាលឃុំចូវដៀង បញ្ជាក់៖ "សមមិត្តសើុងហ្វាងវ៉ាន់ ជានិច្ចកាលប្រតិបត្តិបានល្អនូវផែនការនគរបាលឃុំដាក់ចេញអនុវត្តសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ជូនមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ។ មិនត្រឹមតែអនុវត្តល្អភារកិច្ចក្នុងតួនាទីជានគរបាលប្រចាំការប៉ុណ្ណោះទេ សមមិត្តនៅទាំងចូលរួមសកម្មភាពចលនាផ្សេងៗ អាស្រ័យគណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនឃុំ និងគណៈ ផ្នែក អង្គការមហាជននានា បំផុសចលនា។ ឆ្នាំ២០១៥ សមមិត្តសើុងហ្វាងវ៉ាន់ សម្រេចបានកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន"៕
សឺនម៉ាល័យ-មុនី