ឆ្នាំ២០១៣ ឃុំភូកឹង ស្រុកទីវកឹង សម្រេចបាន១៩/១៩ លក្ខឋាននិងបានទទួលស្គាល់ជាឃុំជនបទថ្មីដំបូងបង្អស់របស់ខេត្តត្រាវិញ។ ក្រោយពីពីរឆ្នាំអនុវត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគកំពុងព្រួតដៃជាមួយនឹងប្រជាជនលើកកម្ពស់គុណភាពជនបទថ្មី។
មួយជ្រុងនៃមជ្ឈមណ្ឌលរដ្ឋបាលឃុំជនបទថ្មីភូកឹង។
លោកថាច់ហ្វាងណាម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូកឹង ឲ្យដឹងៈ" ពីមុននេះ ភូកឹងជាឃុំក្រីក្រមួយរបស់ខេត្តត្រាវិញ ឃុំមានជនរួមជាតិខ្មែររស់នៅជាង៧០% រស់នៅតាមភូមិដីផ្នូរ ជាកន្លែងដីស្ងួតហួតហែងនៅរដូវប្រាំង ប្រកបការងារធ្វើស្រែចម្ការតែងជួបការលំបាក។ អាស្រ័យហេតុនោះ ជីវភាពរបស់មាមីងនៅជួបការលំបាកច្រើន អត្រាគ្រួសារក្រីក្រទូទាំងឃុំជាង២០%"។ ពេលបានជម្រើសធ្វើជាឃុំគំរូកសាងជនបទថ្មី គណៈកម្មាធិការបក្ស រដ្ឋអំណាចឃុំបានកសាងផែនការសម្រាប់រាល់ផ្នែកសំណង់ដោយលម្អិត។ ការងារផ្សព្វផ្សាយ ចលនាប្រជាជនព្រួតដៃគ្នាកសាងជនបទថ្មី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ លោកហ្វាងណាម រំលឹកឡើង៖ "មាមីងខ្មែរធ្វើស្រែចម្ការតាមរបៀបបុរាណ ហេតុនោះតែងជួបការលំបាកក្នុងការចលនា អនុវត្តវាលស្រែគំ រូធំ ដូច្នោះយើងខ្ញុំបានសហការជាមួយព្រះតេជព្រះគុណថាច់ថឿ ព្រះចៅអធិការវត្តអរុណរង្សី(ចាកអាគ្រោង)ដើម្បីចលនាមាមីង"។ ព្រះតេជព្រះគុណថាច់ថឿ បានបវារណាមាមីងនិងរដ្ឋអំណាចកសាងប្រឡាយ អណ្តែតជាបេតុង នៅភូមិស្វាយមីងនាបច្ចុប្បន្ននេះ។ ប្រឡាយអណ្តែត បាននាំទឹកចូលស្រែហេតុដូច្នោះមាមីងអាចធ្វើស្រែបានពី២ទៅ៣រដូវក្នុងមួយឆ្នាំ។ ពូថាច់កៀង ប្រធានភូមិស្វាយមីងឲ្យដឹងដោយក្តីរីករាយ៖ "នៅភូមិស្វាយមីង បច្ចុប្បន្នមានសុទ្ធតែស្ពានបេតុង។ ចំណែកប្រឡាយធារាសាស្រ្តភាគច្រើនគឺប្រឡាយអណ្តែតបេតុងនាំទឹកស្រោចស្រពចូលដល់ស្រែ។ ផ្លូវគមនាគមន៍ជនបទបានកសាងសម្រេចរួចរាល់ ដូច្នោះប្រជាជនក្នុងភូមិ និងសិស្សសាលាមិននៅធ្វើដំណើរកាត់អូរកាត់វាលទៅរៀនទៅលក់ដូរដូចពីមុនទៀតទេ"។ នោះក៏អាស្រ័យលោកហ្វាងណាម និងព្រះតេជគុណថាច់ថឿ បានចលនាមាមីងនៅភូមិដាយត្រឿងចូលរួមអនុវត្តវាលស្រែគំរូធំដំបូងបង្អស់របស់ខេត្តត្រាវិញ។ អាស្រ័យហេតុនោះ ទិន្នផលស្រូវនៅវាលស្រែរបស់មាមីងក្នុងភូមិដាយត្រឿងនិយាយដោយឡែក និងឃុំភូកឹងនិយាយរួម តែងកើនឡើងជារៀងរាល់ឆ្នាំ ជីវភាពរបស់មាមីងជាជំហានៗឈានឡើងធូរធារ។ ពូគឹមរ៉េន នៅភូមិដាយត្រឿងរៀបរាប់ៈ" ខ្ញុំបានចូលរួមវាលស្រែគំរូធំ ដូច្នេះបរិមាណផលស្រូវកើនឡើងជាលំដាប់ ហើយថែមទាំងលក់បានថ្លៃទៀតផង បច្ចុប្បន្ន គ្រួសារខ្ញុំបានធូរធារក្នុងគ្រួសារអ្នកណាក៏រីករាយដែរ" ។
លោកថាច់ហ្វាងណាម ឲ្យដឹងបន្ថែមៈ" ជនរួមជាតិខ្មែរគឺជាអ្នកនាំមុខក្នុង ការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត រួមចំណែកយ៉ាងធំក្នុងការកសាងសម្រេចឃំុជនបទថ្មី។ បច្ចុប្បន្ន ជីវភាពរបស់មាមីងខ្មែរ ក្នុងឃុំបានធូរធារហើយ"។ មិនតែប៉ុណ្ណោះ មាមីងនៅភូកឹងនៅទាំងព្រួតដៃជាមួយនឹងរដ្ឋអំណាចភូមិភាគលើកកម្ពស់គុណភាព នៃលក្ខឋានជនបទថ្មី ពីព្រោះមាមីងយល់ឃើញថាការលើកកម្ពស់គុណភាពនៃជនបទ ថ្មីក៏ដូចជាលើកកម្ពស់ជីវភាពរបស់យើងទាំងអស់គ្នាដែរ។ ព្រោះហេតុនោះ សរុបប្រភពទុនកៀរគរ ដើម្បីលើកកម្ពស់គុណភាពជនបទថ្មីនៅភូកឹង ក្នុងឆ្នាំ២០១៤គឺ៤៧ពាន់លានដុង ក្នុងនោះប្រជាជនរួមវិភាគទានជាង១ពាន់លានដុង មិនគិតដល់ការបរិចា្ចគដី ឈើដំណាំនិងកម្លាំងពលកម្ម។ ភូកឹងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ការវិវឌ្ឍន៍កំពុងប្រព្រឹត្តទៅនៅលើភូមិសាស្រ្តដែលពីមុនធ្លាប់ក្រលំបាក៕
ថាច់ថាញ់ភូៈ សុផល