ត្រាវិញ ជាខេត្តមានអត្រាជនរួមជាតិខ្មែររស់នៅច្រើនបំផុតនៃតំបន់វាលរាបទន្លេគឺវឡុង។ ច្រើនឆ្នាំកន្លង គណៈកម្មាធិការបក្សខេត្តត្រាវិញ តែងយកចិត្តទុកដាក់លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលបំពាក់បំប៉ន ដើម្បីអភិវឌ្ឍប្រភពធនធានមនុស្សក្នុងជនរួមជាតិខ្មែរ។
ត្រាវិញផ្តោតការយកចិត្តទុកដាក់ អប់រំបណ្តុះបណ្តាល ប្រភពធនធានមនុស្សជាជនជាតិខ្មែរ។
ដល់ឆ្នាំ២០១៤ ខេត្តត្រាវិញមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចចំនួន៤.១២៩រូប ស្រូបអត្រា១៨,២៧%។ កម្មាភិបាលអ្នករដ្ឋការ បុគ្គលិកស្ទើរតែទាំងអស់សុទ្ធតែត្រូវបានបណ្តុះបណ្តាលសម្រេចបទដ្ឋានក្របខ័ណ្ឌ និងតួនាទីការងារ; អំពីកម្រិតវិជ្ជាឯកទេស មានមហាបរិញ្ញា១៥រូប កម្មាភិបាលមានកម្រិតវិជ្ជាមហាវិទ្យាល័យ១.៧៤៤រូប អនុមហាវិទ្យាល័យ១.០៩៥រូប មធ្យមសិក្សា១.១១៧រូប។ល។ ក្នុងការជម្រើសអ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច សុទ្ធតែបង្អែកលើតម្រូវការនៃភារកិច្ចតួនាទីការងារ លក្ខឋានតំណែង និងភាគកម្រិតក្របខ័ណ្ឌដែលបានប្រគល់ជូនរបស់បណ្តាស្ថាប័នអង្គភាពធានាគុណភាព។
កងជួរកម្មាភិបាលជនជាតិខ្មែរបានយកចិត្តទុកដាក់បំពាក់បំប៉ន បណ្តុះបណ្តាល ប្រើការតែងតាំង និងរៀបចំឲ្យទទួលតួនាទីសំខាន់ៗ នៅថ្នាក់ខេត្តពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ចាប់ពីឆ្នាំ២០០២ គណៈកម្មាធិការបក្សខេត្តបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីជម្នះស្ថានភាពសាខាបក្សភូមិ អនុសង្កាត់នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ប៉ុន្តែគ្មានបក្ខជនជាជនជាតិខ្មែរឬក៏នៅមន្ទីរ គណៈផ្នែកនានារបស់ខេត្តដែលគ្មានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិខ្មែរ។ ស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះករ បានរៀបចំកម្មាភិបាល បន្ថែមមួយរូបទទួលបន្ទុកការងារជនជាតិនៅការិយាល័យជនជាតិ និងយកចិត្តទុកដាក់ដល់ការបំពាក់បំប៉ន បណ្តុះបណ្តាលយុវជន ក្រោយពីបំពេញកាតព្វកិច្ចយោធា ធ្វើជាប្រភពកម្មាភិបាលបំពេញបន្ថែម ជូនមូលដ្ឋាន។ ឆ្នាំ១៩៩២ ពេលទើបបង្កើតខេត្ត បក្ខជនខ្មែរស្រូបអត្រាត្រឹមតែ៦,៥៦%ដល់ចុងឆ្នាំ២០១៤ អត្រានេះកើនឡើងដល់១៥,៨២%; ប៉ុន្តែនៅតែមិនទាន់សម្រេចបានទិសដៅរបស់គណៈកម្មាធិការបក្សខេត្តដាក់ចេញ គឺដល់ឆ្នាំ២០១៥ បក្ខជនខ្មែរស្រូបអត្រា២០% នៃចំនួនបក្ខជនទូទាំងខេត្ត។
