ច្រើនឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំតាយវុាំង ស្រុកត្រឹងដេ (ខេត្តសុកត្រាំង) បានថ្នាក់ដឹកនាំផ្នែកសុខាភិបាលនិងប្រជាជនស្ងើចសរសើរអំពីរបៀបបម្រើការថែទាំអ្នកជំងឺ។
កម្មាភិបាលដំណាក់សុខាភិបាលពិនិត្យជំងឺជូនប្រជាជន។
បងគឹមសឿង នៅភូមិតាយកុង មកពិនិត្យជំងឺ ឲ្យដឹង៖ "ថ្វីបើពេលព្រឹក មានអ្នកជំងឺច្រើនក៏ដោយ ប៉ុន្តែកម្មាភិបាលពេទ្យនៅតែមានវាចារួសរាយរាក់ទាក់ និងពិនិត្យជំងឺត្រូវតាមលំដាប់លំដោយជានិច្ច ម្ល៉ោះហើយ អ្នកណាក៏សប្បាយចិត្តរង់ចាំដែរ"។ បងស្រីថាច់ធីកៅ នៅភូមិហាបូ ឲ្យដឹងបន្ថែម៖ "នាងខ្ញុំមានជំងឺសម្ពាធឈាមឡើងខ្ពស់ ហើយតែងមកពិនិត្យជំងឺ ដើម្បីយកថ្នាំផឹកសឹងរាល់សប្តាហ៍។ កម្មាភិបាលនៅទីនេះ មានរបៀបបម្រើការបានល្អជូនអ្នកជំងឺ រីឯមុខវិជ្ជាជំនាញខាងពិនិត្យជំងឺនិងផ្ដល់ថ្នាំផឹកក៏ឆុត ម្ល៉ោះហើយញុាំងឲ្យនាងខ្ញុំលំនឹងចិត្តក្នុងការព្យាបាល "។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំតាយវុាំងត្រូវបានបំពាក់បរិក្ខារសម្រាប់បម្រើការពិនិត្យព្យាបាលជំងឺគ្រប់សព្វបង្គួរ មានដូច៖ ម៉ាស៊ីនវាស់សម្ពាធឈាម ម៉ាស៊ីនឆ្លុះអេកូ ម៉ាស៊ីនវាស់ចង្វាក់បេះដូង ម៉ាស៊ីនវិភាគ លោហិតវិទ្យាកៅអីពេទ្យធ្មេញ។ល។ ទន្ទឹមនឹងនោះ មានគ្រប់កងជួរកម្មាភិបាលសុខាភិបាលដែលអស់ពីចិត្តក្នុងការពិនិត្យព្យាបាលជំងឺ ម្ល៉ោះហើយដំណាក់សុខាភិបាល តែងបង្កបាននូវភាពជឿជាក់ជូនប្រជាជនមកពិនិត្យជំងឺ។ មធ្យមភាគក្នុងមួយថ្ងៃៗ ដំណាក់សុខាភិបាលទទួល ពិនិត្យជំងឺជាង៨០លើកនាក់។ គ្រូពេទ្យផាមហុងហ្គឹម ប្រធានដំណាក់ សុខាភិបាលឃុំតាយវុាំង ឲ្យដឹង៖ "ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលច្រើនកុះករដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលជិត១០០%។ អាស្រ័យមានអ្នកជំងឺច្រើន បានជាបន្ទប់ពិនិត្យជំងឺត្រូវបានរៀបចំមានរបៀបរៀបរយ មានកម្មាភិបាលពិនិត្យជំងឺនិងផ្ដល់ថ្នាំបានទាន់ពេល មិនទុកឲ្យអ្នកជំងឺរង់ចាំយូរទេ។ ជាពិសេសដំណាក់សុខាភិបាល ត្រូវបានផ្នែកសុខាភិបាលខេត្តបញ្ជូនកម្មាភិបាលទៅបណ្តុះបណ្តាល ដើម្បីចេះប្រើប្រាស់បរិក្ខារពិនិត្យព្យាបាលជំងឺ។ ម៉ោង៧ព្រឹក កម្មាភិបាលរបស់ដំណាក់ក៏មានមុខដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ ហើយមានវាចារួសរាយ បង្កភាពជឿជាក់ ដើម្បីអ្នកជំងឺលំនឹងចិត្តក្នុងការព្យាបាល"។ ទន្ទឹមនឹងនោះ កិច្ចការផ្សព្វផ្សាយបង្ការបង្រ្កាបរោគឆ្លងរាលដាលត្រូវបានអនុវត្តយ៉ាងល្អ។ តាំងពីឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧មកទល់ឥឡូវលើភូមិសាស្រ្តឃុំ គ្មានកើតរោគឆ្លងរាលដាលធំដុំអ្វីឡើយ។ កម្មវិធីគោលដៅជាតិនានា មានដូចបង្ការបង្រ្កាបរោគឆ្លងរាលដាលត្រូវបានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពហើយបានសម្រេច និងសម្រេចលើសផែនការដាក់ចេញ។ល។
ដំណាក់សុខាភិបាលតាយវុាំង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបង្កភាពជឿជាក់ក្នុងប្រជាជននិងជាអង្គភាពឈានមុខរបស់ខេត្តសុកត្រាំង ក្នុងការអនុវត្តន៍បានល្អ"ការផ្លាស់ថ្មីរបៀបអកប្បកិរិយាបម្រើការ" ជូនអ្នកជំងឺ៕
យ្វីអាញ់ - សេរី