20/08/2026 - 16:19

ចង​សម្ព័ន្ធ​ទី​ផ្សារ​លក់​ចេញ​ បង្កើន​តម្លៃ​លើ​ដី​ភូមិ​កំ​ណើត​ 

ផ្ដើម​ពី​ការ​ផលិត​ស្រូវ​និង​ដាំ​ដូង​ ប៉ុន្តែ​ផ្ដល់​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​ បង​ថា​ច់ផល្លា​ នៅ​ភូមិ​ដាយ​ត្រឿង​ ឃុំ​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ បាន​សម្រេច​ចិត្ត​បង្វែរ​មក​ដាំ​បន្លែ​។ អា​ស្រ័យ​ការ​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​សហ​ការ​ប្រ​មូល​ទិញ​ជីរ​ណា​ទីវ​កឹង​ គ្រួ​សា​របង​មា​នទី​ផ្សារ​លក់​ចេញ​ស្ថិរ​ភាព​ ទទួល​បាន​ការ​ណែ​នាំ​បច្ចេក​ទេស​ដាំ​ និង​ជា​ជំ​ហាន​ៗលើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ ព្រម​ទាំង​បង្កើន​តម្លៃ​លើ​ដី​ភូមិ​កំ​ណើត​។

បង​ថា​ច់ផល្លា​ នាំ​យក​បន្លែ​ប្រ​គល់​ឱ្យ​អង្គ​ភាព​ប្រ​មូល​ទិញ​ រួម​ចំ​ណែក​ធា​នា​
ទីផ្សារលក់ចេញ។

កាល​ពី​មុន​ គ្រួ​សា​របង​ផល្លា​ ផ្តោត​សំ​ខាន់​លើ​ការ​ផលិត​ស្រូវ​និង​ដាំ​ដូង​។ ប៉ុន្តែ​ដោយ​សារ​តម្លៃ​កសិ​ផល​មាន​ការ​ប្រែ​ប្រួល​ ប្រ​សិទ្ធ​ភាព​ផលិត​មិន​លំ​នឹង​ គ្រួ​សារ​គាត់​បាន​បង្វែរ​មក​ដាំ​បន្លែ​ ដែល​សម​ស្រប​នឹង​លក្ខ​ណៈដី​ធ្លី​និង​តម្រូវ​ការ​ទី​ផ្សារ​។ បង​បាន​ប្រ​កប​របរ​ដាំ​បន្លែ​ប្រ​មា​ណ​ ១០ ឆ្នាំ​មក​ហើយ​ ក្នុង​រយៈ​ពេល​ដំ​បូង​ គ្រួ​សា​របង​ត្រូវ​ស្វែង​រក​កន្លែង​លក់​ដោយ​ខ្លួន​ឯង​។ បន្លែ​ប្រ​មូល​ផល​បាន​ប៉ុណ្ណា​ ត្រូវ​ស្វែង​រក​ទី​ផ្សារ​លក់​ប៉ុណ្ណឹង​ ហើយ​តម្លៃ​អា​ស្រ័យ​លើ​ទី​ផ្សារ​ ដូច្នេះ​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​។ ចំ​ណុច​ផ្លាស់​ប្តូរ​បាន​កើត​ឡើង​នៅ​ឆ្នាំ​ ២០២៤ នៅ​ពេល​ចាប់​ផ្តើម​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​សហ​ការ​ប្រ​មូល​ទិញ​ជីរ​ណា​ទីវ​កឹង​។

ចាប់​តាំង​ពី​ចូល​រួម​ចង​សម្ព័ន្ធ​មក​ ផលិត​ផល​បាន​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​លំ​នឹង​ ជួយ​ឱ្យ​គ្រួ​សា​របង​អាច​រៀប​ចំ​ផែន​ការ​ផលិត​បាន​កាន់​តែ​ងាយ​ស្រួល​។ ក្រុម​សហ​ការ​ក៏​បាន​ណែ​នាំ​អំ​ពី​បច្ចេក​ទេស​ដាំ​ ថែ​ទាំ​ ការ​ប្រើ​ប្រាស់​សម្ភារៈ​កសិ​កម្ម​ឱ្យ​បាន​សម​ស្រប​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​គុណ​ភាព​បន្លែ​។ បង​ផល្លា​ ចែក​រំលែក​៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ​ គ្រួ​សារ​ខ្ញុំ​ផ្ដោត​សំ​ខាន់​លើ​របរ​ដាំ​បន្លែ​។ ពី​មុន​ដោយ​សារ​ខ្វះ​ការ​ចង​សម្ព័ន្ធ​ យើង​ត្រូវ​រក​ទី​ផ្សារ​លក់​ដោយ​ខ្លួន​ឯង​ ដូច្នេះ​ប្រាក់​ចំ​ណូល​មិន​ខ្ពស់​។ ចាប់​ពី​ឆ្នាំ​ ២០២៤ មក​ បន្ទាប់​ពី​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​សហ​ការ​ តម្លៃ​លក់​លំ​នឹង​ជាង​មុន​។ ខ្ញុំ​សង្កេត​ឃើញ​ថា​ នេះ​ជា​ទិស​ដៅ​សម​ស្រប​និង​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​នឹង​នរចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​នៅ​លើ​ដី​កំ​ណើត​របស់​ខ្លួន​"។

