ក្រោយរយៈពេលបើកថ្នាក់បង្រៀន និងរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល នៅតាមវត្តខ្មែរនានាលើភូមិឋានខេត្តវិញឡុង កំពុងចាត់តាំងប្រឡងបិទវគ្គសិក្សា និងប្រកាសលទ្ធផល។ នេះជាសកម្មភាពជាក់ស្តែងជួយសិស្សជនជាតិខ្មែរពង្រឹងបំណិនអាន សរសេរអក្សរខ្មែរ ទន្ទឹមនឹងនោះរួមចំណែកថែរក្សាភាសា អក្សរ និងអត្តសញ្ញាណវប្បធម៌ជាតិ។
ក្រោយពីរួមបញ្ចូលខេត្តទាំង៣វិញឡុង ត្រាវិញ និងបេនត្រែ ខេត្តវិញឡុងមានវត្តខ្មែរចំនួន ១៥៦វត្ត។ រៀងរាល់ឆ្នាំ វត្តខ្មែរភាគច្រើនតែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅខ្មែរ បង្កលក្ខណៈដើម្បីប្អូនៗរៀនសូត្រ លត់ដំភាសាកំណើតក្នុងរដូវវិស្សមកាល។ នៅវត្តសំរោងឯក អនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ថ្នាក់រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលបានចាត់តាំងប្រឡង និងប្រកាសលទ្ធផលបិទវគ្គសិក្សា។ ឆ្នាំនេះ វត្តបើកថ្នាក់រៀនបាន៤ថ្នាក់ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤ ជួយឱ្យប្អូនៗបង្កើនសមត្ថភាពអាន និងសរសេរអក្សរខ្មែរ ទន្ទឹមនឹងនោះស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់ និងប្រពៃណីវប្បធម៌របស់ជនជាតិផងដែរ។

សមណសិស្ស និងប្អូនៗថ្នាក់រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនៅវត្តសំរោងឯក អនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង កំពុងប្រឡង។

ប្រកាសលទ្ធផលថ្នាក់រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលនៅវត្តសំរោងឯក អនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង។
ព្រះតេជព្រះគុណ គឹមថាញហៀង ទទួលបន្ទុកថ្នាក់រៀនអក្សរខ្មែររដូវវិស្សមកាលនៅវត្តសំរោងឯក មានថេរដីកា វត្តមួយចំនួននៅក្នុងខេត្តបានប្រឡងបិទវគ្គសិក្សា រីឯវត្តមួយចំនួនទៀតកំពុងត្រៀមប្រឡង និងប្រកាសលទ្ធផលបិទវគ្គថ្នាក់រៀនអក្សរខ្មែរ ដើម្បីឈានចូលរៀន សាកល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។ តាមថេរដីកាព្រះតេជព្រះគុណ គឹមថាញហៀង រៀងរាល់ឆ្នាំវត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល ដើម្បីបង្កលក្ខណៈឱ្យប្អូនៗលត់ដំសមត្ថភាពអាន និងសរសេរអក្សរខ្មែរ ព្រមទាំងស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់ជនជាតិ។ ក្នុងការបង្ហាត់បង្រៀន ព្រះសង្ឃតែងផ្គួបបញ្ចូលពីរភាសាខ្មែរ - វៀត ដើម្បីជួយឱ្យប្អូនៗងាយយល់មេរៀន។ ប្អូន ថាច់សូនីតា សិស្សថ្នាក់ទី៥ នៅសាលាបឋមសិក្សាង្វៀងត្រៃ កំពុងរៀនអក្សរខ្មែរនៅវត្តសំរោងឯក ឱ្យដឹង៖ ផ្ទះប្អូននៅក្បែរវត្ត ហេតុនោះប្អូនរៀនអក្សរខ្មែរនៅទីនេះបាន២ឆ្នាំហើយ។ ដោយសារតែនិយាយជាមួយមិត្តភក្តិជាភាសាវៀត ម្ល៉ោះហើយប្អូនមិនសូវមានលក្ខណៈនិយាយភាសាខ្មែរក្នុងជីវភាពប្រចាំថ្ងៃទេ។ ព្រោះហេតុនោះ ឱ្យតែដល់រដូវវិស្សមកាលម្តងៗ ប្អូនតែងមករៀនអក្សរខ្មែរនៅក្នុងវត្ត។ "ក្រោយពីរៀននៅវត្ត ប្អូនចេះអាន ចេះសរសេរអក្សរខ្មែរបានល្អជាងមុន។ ប្អូននៅទាំងបានព្រះសង្ឃបង្ហាត់បង្រៀនអំពីទំនៀមទម្លាប់ ប្រពៃណីទៀតផង ប្អូនមានសេចក្តីត្រេកអរខ្លាំងណាស់។ ឆ្នាំនេះប្អូនរៀនថ្នាក់ទី២ ឆ្នាំក្រោយប្អូននឹងរៀនថ្នាក់ទី៣" ប្អូនថាច់សូនីតា បានឱ្យដឹងដូច្នេះ។
ព្រះតេជព្រះគុណ ថាច់ស៊ុង ព្រះចៅអធិការវត្តសាមគ្គីមុនីសុវណ្ណនទី (ដៃទទឹង) ឃុំតឹបង៉ាយ ខេត្តវិញឡុង មានថេរដីកា៖ រៀងរាល់ឆ្នាំវត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលដល់កូនចៅខ្មែរ។ ដើម្បីប្អូនៗមានពេលវេលាសម្រាក និងត្រៀមបម្រុងដល់ឆ្នាំសិក្សាថ្មី ចូលរៀនសាកល វត្តបានចាត់តាំងប្រឡងបិទវគ្គសិក្សាឆាប់ជាងរាល់ឆ្នាំ។ ប្អូនៗបានប្រឡងនិងប្រកាសលទ្ធផលរួចហើយ។ តាមរយៈថ្នាក់រៀននេះ ប្អូនមានលក្ខណៈលត់ដំអក្សរខ្មែរ បន្ថែម ទន្ទឹមនឹងនោះរួមចំណែកថែរក្សាភាសា និងអក្សរសាស្រ្តខ្មែរក្នុងសហគមន៍។
ប្រការដែលវត្តខ្មែរតែងតែបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាលជាច្រើនឆ្នាំកន្លង បានរួមចំណែកបង្កបរិយាកាសឱ្យយុវជនខ្មែរជំនាន់ក្រោយរៀនភាសាកំណើតនៅតាមវត្តអារាម។ តាមរយៈនោះ ប្អូនៗមិនត្រឹមតែលើកកម្ពស់សមត្ថភាពអាន និងសរសេរអក្សរខ្មែរប៉ុណ្ណោះទេ ថែមទាំងយល់ដឹងបន្ថែមអំពីប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជនជាតិទៀតផង។ នេះជាសកម្មភាពជាក់ស្តែង រួមចំណែកអភិរក្ស និងពង្រីកភាសា និងអក្សរសាស្រ្តខ្មែរ៕
ទីទុយ - វិមាន