មិនត្រឹមតែខ្នះខ្នែងចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្តដើម្បីសហគមន៍ប៉ុណ្ណោះទេ សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ នៅទាំងពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តក្នុងការថែទាំសុខភាពប្រជាជន។ចាប់តាំងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៩ ខែសីហា នៅដំណាក់សុខាភិបាលឃុំឡាយហ្វា គ្រូពេទ្យ "អាវខៀវ" មានវត្តមានតាំងពីព្រលឹម ដើម្បីជួយប្រជាជន ពិសេសគឺអ្នកវ័យចាស់ អ្នកមានស្ថានភាពលំបាកមកពិនិត្យជំងឺទូទាំងប្រជាជនដោយឥតគិតថ្លៃ រួមចំណែកជួយសកម្មភាពប្រព្រឹត្តិទៅរលូននិងមានភាពហ្មត់ចត់។
តាមគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា មធ្យមក្នុងមួយថ្ងៃដំណាក់សុខាភិបាលឃុំទទួលប្រជាជនប្រមាណ១.០០០នាក់មកពិនិត្យជំងឺ ធ្វើតេស្តឈាម ទឹកនោម ថតកាំរស្មីX។ល។ ដើម្បីប្រជាជនមានភាពងាយស្រួលក្នុងការពិនិត្យជំងឺ សមាជិកសម្ព័ន្ធយុវជននិងយុវជនមានវត្តមានតាំងពីព្រឹកព្រលឹមនៅដំណាក់សុខាភិបាលឃុំ ដើម្បីជួយណែនាំប្រជាជនធ្វើបែបបទ រៀបចំកន្លែងរង់ចាំ ជួយគ្រាអ្នកជំងឺពិនិត្យភ្នែក ជូនទៅធ្វើតេស្តនិងដោះស្រាយបញ្ហាចាំបាច់ដែលពាក់ព័ន្ធដល់ការពិនិត្យជំងឺ។ ចំពោះអ្នកវ័យចាស់និងអ្នកដែលជួបលំបាកក្នុងការធ្វើដំណើរទៅមក សមាជិកយុវជនមិនរារែកទៅជួយគ្រា ជួយរុញរទេះ ជួយនាំទៅពិនិត្យឯកទេសពីតុមួយទៅតុមួយដោយអស់ពីចិត្ត។

សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ជួយណែនាំប្រជាជនមកពិនិត្យជំងឺ។
យុវនារី ត្រឹងធីញ៉ៀង សមាជិកសម្ព័ន្ធយុវជនឃុំឡាយហ្វា ឱ្យដឹង៖ "យើងខ្ញុំខិតខំជួយមាមីងតាំងពីពេលមកដល់ដំណាក់សុខាភិបាល។ មានយាយតាចាស់ៗជាច្រើន មិនសូវចេះភាសាវៀតណាម មិនស្ទាត់ចុះឈ្មោះលើកម្មវិធី VNeID ពេលធ្វើបែបបទផ្សេងៗ ដូច្នេះ យើងខ្ញុំជួយណែនាំជាភាសាខ្មែរយ៉ាងលម្អិត ជួយឱ្យមាមីងមានភាពងាយស្រួលក្នុងការពិនិត្យជំងឺ។នេះក៏ជាការងារដ៏មានអត្ថន័យ ដើម្បីយុវជនបានរួមចំណែកសម្រាប់សហគមន៍"។ ចូលរួមសកម្មភាពនេះដែរ យុវនារី ទីវធ្វីត្រាង ចែករំលែក៖ "មានយាយតាចាស់ៗមកពិនិត្យជំងឺម្នាក់ឯង សុខភាពមិនល្អ ម្ល៉ោះហើយយើងខ្ញុំទៅជួយគាត់។ ទោះបីមានប្រជាជនមកច្រើន ការងារហត់នឿយយ៉ាងណាក៏ដោយ ពេលឃើញមាមីងបានពិនិត្យជំងឺនិងត្រឡប់ទៅផ្ទះវិញដោយទឹកមុខរីករាយ យើងខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ផ្តើមពីនោះ ផ្តល់កម្លាំងចិត្តបន្ថែមដើម្បីយើងខ្ញុំបន្តចូលរួមបណ្តាសកម្មភាពស្ម័គ្រចិត្ត"។
