ប៉ុន្មានឆ្នាំកន្លង ដំណាក់សុខាភិបាលឃុំត្វឹងតឹក ស្រុកថាញ់ទ្រី ខេត្តសុកត្រាំងអនុវត្តបានល្អការងារពិនិត្យព្យាបាលជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលពិនិត្យជំងឺ ជូនប្រជាជន។
ត្វឹងតឹក ជាឃុំនៅតំបន់ឆ្ងាយដាច់ស្រយាល មានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកថាញ់ទ្រី ស្រូបអត្រា៦៧,៣%។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការងារថែទាំសុខភាពជូនប្រជាជន និងបង្ការបង្រ្កាបរោគរាលដាលលើភូមិសាស្រ្តត្រូវបានអនុវត្តល្អ។ វេជ្ជបណ្ឌិតឡឹមបែយ្វៀង អនុប្រធានដំណាក់សុខាភិបាល ឲ្យដឹង៖ "ចាប់ពីពេលរដ្ឋមានគោលនយោបាយផ្តល់ ប័ណ្ណធានាហានិភ័យសុខាភិបាលសម្រាប់ជនជាតិភាគតិច គឺមាមីងមកពិនិត្យជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ ដូច្នោះ កម្មាភិបាលសុខាភិបាលតែងមានការងារធ្វើយ៉ាងនឿយហត់ ពិនិត្យជំងឺបណ្តើរចុះទៅមូលដ្ឋានបណ្តើរ ដើម្បីអនុវត្តកម្មវិធីសុខាភិបាលថ្នាក់ជាតិ"។
ដោយសារថែទាំសុខភាពជូនប្រជាជនបានល្អ ម្ល៉ោះហើយកម្មាភិបាលដំណាក់សុខាភិបាលត្វឹងតឹក តែងបានប្រជាជនជឿទុកចិត្ត។ បច្ចុប្បន្ន មធ្យមភាគក្នុងមួយថ្ងៃៗ ដំណាក់សុខាភិបាលទទួលពិនិត្យព្យាបាលជំងឺពី៦០ដល់១០០នាក់ ក្នុងនោះអ្នកជំងឺប្រើប័ណ្ណធានាហានិភ័យសុខាភិបាលមាន៩០%។ គ្រូពេទ្យថាច់សារី មានប្រសាសន៍ "ក្នុងនាមជាគ្រូ ពេទ្យភារកិច្ចរបស់យើងខ្ញុំ គឺត្រូវថែទាំសុខភាពជូនប្រជាជន ជួយអ្នកជំងឺ ឲ្យឆាប់បានជាសះស្បើយ។ រៀងរាល់ថ្ងៃមានមាមីងមកពិនិត្យជំងឺច្រើនកុះករសំខាន់ គឺជំងឺធម្មតាដូច៖ រលាកផ្លូវដង្ហើម សន្លាក់ឆ្អឹង ឈឺឆ្អឹងខ្នង ។ល។ នេះបញ្ជាក់ឲ្យឃើញថា មាមីងមានការយកចិត្តទុកដាក់ដល់ការថែទាំសុខភាពផ្ទាល់ខ្លួន។ ព្រោះហេតុនោះ ការងារថ្វីត្បិតតែនឿយហត់ពិតមែន ប៉ុន្តែគ្រូពេទ្យនៅទីនេះ អ្នកណាក៏សប្បាយចិត្ត ពីព្រោះមាមីងមានទំនុកចិត្តទៅលើគ្រូពេទ្យ លែងទិញថ្នាំផឹកដោយខ្លួនឯងដូចមុនទៀត"។ ទោះបីមានអ្នកជំងឺច្រើន ប៉ុន្តែគ្រូពេទ្យទាំងឡាយនៅតែទទួលអ្នកជំងឺដោយរាក់ទាក់ ផ្អែមល្ហែមនិងផ្តល់ការពិគ្រោះច្បាស់លាស់ ញាំងឲ្យមាមីងនឹងនរចិត្តព្យាបាលជំងឺ។ បងស្រីហ្វិញធីផែង នៅភូមិត្រុងហ្វា ឲ្យដឹង៖"វេជ្ជបណ្ឌិតនៅទីនេះ អស់ពីចិត្តពីថ្លើមចំពោះអ្នកជំងឺ។ ប្រសិន បើពិនិត្យឃើញជំងឺឋិតក្នុងសមត្ថភាពអាចព្យាបាលបាន គឺព្យាបាលភ្លាម ប្រសិនបើពិនិត្យឃើញជំងឺហួសពីសមត្ថភាពព្យាបាល គឺធ្វើបែបបទបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើភ្លាម។ ព្រោះហេតុនោះ ពេលនាងខ្ញុំឈឺថ្កាត់ម្តងៗ នាងខ្ញុំមានការនឹងនរចិត្តមកពិនិត្យជំងឺនៅទីនេះ"។
ទន្ទឹមជាមួយនឹងការងារពិនិត្យព្យាបាលជំងឺជូនប្រជាជន ការងារផ្សព្វផ្សាយបង្ការបង្រ្កាបរោគរាលដាល ក៏ត្រូវបានដំណាក់សុខាភិបាលអនុវត្តបានល្អ។ ឆ្នាំ២០១៤ លើភូមិសាស្រ្តឃុំគ្មានកើតរោគរាលដាលអ្វីទេ។ បណ្តាកម្មវិធីគោលដៅជាតិបង្ការបង្រ្កាបរោគរាលដាល សុទ្ធតែបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព សម្រេចផលតាមការកំណត់។ ក្នុង សកម្មភាពបង្ការទប់ទល់នឹងរោគខ្វះអាហារូបត្ថម្ភចំពោះកុមារដំណាក់សុខាភិបាលជានិច្ចកាលសហការជាមួយសហការីទាំង១៩នាក់របស់ភូមិទាំង៥ចុះដល់ផ្ទះប្រជាជនផ្សព្វផ្សាយអំពីសកម្មភាពអាហារូបត្ថម្ភជូនអ្នកម្តាយមានគភ៌និងកុមារឲ្យបានយល់ពីការចិញ្ចឹមកូនដោយទឹកដោះម្តាយនិងរបៀបថែទាំទារក។
អាស្រ័យដោយការខ្នះខ្នែងរបស់កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលឃុំត្វឹងតឹក ក្នុងការថែទាំសុខភាពជូនប្រជាជន ម្ល៉ោះហើយឃុំតែងសម្រេចបានកិត្តិនាម ជាឃុំសម្រេចបទដ្ឋានជាតិខាងសុខាភិបាល៤ឆ្នាំបន្តបន្ទាប់៕
លីធាន-សឺនម៉ាល័យ