គណៈរៀបចំជូនរង្វាន់ដល់សមណសិស្សដែលសម្រេចលទ្ធផលខ្ពស់ក្នុងពិធីប្រឡង។
សមាគមសាមគ្គីព្រះសង្ឃសេ្នហាជាតិខេត្តសុកត្រាំង ទើបតែសហការនឹងការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រឹងឌេ រៀបចំពិធីប្រឡងយកសញ្ញាបត្របាលីរង និងធម្មវិន័យឯកឆ្នាំសិក្សា២០១៥-២០១៦។ ក្នុងសម័យប្រឡងឆ្នាំនេះ មានសមណសិស្ស៦០អង្គចូលរួមប្រឡងក្នុងនោះ ថ្នាក់បាលីរងមានសមណសិស្ស៥០អង្គ និងធម្មវិន័យឯកមានសមណសិស្ស១០អង្គ មកពីវត្តបឹងភ្នៀត ( ឃុំលីវទូ) វត្តសិរីតាម៉ឺន (ឃុំវៀងអាង-ស្រុកត្រឹងឌេ) វត្តស្រឡូង ឃុំដាយតឹម វត្តបាយឆៅ ឃុំថាមដូង វត្តព្រែកអណ្តើក ឃុំថាញ់ភូ (ស្រុកមីស្វៀង) ។ល។ ថ្នាក់បាលីរង សមណសិស្សប្រឡងបណ្ដាវិញ្ញាសា មានដូច៖ ប្រែធម្មបទ វេយ្យាករណ៍បាលី សរសេរតាមអាន វិន័យ ពុទ្ធប្រវត្តិ និងប្រវត្តិអ៊ំហូ គណិតវិទ្យានិងភាសាវៀត។ ចំណែកថ្នាក់ធម្មវិន័យ ឯកមានវិញ្ញាសា៖ ព្រះអភិធម្ម វេយ្យាករណ៍ខ្មែរ សរសេរតាមអាន ពុទ្ធប្រវត្តិ និងប្រវត្តិអ៊ំហូ វិន័យ គណិតវិទ្យា និងភាសាវៀត។ លទ្ធផលមានសមណសិស្សប្រឡងជាប់៥១អង្គ ក្នុងនោះ ថ្នាក់បាលីរង៤៤អង្គនិងថ្នាក់ធម្មវិន័យឯក៧អង្គ៕
លីធានៈ សុផល