ដើម្បីជួយប្រជាជនម្ចាស់ការការពារសុខភាព ឆាប់រកឃើញនូវហានិភ័យជំងឺដម្កាត់ ទន្ទឹមនឹងនោះ ស៊ាំជាមួយនឹងការគ្រប់គ្រងសុខភាពតាមរយៈសំណុំលិខិតសុខភាពអេឡិចត្រូនិក សមាគមកសិករសង្កាត់វិញចូវ មានវិធីធ្វើមួយប្រកបដោយភាពជាក់ស្តែង។ នោះគឺបង្ហាញទម្រង់ “កសិករឈានមុខចលនាប្រជាជន ពិនិត្យសុខភាពជម្រើសឥតគិតថ្លៃ”។
ដើម្បីអនុវត្តឱ្យបានសម្រេចគោលដៅមិនទុកឱ្យនរណាម្នាក់ត្រូវបោះបង់លើរណសិរ្សសុខាភិបាលមូលដ្ឋាន ទម្រង់ខាងលើបានប្រមូលផ្តុំកងកម្លាំងនិងច្បាមភូមិឋាន។ ក្នុងនោះ មានការចូលរួមផ្ទាល់ពីប្រធានសាខាសមាគមមណ្ឌលចំនួន ១៦ នាក់ និងប្រធានក្រុមសមាគមកសិករចំនួន ១១៦ នាក់ ចំណុះសមាគមកសិករសង្កាត់វិញចូវ។ ពួកគាត់គឺជាអ្នកដែលយល់ច្បាស់បំផុតពីគ្រប់ច្រកល្ហក គ្រប់ស្ថានភាព និងរបៀបរស់នៅរបស់មាមីងជិតខាង ម្ល៉ោះហើយការងារកៀកជិត ឃោសនាមាមីងប្រជាជនក៏មានភាពងាយស្រួលច្រើនជាង។ ជាមួយគោលលំនាំសកម្មភាពគឺ៖ “ទៅគ្រប់ច្រកល្ហក គ្រប់ផ្ទះ ពិនិត្យគ្រប់មុខសញ្ញា” បណ្តាសមាជិកក្នុងក្រុមឈានមុខមិនខ្លាចនឿយហត់ភ្លៀងក្តៅ ចែកគ្នាចុះទៅគ្រប់ច្រកល្ហក ផ្លូវថ្នល់ ដើម្បីចុះទៅផ្ទាល់ផ្ទះគ្រួសារនីមួយៗពិនិត្យឡើងវិញ។ ភារកិច្ចរបស់ពួកគាត់មិនត្រឹមតែជាការផ្ញើសារប៉ុណ្ណោះទេ ថែមទាំងពន្យល់លម្អិតពីខ្លឹមសារនីមួយៗនៅក្នុងលិខិតអញ្ជើញ ប្តេជ្ញាចិត្តមិនឱ្យរំលងប្រជាជនណាម្នាក់ឡើយ។


កម្មាភិបាលសមាគមកសិករសង្កាត់វិញចូវ ចុះទៅដល់ផ្ទះចលនា
ប្រជាជនឱ្យទៅពិនិត្យសុខភាព។
ជាក់ស្តែងដំណាក់កាលចលនាមិនដែលជាការងាយស្រួលនោះទេ។ មានប្រជាជនខ្លះរវល់រកស៊ីចិញ្ចឹមជីវិត អ្នកខ្លះទៀតមានចិត្តខ្លាចរអាមន្ទីរពេទ្យ។ ប៉ុន្តែដោយសារទឹកចិត្តក្លៀវក្លា និងបំណិនប្រជាចលនាប៉ិនប្រសប់ រួមផ្សំជាមួយការស្ទាត់ជំនាញភាសា រួមមានទាំងភាសាវៀតណាម និងភាសាខ្មែរ បណ្តាកម្មាភិបាលសមាគមកសិករ បានបំបែករបាំងផ្លូវចិត្តទាំងនោះបន្តិចម្តងៗ។ លោក គឹមយ្វៀង – ប្រធានសាខាសមាគមកសិករមណ្ឌល ៤ សង្កាត់វិញចូវ ទីក្រុងកឹងធើ ឱ្យដឹង៖ “នៅពេលសមាគមកសិករសង្កាត់បំផុសទម្រង់ យើងខ្ញុំក៏បានចេញដំណើរចុះទៅផ្ទះនីមួយៗឃោសនាពីអត្ថប្រយោជន៍នៃការពិនិត្យសុខភាពជូនមាមីងប្រជាជនទាំងអស់ ខិតខំពន្យល់ដើម្បីមាមីងយល់ពីអត្ថន័យនៃការពិនិត្យសុខភាពជូនប្រជាជនទាំងមូល