20/08/2026 - 16:19

លើក​កម្ពស់​តម្លៃ​ដំ​ណាំ​ស្ពៃ​មើម​ 

ផ្តើម​ពី​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ស្ពៃ​មើម​  រហូត​ដល់​ការ​រក្សា​មុខ​របរ​ធ្វើ​ឆៃប៉ូវ​ ប្រ​ជា​ជន​នៅ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ទាញ​យក​ប្រ​យោជន៍​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ពី​កសិ​ផល​ដ៏​ស្និទ្ធ​ស្នាល​នេះ​។ មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​បង្គួរ​ ស្ពៃ​មើម​ថែម​ទាំង​បាន​កែ​ច្នៃ​ទៅ​ជា​ផលិត​ផល​ដែល​មាន​តម្លៃ​ រួម​ចំ​ណែក​ក្នុង​ពិពិធ​កម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​ទៀត​ផង​។

ទម្រង់​ដាំ​ស្ពៃ​មើម​របស់​បង​ ត្រឹង​ថា​ញ់ហ្វាយ​  នៅ​ភូមិ​ឈូង​ធំ​ B ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ​។

បច្ចុប្បន្ន​ ឃុំ​ឡាយ​ហ្វា​ទាំង​មូល​មាន​ផ្ទៃ​ដី​ដាំ​ស្ពៃ​មើម​ជាង​ ១២ ហិក​តា​។ នេះ​ជា​ប្រ​ភេទ​ដំ​ណាំ​ដែល​មាន​រយៈ​ពេល​លូត​លាស់​ខ្លី​ ងាយ​ស្រួល​ថែ​ទាំ​ ប្រើ​ដើម​ទុន​តិច​និង​ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​បង្គូរ​។ ព្រោះ​ហេ​តុ​នោះ​ ស្ពៃ​មើម​បាន​កសិ​ករ​ជា​ច្រើន​នៅ​ឃុំ​ឡាយ​ហ្វា​ជ្រើស​រើស​ដាំ​ ដោយ​ប្រើ​ប្រាស់​ពេល​ប្រ​មា​ណ​ពី​ ៤៥ - ៤៦ ថ្ងៃ​ប៉ុណ្ណោះ​គឺ​អាច​ប្រ​មូល​ផល​បាន​។ នៅ​ភូមិ​ ឈូង​ធំ​ B ចំ​ការ​ស្ពៃ​មើម​កំ​ពុង​ក្លាយ​ជា​ប្រ​ភព​ចំ​ណូល​របស់​គ្រួ​សារ​ជា​ច្រើន​។ តួ​យ៉ាង​ដូច​គ្រួ​សា​របង​ ត្រឹង​ថា​ញ់ហ្វាយ​ ជា​គ្រួ​សារ​មួយ​មាន​បទ​ពិសោធន៍​ប្រឡូក​ជា​មួយ​ដំ​ណាំ​នេះ​ជា​ច្រើន​ឆ្នាំ​។ អស់​រយៈ​កាល​ជាង​ ១០ ឆ្នាំ​ដាំ​ស្ពៃ​មើម​ បង​ហ្វាយ​ សន្សំ​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ ព្រម​ទាំង​ហ៊ាន​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ទៅ​ក្នុង​ការ​ផលិត​ ដើម្បី​បន្ថយ​កម្លាំង​ពល​កម្ម​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​លើ​ផ្ទៃ​ដី​ដាំ​ដុះ​តែ​មួយ​។ បង​ហ្វាយ​ ចែក​រំលែក​៖ “ខ្ញុំ​ដាំ​ស្ពៃ​មើម​ប្រ​មា​ណ​ ១,៥ ហិក​តា​ មធ្យម​ក្នុង​មួយ​កុង​សម្រេច​ទិន្ន​ផល​ពី​ ៣ - ៥ តោន​។ ប្រ​សិន​បើ​តម្លៃ​លក់​ពី​ ៣.០០០ - ៥.០០០ ដុង​/គី​ឡូ​ក្រាម​ នោះ​ក្នុង​មួយ​កុង​អាច​ចំ​ណេញ​បាន​ជាង​ ៥ លាន​ដុង​”។ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ​ បង​ហ្វាយ​ បាន​វិនិយោគ​លើ​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ទឹក​ស្វ័យ​ប្រ​វត្តិ​ ទាំង​សន្សំ​សំ​ចៃ​ទឹក​ផង​ ទាំង​បន្ថយ​កម្លាំង​ពល​កម្ម​ផង​ ហើយ​គុណ​ភាព​និង​ទិន្ន​ផល​ស្ពៃ​មើម​នៅ​តែ​ខ្ពស់​។ តាម​បង​ហ្វាយ​ ស្ពៃ​មើម​គឺ​ជា​ដំ​ណាំ​សម​ស្រប​ជា​មួយ​លក្ខ​ណៈដី​ធ្លី​នៅ​ភូមិ​ភាគ​ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង​។

មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ជា​លក្ខ​ណៈស្ពៃ​មើម​ស្រស់​ប៉ុណ្ណោះ​ទេ​ ស្ពៃ​មើម​មួយ​ផ្នែក​នៅ​ភូមិ​ភាគ​ថែម​ទាំង​បាន​យក​ទៅ​កែ​ច្នៃ​ធ្វើ​ជា​ឆៃប៉ូវ​។ នេះ​ក៏​ជា​វិធី​ដើម្បី​ពន្យារ​ពេល​រក្សា​ទុក​ស្ពៃ​មើម​ ព្រម​ទាំង​បង្ក​តម្លៃ​បន្ថែម​បន្ទាប់​ពី​ប្រ​មូល​ផល​។ បង​ ទ្រេ​វ ណាល់​ នៅ​ភូមិ​ឈូង​ធំ​ B មាន​បទ​ពិសោធន៍​ជាង​ ២០ ឆ្នាំ​ជា​មួយ​មុខ​របរ​ធ្វើ​ឆៃប៉ូវ​។ ផ្តើម​ពី​ស្ពៃ​មើម​ស្រស់​ៗ ឆ្លង​កាត់​ដំ​ណាក់​កាល​ច្នៃ​ដំ​បូង​ ត្រាំ​អំ​បិល​ ផ្អាប់​និង​ហាល​ថ្ងៃ​ ស្ពៃ​មើម​បាន​កែ​ច្នៃ​ទៅ​ជា​ឆៃប៉ូវ​ដែល​មាន​រស​ជាតិ​លក្ខ​ណៈពិ​សេស​របស់​ភូមិ​ភាគ​និង​មា​នទី​ផ្សារ​លក់​ចេញ​លំ​នឹង​។ លោក​ ទ្រៀវ​ ណាល់​ ចែក​រំលែក​៖ “រៀង​រាល់​ថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ទិញ​ស្ពៃ​មើម​ស្រស់​ប្រ​មា​ណ​ពី​ ១០០ - ២០០ គី​ឡូ​ក្រាម​។ បន្ទាប់​ពី​ទិញ​មក​ ស្ពៃ​មើម​ត្រូវ​បាន​ជួល​គេ​កោស​សំ​បក​ លាង​ឱ្យ​ជ្រះ​ និង​ហាន់​ជា​ចំ​និត​ៗ។ ស្ពៃ​មើម​បន្ទាប់​ពី​ច្នៃ​ដំ​បូង​ត្រូវ​ធ្វើ​ឱ្យ​ជ្រះ​ ហាន់​ឱ្យ​ស្មើ​ដៃ​ ទើប​ពេល​ត្រាំ​និង​ផ្អាប់​ចូល​ជាតិ​បាន​ល្អ​ នោះ​ផលិត​ផល​ទើប​មាន​រស​ជាតិ​ឆ្ងាញ់​”។

