ជាង៤០ឆ្នាំកន្លង ថ្ងៃណាក៏ដូចជាថ្ងៃណា លោកគ្រូថាច់កួនហ្វិញតាក់ តែងជិះកង់ទៅសាលាបង្រៀនអក្សរខ្មែរជានិច្ច។ មកទល់ពេលនេះ មានសិស្សជាច្រើនមានវ័យវឌ្ឍនាការ ប៉ុន្តែលោកគ្រូនៅតែបន្តការងាររបស់ខ្លួនក្នុងការបណ្តុះពន្លកជំនាន់ថ្មី។
លោកគ្រូថាច់កួនហ្វិញតាក់។
លោកគ្រូថាច់កួនហ្វិញតាក់ នៅភូមិថាញង្វៀន ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ។ លោកគ្រូបានផ្សារភ្ជាប់ជាមួយនឹងការបង្រៀនអក្សរខ្មែរ ជាច្រើនឆ្នាំ នៅវត្តចំបីសោភ័ណ (ត្រោកកើត) ចំណុះឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ។ វត្តចំបីសោភ័ណ ជាកន្លែងមានប្រវេណីបង្រៀនអក្សរខ្មែរយូរឆ្នាំមកហើយ ហើយមានសិស្សជាច្រើនជំនាន់រៀនសូត្រ បានចេះដឹងអាស្រ័យទីនេះ។ ទោះបីមានអាយុជិត៧០ឆ្នាំក៏ដោយ ប៉ុន្តែលោកគ្រូថាច់កួនហ្វិញតាក់ នៅតែជិះកង់ទៅសាលាបង្រៀនជារៀងរាល់ថ្ងៃ។ លោកគ្រូសំណេះសំណាល រាងកាយរបស់លោកគ្រូតាំងពីតូចមិនសូវបានល្អមួនមាំនឹងគេ ហេតុនោះជារៀងរាល់ថ្ងៃជិះកង់ចម្ងាយ២,៥គីឡូម៉ែត្រទៅវត្តបង្រៀន ចាត់ទុកដូចជាការហាត់ប្រាណម្យ៉ាង។ លោកគ្រូកួនហ្វិញតាក់ បង្រៀនអក្សរខ្មែរក្នុងវត្តចាប់ពីឆ្នាំ១៩៧២ មកម៉្លេះ កាលនោះលោកគ្រូមានអាយុ២៤ឆ្នាំ។ ទន្ទឹមនឹងការបង្រៀនអក្សរខ្មែរ លោកគ្រូនៅទាំងទទួលបន្ទុកខាងការបង្រៀនធម៌អាថ៌វិន័យ និងភាសាបាលីប្រគេនព្រះសង្ឃក្នុងវត្តចំបីសោភ័ណទៀតផង។
ជាង៤០ឆ្នាំកន្លង លោកគ្រូថាច់កួនហ្វិញតាក់ចូលថ្នាក់បង្រៀនដោយអស់ពីចិត្តពីថ្លើម។ កម្រៃពីការបង្រៀនរបស់លោកគ្រូ ជួនកាលគ្រាន់តែកញ្ចប់តែនំ ដែលវត្តនិងសិស្សជូនប៉ុណ្ណោះ។ ប៉ុន្តែកម្រៃធំបំផុតដែលលោកគ្រូថាច់កួនហ្វិញតាក់ចង់បានគឺភាពជោគជ័យរបស់សិស្សគ្រប់ជំនាន់។ ពេលរំលឹកពីរឿងនេះម្តងៗ លោកគ្រូអាចរៀបរាប់យ៉ាងច្បាស់ លាស់ពីសិស្សឆ្នើម បច្ចុប្បន្នកំពុងបំពេញការងារលើគ្រប់វិស័យដូច៖ សារព័ត៌មាន សិល្បៈ អប់រំជាដើម។ ភាពជោគជ័យរបស់សិស្ស គឺជារង្វាន់ដ៏មានតម្លៃបំផុតចំពោះគ្រូគ្រប់រូប ហើយចំពោះលោកគ្រូថាច់កួនហ្វិញតាក់ក៏ដូច្នោះដែរ។
ប្រការគួរឲ្យសរសើរបំផុតចំពោះលោកគ្រូ គឺការអត់ធ្មត់ជាមួយនឹងរបរទោះបីស្ថានភាពគ្រួសារមានពេលខ្លះជួបការលំបាកច្រើន សុខភាពចុះខ្សោយ។ ទន្ទឹមនឹងនោះ បន្ទុកធ្ងន់ក្នុងការហូបចុក ស្លៀកពាក់ ភារកិច្ចជាស្វាមី ជាឪពុកតែងធ្វើឲ្យលោកគ្រូមានការខ្វល់ខ្វាយ។ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តរបស់លោកគ្រូរួមជាមួយនឹងការលើកទឹកចិត្តរបស់ភរិយា លោកគ្រូថាច់កួនហ្វិញតាក់ បានជម្នះការលំបាក បន្តការងារសម្រេចបានល្អនូវភារកិច្ចរបស់លោកចំពោះសង្គម។
បច្ចុប្បន្ន កូនស្រីរបស់លោកគ្រូមានវ័យវឌ្ឍនាការ សេដ្ឋកិច្ចគ្រួសារមានលំនឹង។ លោកគ្រូថាច់កួនហ្វិញតាក់ កាន់តែមានភាពនឹងនរចិត្តបំពេញការងារដែលលោកចូលចិត្ត។ទោះបីគ្រួសារចង់ឲ្យលោកគ្រូធ្វើដំណើរទៅបង្រៀនដោយម៉ូតូ ប៉ុន្តែលោកគ្រូបដិសេធន៍ ពីព្រោះលោកគ្រូចូលចិត្តជិះកង់កញ្ចស់ជាង ដោយចាត់ទុកវាដូចជាមិត្តម្នាក់បានជំនួយកម្លាំង និងរួមដំណើរជាមួយលោកគ្រូឆ្លងកាត់ពេលវេលាដ៏លំបាកលំបិនបំផុតនាពេលកន្លង។ រូបភាពលោកគ្រូជិះកង់កញ្ចាស់ទៅបង្រៀនតែងដក់ជាប់ក្នុងអារម្មណ៍សិស្សគ្រប់ជំនាន់ និងដោយទឹកចិត្តដឹងគុណដ៏ជ្រាលជ្រៅបំផុត៕
ថាច់ថាញ់ភូ-វិមាន