រយៈពេលកន្លង ដំណាក់សុខាភិបាលឃុំថាញក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង បំពេញបានល្អការងារពិនិត្យព្យាបាល និងបង្ការរោគឆ្លងរាលដាលលើភូមិសាស្រ្ត។
កម្មាភិបាលដំណាក់សុខាភិបាលអស់ពីចិត្តពិនិត្យព្យាបាលជំងឺជូនប្រជាជន។
អ៊ំស្រីថាច់ធីញី នៅភូមិដាយសូ ឲ្យដឹង៖ "មកពិនិត្យរោគនៅដំណាក់សុខាភិបាលឃុំថាញក្វើយ ខ្ញុំគ្មានបារម្ភអ្វីទេ ត្បិតអីមានវេជ្ជបណ្ឌិតតែងអស់ពីចិត្តពីថ្លើមជាមួយនឹងអ្នកជំងឺ។ ខណៈពេលពិនិត្យសម្ពាធឈាម និងពិនិត្យជំងឺឲ្យខ្ញុំ វេជ្ជបណ្ឌិតបានផ្ដាំយ៉ាងហ្មត់ចត់នូវប្រការសំខាន់ៗ ដើម្បីព្យាបាលជំងឺឲ្យបានឆាប់ជាសះស្បើយ។ ជាពិសេសមណ្ឌលពិនិត្យជំងឺតែងមានរបៀបរៀបរយ និងជ្រះស្អាត ម្ល៉ោះហើយបង្កភាពងាយស្រួលជូនអ្នកជំងឺមកសម្រាកព្យាបាល"។ បច្ចុប្បន្ន ដំណាក់សុខាភិបាលថាញក្វើយ ត្រូវបានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធបានសមរម្យ និងបរិក្ខារគ្រប់សព្វបង្គួរ។ ទន្ទឹមនឹងនោះ កងជួរកម្មាភិបាល ភាគច្រើនតែងមានមុខវិជ្ជាជំនាញច្បាស់លាស់ ម្ល៉ោះហើយបង្កបានក្តីជំនឿជូនមាមីងនៅពេលចូលមកពិនិត្យព្យាបាលជំងឺ។ គិតជាមធ្យមភាគ រៀងរាល់ខែ ដំណាក់សុខាភិបាលបានពិនិត្យជំងឺជូនប្រជាជនជាង២.០០០លើកនាក់។ ក្រៅពីនោះ ការជំរុញការងារសារគមនាគមន៍អប់រំ សុខភាព កសាងប្រព័ន្ធសុខាភិបាលមូលដ្ឋានត្រូវបានដំណាក់សុខាភិបាលយកចិត្តទុកដាក់អនុវត្តយ៉ាងពេញលេញ។ ទូទាំងឃុំមានក្រុមសុខាភិបាលចំនួន១២និងមានសហការីសុខាភិបាលចំនួន៥០នាក់ តែងមានមុខនៅគ្រប់ភូមិ។
ដោយសារភូមិសាស្រ្តឃុំថាញ ក្វើយធំទូលាយបង្គួរនិងមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយការងារបង្ការបង្រ្កាបរោគឆ្លងរាលដាល តែងបានយកចិត្តទុកដាក់។ ចាប់ពីដើមឆ្នាំមកទល់ឥឡូវ ដំណាក់សុខាភិបាលឃុំថាញក្វើយបានកសាងផែនការ ដើម្បីគួបផ្សំជាមួយនឹងបណ្តាគណៈ ផ្នែក អង្គការមហាជនភូមិភាគ ក្រុមសុខាភិបាលសហការី សុខាភិបាលជំរុញការងារផ្សព្វផ្សាយ និងអនុវត្តបណ្តាកម្មវិធីទិសដៅសុខាភិបាលជាតិ។ ជាពិសេស