ការបង្កើតសំណុំលិខិតសុខភាពអេឡិចត្រូនិកជូនប្រជាជន។ សព្វថ្ងៃក៏ជាពេលមមាញឹក ម្ល៉ោះហើយយើងខ្ញុំចុះទៅទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គ្មានថ្ងៃសម្រាកឡើយ។ ជួនកាលដើរតាមផ្លូវជួបមាមីង យើងខ្ញុំក៏ឆ្លៀតចលនាតែម្តង ដើម្បីមាមីងទៅពិនិត្យសុខភាពឱ្យបានឆាប់បំផុត”។
ទម្រង់ “កសិករឈានមុខចលនាប្រជាជនពិនិត្យសុខភាពឥតគិតថ្លៃ” បង្ហាញពីលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ នៅពេលប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអាទិភាពឧបត្ថម្ភ ថែទាំក្រុមមុខសញ្ញាដែលងាយរងគ្រោះនៅក្នុងសង្គម។ នោះគឺជាមនុស្សចាស់គ្មានទីពឹងគ្មានសាច់ញាតិថែទាំ អ្នកពិការដែលលំបាកក្នុងការធ្វើដំណើរទៅមក។ ការបង្ហាញវត្តមានរបស់កម្មាភិបាលសមាគមកសិករ មិនត្រឹមតែនាំនូវសារអំពីសុខភាពប៉ុណ្ណោះទេ ថែមទាំងជាការជំរុញ លើកទឹកចិត្តដ៏ធំធេងចំពោះគ្រួសារអភ័ព្វលើភូមិឋានសង្កាត់។ មិនត្រឹមតែបានឮតាមរយៈឧគ្ឃោសនាសព្ទផ្សាយសំឡេង ឬមើលការជូនដំណឹងលើបណ្តាញសង្គមប៉ុណ្ណោះទេ ប៉ុន្តែឥឡូវបានកម្មាភិបាលកសិករចុះមកដល់ផ្ទះពន្យល់ មានលិខិតអញ្ជើញផ្ទាល់ ហាក់ដូចជំនួយកម្លាំងចលករបន្ថែមដើម្បីមាមីងម្ចាស់ការទៅពិនិត្យជំងឺ ឆ្ពោះទៅរកការមានសៀវភៅសុខាភិបាលអេឡិចត្រូនិកមួយក្បាលផ្ទាល់ខ្លួន។ បងស្រី ថាច់កែវមុនី ស្នាក់នៅមណ្ឌល ៤ សង្កាត់វិញចូវ ទីក្រុងកឹងធើ ចែករំលែក៖ “ខ្ញុំក៏បានមើលលើទូរសព្ទឃើញមានចុះផ្សាយព័ត៌មានជូនដំណឹងឱ្យទៅពិនិត្យសុខភាពដែរ ថ្ងៃនេះបានបងៗចុះមកដល់ផ្ទះមានលិខិតអញ្ជើញ ម្ល៉ោះហើយខ្ញុំនឹងឆ្លៀតពេលទៅពិនិត្យដើម្បីធានាសិទ្ធិផលប្រយោជន៍សុខភាពរបស់ខ្លួន ហើយមានឱ្យយើងសំណុំលិខិតសុខភាពអេឡិចត្រូនិក ដើម្បីងាយស្រួលសម្រាប់ពេលក្រោយ”។
អាចនិយាយបានថា ទម្រង់ឈានមុខរបស់សមាគមកសិករសង្កាត់វិញចូវ ជំហានដំបូងនាំមកប្រសិទ្ធភាពជាក់ស្តែង ជួយប្រជាជនជាច្រើន ពិសេសគឺអ្នកដែលមានស្ថានភាពងាយរងគ្រោះ បានពិនិត្យជំងឺឥតគិតថ្លៃ និងបង្កើតសំណុំលិខិតសុខភាពអេឡិចត្រូនិក។ ហើយនេះក៏ជាជំហានដ៏សំខាន់ជួយមាមីងបង្កបានជាទម្លាប់ម្ចាស់ការថែទាំសុខភាព និងលើកកម្ពស់គុណភាពរស់នៅ៕
អត្ថបទ និងរូបថត៖ ថាញហ៊ុង - លីសៀ