ស្រុកថ្កូវជាភូមិភាគមួយមានអត្រាជនរួមជាតិខ្មែរជិត៦២%។ ចំនួនបក្ខជនថ្មីជាជនជាតិភាគតិចនៅស្រុកនេះកើនពី៤៨,៧៥% (ឆ្នាំ២០១២) ឡើង៥២,៣៤%ក្នុងឆ្នាំ២០១៤។ មកទល់ពេលនេះ បក្ខជនខ្មែរស្រូបអត្រាជិត៤៣%នៃបក្ខជនទូទាំងស្រុក។ សមមិត្ត គឹមហ្វាង លេខាគណៈកម្មាធិការបក្សឃុំហាមយ៉ាង ស្រុកថ្កូវ ជាឃុំមានជនរួមជាតិខ្មែររស់នៅជិត៩៨% ឲ្យដឹង៖ ឃុំទើបរៀបចំមហាសន្និបាតសាខាបក្ស និងតែងតាំងប្រធានគណៈកម្មការប្រជាជនភូមិដោយជោគជ័យ។ ក្នុងចំណោមសមមិត្តទាំង៨រូប ដែលជាលេខាសាខាបក្ស និងជាប្រធានគណៈកម្មការប្រជាជនភូមិ មានសមមិត្តជាជនជាតិខ្មែរដល់ទៅ៧នាក់។ ប្រការគួរត្រេកអរជាងទៀត សមមិត្តទាំងឡាយដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតលើកនេះ សុទ្ធតែសម្រេចបទដ្ឋានខាងវិជ្ជាឯកទេសនិងកម្រិតអាយុតាមការកំណត់រួមរបស់ខេត្ត។ ក្នុងចំណោមសមមិត្តទាំង២២រូប ក្នុងបញ្ជីគម្រោងរៀបចំកម្មាភិបាលថ្នាក់គណៈកម្មាធិការបក្សឃុំដែលបានផ្តល់សច្ចាប័ន ភាគច្រើនសុទ្ធតែមានវ័យនៅក្មេងមានតែម្នាក់មានអាយុជាង៤០ឆ្នាំ; អំពីវិជ្ជាឯកទេសភាគច្រើន មានកម្រិតវិជ្ជាអនុមហាវិទ្យាល័យ មហាវិទ្យាល័យ ឬកំពុងរៀនមហាវិទ្យាល័យ។
សមមិត្ត ត្រឹងទ្រីយ៉ុង លេខាគណៈកម្មាធិការបក្សខេត្ត ឲ្យដឹង៖ ជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ បានជាខេត្តត្រាវិញ តែងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបំពាក់បំប៉នកម្មាភិបាល និងចាត់ទុកការងាររៀបចំគម្រោងកម្មាភិបាល ជាផ្នែកចម្បងក្នុងយុទ្ធសាស្រ្តអភិវឌ្ឍប្រភពធនធានមនុស្ស ដើម្បីឆើ្លយតបទៅនឹងតម្រូវការបានល្អសម្រាប់ភារកិច្ចចំពោះមុខនិងយូរអង្វែង ពិសេសគឺកងជួរកម្មាភិបាលខ្មែរ។ ការងាររៀបចំគម្រោងកម្មាភិបាលស្នងបន្តមានភាពបន្តបន្ទាប់រឹងប៉ឹង រវាងកម្មាភិបាលពីជំនាន់មួយទៅជំនាន់មួយ ដើម្បីបង្កប្រភពកម្មាភិបាលថ្នាក់ដឹកនាំគ្រប់គ្រងសម្បូរបែប ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន។ ទន្ទឹមនឹងនោះ ខេត្តកសាងកងជួរកម្មាភិបាល ថ្នាក់ដឹកនាំគ្រប់គ្រង ធានាទាំងកម្រិតវិជ្ជា ចរិយាសម្បត្តិនិងទាំងបញ្ញា ដើម្បីដឹកនាំភូមិភាគ អង្គភាពឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប៕
ថាញ់ផុង-វិមាន