គឺផ្ដុំកម្លាំងក្នុងយុទ្ធនាការបង្ការបង្រ្កាបរោគគ្រុនឈាម ពងបែកដៃជើងមាត់ គ្រុនផ្ដាសាយ១N១ ។ល។ វេជ្ជបណ្ឌិត ដាវខឿងណាម ប្រធានដំណាក់សុខាភិបាលឃុំថាញក្វើយ ឲ្យដឹង៖ "មុនឆ្នាំ២០១០ ឃុំថាញក្វើយ ជាឃុំមានករណីរោគគ្រុនឈាមខ្ពស់បំផុតរបស់ស្រុក (គិតជាមធ្យមភាគមានប្រមាណពី៥០-៨០ករណី/ឆ្នាំ)។ ហេតុនោះ ដំណាក់សុខាភិបាលឃុំបានសហការជាមួយនឹងអង្គភាពនានា បង្កើនការងារផ្សព្វផ្សាយ ម្ល៉ោះហើយស្មារតីភ្ញាក់រលឹកអំពីការងារបង្ការបង្រ្កាបរោគឆ្លងរាលដាលក្នុងប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកកម្ពស់។ អាស្រ័យហេតុដូច្នោះ រយៈពេល៣ឆ្នាំជិតនេះចំនួនករណីអ្នកកើតរោគគ្រុនឈាម បានថយចុះគួរឲ្យកត់សម្គាល់ គិតមធ្យមភាគ មានប្រមាណពី៨-១០ករណី/ឆ្នាំ"។
តាមប្រសាសន៍របស់វេជ្ជបណ្ឌិតណាម ការងារថែទាំសុខភាពឲ្យកុមារ និងស្រ្តីមានគភ៌ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ កម្មាភិបាលទទួលបន្ទុកតែងឧស្សាហ៍ណែនាំស្រ្តីជាម្តាយទាំងឡាយ ពីរបៀបថែទាំកុមារ និងចិញ្ចឹមកូនតាមវិទ្យាសាស្រ្ត។ ផ្ដើមពីនោះ បានរួមចំណែកកាត់បន្ថយអត្រាកុមារខ្វះអាហារូបត្ថម្ភលើភូមិសាស្រ្តចុះនៅត្រឹម១១%។ ការងារពិនិត្យគភ៌៣លើក ជូនស្រ្តីមានផ្ទៃពោះ ត្រូវបានអនុវត្តល្អបង្គួរ ការចាក់វ៉ាក់សាំងបង្ការរោគជូនស្រ្តីមានគភ៌ និងកុមារក្រោមអាយុ៥ឆ្នាំ សុទ្ធតែសម្រេចជាង៩៩%។ ក្រៅពីនោះ កម្មាភិបាលដំណាក់សុខាភិបាលនៅទាំងសហការជាមួយនឹងបណ្តាផ្នែកពាក់ព័ន្ធអនុវត្តការត្រួតពិនិត្យ អនាម័យសុវត្ថិភាពចំណីអាហារនៅតាមចិញ្ចើមថ្នល់ និងនៅតាមហាងហូបចុក ហាងសារពើភណ្ឌ។ល។ ដើម្បីធានាសុខភាពជូនប្រជាជន ជាពិសេសគឺនៅក្នុងឱកាសបុណ្យទានផ្សេងៗ។
វេជ្ជបណ្ឌិតដាវខឿងណាម ឲ្យដឹងបន្ថែម៖" រយៈពេលខាងមុខដំណាក់សុខាភិបាលឃុំថាញក្វើយ នឹងបន្តការជំរុញយ៉ាងខ្លាំងក្លានូវការងារផ្សព្វផ្សាយស្ដីពីការបង្ការបង្រ្កាបរោគឆ្លងរាលដាល។ លើកកម្ពស់កម្រិតវិជ្ជាជីវៈ ដើម្បីបម្រើការពិនិត្យព្យាបាលជំងឺជូនប្រជាជនឲ្យរឹតតែប្រសើរថែមទៀត"៕
យ៉ីអាញ់-សេរី