ស្ពៃ​មើម​បាន​ហាល​ថ្ងៃ​ ជា​ជំ​ហាន​ក្លាយ​ជា​ផលិត​ផល​ឆៃប៉ូវ​ដែល​មាន​តម្លៃ​។

តាម​បង​ ណាល់​ ដំ​ណាក់​កាល​ត្រាំ​និង​ផ្អាប់​ គឺ​ជា​ដំ​ណាក់​កាល​សំ​ខាន់​បំ​ផុត​ កំ​ណត់​សម្រេច​អំ​ពី​គុណ​ភាព​ឆៃប៉ូវ​។ ស្ពៃ​មើម​ ២០ គី​ឡូ​ក្រាម​ ត្រូវ​ត្រាំ​ជា​មួយ​អំ​បិល​ប្រ​មា​ណ​ ៣ គី​ឡូ​ក្រាម​ បន្ទាប់​មក​ផ្អាប់​ទុក​ ២ យប់​ដើមី្បឱ្យ​ស្ពៃ​មើម​ចូល​ជាតិ​ស្មើ​ល្អ​។ ប្រ​សិន​បើ​ដាក់​អំ​បិល​មិន​ត្រូវ​សមា​មា​ត្រ​ ឬ​ផ្អាប់​មិន​ទាន់​ដល់​កម្រិត​ទេ​ ឆៃប៉ូវ​នឹង​មិន​ឆ្ងាញ់​ ប៉ះ​ពាល់​ដល់​ការ​លក់​ចេញ​។ ព្រោះ​ហេ​តុ​នេះ​ បន្ទាប់​ពី​ផ្អាប់​រួច​ ស្ពៃ​មើម​ត្រូវ​បាន​យក​ទៅ​ហាល​ថ្ងៃ​។ ប្រ​សិន​បើ​ថ្ងៃ​ក្តៅ​ល្អ​ ហាល​ប្រហែល​មួយ​ថ្ងៃ​ ឆៃប៉ូវ​នឹង​មាន​ពណ៌​សស្អាត​។ ប្រ​សិន​បើ​ហាល​ពី​ ២ - ៣ ថ្ងៃ​ ស្ពៃ​មើម​នឹង​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខ្ចី​ មាន​ភាព​ស្វិត​ជាង​ រស​ជាតិ​ក៏​ពិ​សេស​ជាង​ អា​ស្រ័យ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​។ បច្ចុប្បន្ន​ជា​រៀង​រាល់​ថ្ងៃ​ បង​ណាល់​ ផ្គត់​ផ្គង់​ផលិត​ផល​ឆៃប៉ូវ​ប្រ​មា​ណ​ពី​ ១០០ - ២០០ គី​ឡូ​ក្រាម​ ក្នុង​តម្លៃ​ប្រ​មា​ណ​ ២០.០០០ ដុង​/គី​ឡូ​ក្រាម​ ដោយ​ភាគ​ច្រើន​គឺ​ម៉ូយស្គាល់​យក​ទៅ​លក់​នៅ​តាម​ ឃុំ​ និង​សង្កាត់​នា​នា​ក្នុង​ទី​ក្រុង​កឹង​ធើ​។

លោក​ ក្វា​ច់វ៉ាំង​ដែប ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡាយ​ហ្វា​ បាន​ឱ្យ​ដឹង​៖ “ដំ​ណាំ​ស្ពៃ​មើម​សម​ស្រប​នឹង​លក្ខ​ណៈផលិត​នៅ​ភូមិ​ភាគ​ រយៈ​ពេល​លូត​លាស់​ខ្លី​ ជួយ​ឱ្យ​កសិ​ករ​ម្ចាស់​ការ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​តាម​រដូវ​កាល​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ដី​ធ្លី​។ ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​តំ​បន់​ដាំ​ដុះ​ ការ​កែ​ច្នៃ​ស្ពៃ​មើម​ទៅ​ជា​ឆៃប៉ូវ​ក៏​ជា​ទិស​ដៅ​សម​ស្រប​មួយ​ ជួយ​លើក​កម្ពស់​តម្លៃ​កសិ​ផល​ បង្ក​ការ​ងារ​ធ្វើ​និង​ប្រាក់​ចំ​ណូល​បន្ថែម​ជូន​ប្រ​ជា​ជន​។ នា​ពេល​ខាង​មុខ​ សមា​គម​កសិ​ករ​ឃុំ​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​ដើម​ទុន​ ចលនា​កសិ​ករ​ឱ្យ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ព្រម​ទាំង​ស្វែង​រក​ និង​ពង្រីក​ទី​ផ្សារ​លក់​ចេញ​ ដើម្បី​ឱ្យ​ទម្រង់​នេះ​អភិវឌ្ឍ​លំ​នឹង​ និង​ចីរ​ភាព​ជាង​មុន​”។

តាម​រយៈ​ទម្រង់​របស់​បង​ ត្រឹង​ថា​ញ់ហ្វាយ​ និង​បង​ ទ្រេ​វណាល់​ ស្ពៃ​មើម​មិន​ត្រឹម​តែ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ពី​ការ​ផលិត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើន​តម្លៃ​តាម​រយៈ​ការ​កែ​ច្នៃ​ទៀត​ផង​។ ផ្តើម​ពី​ដំ​ណាំ​ស្ពៃ​មើម​នៅ​លើ​វាល​ស្រែ​ រហូត​ក្លាយ​ជា​ផលិត​ផល​ឆៃប៉ូវ​ ប្រ​ជា​ជន​នៅ​ឡាយ​ហ្វា​កំ​ពុង​ទាញ​យក​ផល​បាន​ល្អ​ពី​តម្លៃ​កសិ​ផល​ និង​នាំ​ផលិត​ផល​ឆៃប៉ូវ​ឱ្យ​ក្លាយ​ជា​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​ភូមិ​ភាគ​៕

ហុង​ទើ-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