ទន្ទឹមនឹងការជួយណែនាំប្រជាជនពិនិត្យជំងឺ សមាជិកសម្ព័ន្ធយុវជននិងយុវជននៅទាំងផ្សព្វផ្សាយ ចលនាប្រជាជនម្ចាស់ការថែទាំសុខភាព អនុវត្តតាមការផ្តល់អនុសាសន៍របស់ផ្នែកសុខាភិបាល និងរក្សាទម្លាប់ពិនិត្យសុខភាពតាមកាលកំណត់។ ទន្ទឹមនឹងនោះ ពេលមាមីងមិនទាន់មានគណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក សមាជិកសម្ព័ន្ធយុវជនក៏ជួយមាមីងដំឡើងកម្មវិធី VNeID រួមបញ្ចូលប័ណ្ណធានារ៉ាប់រងសុខាភិបាលនិងក្រដាសស្នាមផ្សេងៗ ដើម្បីងាយស្រួលក្នុងការពិនិត្យជំងឺ និងធ្វើបែបបទរដ្ឋបាលរដ្ឋ…។

សមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វា ជួយណែនាំមាមីងពេលមកពិនិត្យជំងឺ។
ពោលពីស្មារតីក្លៀវក្លារបស់យុវវ័យ សមមិត្ត ហូថាញត្រា លេខាសម្ព័ន្ធយុវជនឃុំឡាយហ្វា ឱ្យដឹង៖ "សម្ព័ន្ធយុវជនឃុំកំណត់ច្បាស់ការងារគិតគូរ ជួយឧបត្ថម្ភប្រជាជនជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជាក់ស្តែង ដើម្បីពង្រីកតួនាទីរបស់យុវវ័យនៅភូមិភាគ។ ក្នុងសកម្មភាពពិនិត្យជំងឺទូទាំងប្រជាជនដោយឥតគិតថ្លៃ យើងខ្ញុំចាត់សមាជិកសម្ព័ន្ធយុវជនតាំងពីការទទួល ជួយណែនាំធ្វើបែបបទ រហូតដល់ជូនប្រជាជនទៅកាន់មណ្ឌលពិនិត្យ។ តាមរយៈនោះ រួមចំណែកជួយបន្ថយការហួសចំណុះដល់កម្មាភិបាលសុខាភិបាល ជួយទាំងប្រជាជន ពិសេសគឺអ្នកវ័យចាស់ជនជាតិខ្មែរមានភាពងាយស្រួលនិងស្ងប់ចិត្តពេលមកពិនិត្យជំងឺ"។ តាមប្រសាសន៍របស់លេខាសម្ព័ន្ធយុវជនឃុំឡាយហ្វា នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំនឹងបន្តសហការជាមួយគណៈ ផ្នែកនិងអង្គភាពនានា ដើម្បីចាត់តាំងសកម្មភាពស្ម័គ្រចិត្តជាច្រើនផ្សារភ្ជាប់នឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន តាមរយៈនោះ បង្កបរិស្ថានដើម្បីសមាជិកសម្ព័ន្ធយុវជននិងយុវជនបានលត់ដំ រួមចំណែកនិងធ្វើឱ្យរីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។
ផ្តើមពីការងារជាក់ស្តែង រូបភាពសមាជិកសម្ព័ន្ធយុវជននិងយុវជនឃុំឡាយហ្វាកាន់តែមានភាពជិតស្និទ្ធក្នុងជីវភាពប្រជាជន។ ផ្នែកការងារនីមួយៗតែងពោពេញដោយស្មារតីទទួលខុសត្រូវនិងការចែករំលែក រួមចំណែកធ្វើឱ្យរីកសាយភាយរូបភាពដ៏ល្អប្រពៃរបស់យុវវ័យក្នុងសកម្មភាពសុខុមាលភាពសង្គមនិងការថែទាំសុខភាពសហគមន៍៕
យ្វីអាញ-មុនី