តាម​រយៈ​ផ្ទះ​សំ​ណាញ់​ដែល​មាន​តម្លៃ​ ២០០ លាន​ដុង​ អា​ស្រ័យ​សហ​ករណ៍​កសិ​កម្ម​បាន​ឧបត្ថម្ភ​កាល​ពី​មុន​ សម្រាប់​ដាំ​ត្រ​សក់​ផ្អែម​ បង​បាន​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ​ដើម្បី​អភិវឌ្ឍ​ទម្រង់​ដាំ​បន្លែ​។ ជា​មួយ​គ្នា​នេះ​ គ្រួ​សារ​គាត់​បាន​វិនិយោគ​ថវិកា​បន្ថែម​ប្រ​មា​ណ​ ១៥០ លាន​ដុង​ ដើម្បី​ដំ​ឡើង​ប្រ​ព័ន្ធ​បំ​ពង់​ទឹក​ស្រោច​ស្រព​។ បច្ចុប្បន្ន​ គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​ដាំ​បន្លែ​ជាង​ ១០ កុង​ ដែល​ភាគ​ច្រើន​ជា​ជីរ​ណា​ ខ្ទឹម​ស្លឹក​ និង​បន្លែ​មួយ​ចំ​នួន​ទៀត​ទៅ​តាម​តម្រូវ​ការ​ទី​ផ្សារ​។ ផ្ទះ​សំ​ណាញ់​រួម​ជា​មួយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​អាច​ម្ចាស់​ការ​លើ​ការ​ថែ​ទាំ​ និង​ការ​ស្រោច​ស្រព​ កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​អា​កាស​ធា​តុ​ និង​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​។ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ គ្រួ​សារ​គាត់​ប្រ​មូល​ផល​បន្លែ​បាន​ប្រ​មា​ណ​ជាង​ ១០០ គី​ឡូ​ក្រាម​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​អង្គ​ភាព​ដែល​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ ក្នុង​តម្លៃ​ប្រ​មា​ណ​ ៨.៥០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ បន្ទាប់​ពី​ទូ​ទាត់​ការ​ចំ​ណាយ​រួច​ ទម្រង់​នេះ​ផ្តល់​ប្រាក់​ចំ​ណេញ​ដល់​គ្រួ​សារ​ជិត​ ២០ លាន​ដុង​ក្នុង​មួយ​ខែ​។ នេះ​ជា​ប្រ​ភព​ចំ​ណូល​ដែល​ជួយ​ឱ្យ​គ្រួ​សា​របង​បន្ត​វិនិយោគ​ឡើង​វិញ​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ដី​។

បង​ថា​ច់ផល្លា​ ថែ​ទាំ​ជីរ​ណា​នៅ​ក្នុង​រោង​សំ​ណាញ់​របស់​គ្រួ​សារ​។

មិន​ត្រឹម​តែ​រក​បាន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​ក៏​បាន​រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ភូមិ​ភាគ​។ នៅ​ថ្ងៃ​ប្រ​មូល​ផល​ គ្រួ​សារ​គាត់​បាន​ជួល​ពល​ករ​ប្រ​មា​ណ​ ៥-៦ នាក់​ ឱ្យ​ចូល​រួម​ប្រ​មូល​ផល​ បេះ​សម្អាត​និង​រៀប​ចំ​បន្លែ​សម្រាប់​ប្រ​គល់​ជូន​អង្គ​ភាព​ទិញ​។ លោក​ សាង​ក្វឹក​អា​ញ់ លេខា​សាខា​បក្ស​ភូមិ​ដាយ​ត្រឿង​ បាន​វាយ​តម្លៃ​ថា​ ទម្រង់​ដាំ​ដំ​ណាំ​របស់​បង​ផល្លា​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជាក់​ស្តែង​។ ការ​បង្វែរ​ពូជ​ដំ​ណាំ​ ការវិ​និយោគ​លើ​ផ្ទះ​សំ​ណាញ់​ ប្រ​ព័ន្ធ​ស្រោច​ស្រព​ និង​ផ្សារ​ភ្ជាប់​ការ​ផលិត​ជា​មួយ​ការ​ចង​សម្ព័ន្ធ​ទី​ផ្សារ​ប្រ​មូល​ទិញ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល​ ព្រម​ទាំង​បង្ក​ការ​ងារ​ធ្វើ​សម្រាប់​ពល​ករ​នៅ​ជន​បទ​។

ផ្ដើម​ពី​ការ​ដាំ​ដុះ​និង​ស្វែង​រក​ទី​ផ្សារ​ដោយ​ខ្លួន​ឯង​ បង​ថា​ច់ផល្លា​ កំ​ពុង​បង្វែរ​មក​របៀប​ធ្វើ​កសិ​កម្ម​ដែល​មាន​ភាព​ម្ចាស់​ការ​ជាង​ ដោយ​ផលិត​តាម​តម្រូវ​ការ​ទី​ផ្សា​រនិង​ចង​សម្ព័ន្ធ​ជា​មួយ​ទី​ផ្សារ​លក់​ចេញ​។ ទម្រង់​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ នៅ​ពេល​កសិ​ករ​ជ្រើស​រើស​ដាំ​ដំ​ណាំ​សម​ស្រប​ ហ៊ាន​វិនិយោគ​និង​ចូល​រួម​ចង​សម្ព័ន្ធ​ តម្លៃ​ផលិត​មិន​ត្រឹម​តែ​បាន​កើន​ឡើង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​និង​រួម​ចំ​ណែក​ប្រើ​ប្រាស់​ដី​ភូមិ​កំ​ណើត​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ទៀត​ផង​៕

ពេជ្រ​ សឿន

ចែករំលែកអត្ថបទ