រៀងរាល់ពេលរសៀលទីលានបាល់ទះនៅឃុំតឹបស៊ើង ខេត្តវិញឡុង តែងមានភាពអ៊ូអរដោយសំឡេង និយាយសើចសប្បាយរបស់យុវជន។ ជិត ១៥ ឆ្នាំកន្លង ទីលានបាល់ទះដែលគ្រួសារបងស្រី គឹមង៉ុកអាញ (កើតឆ្នាំ ១៩៧០) បានបង្កើតឡើងនោះ បានក្លាយជាកន្លែងលេងកីឡា រួមចំណែកបង្កទីលានកម្សាន្តមានប្រយោជន៍ លើកកម្ពស់សុខភាពដល់សិស្សានុសិស្ស និងយុវជនភូមិភាគជាច្រើនជំនាន់។

ទីលានបាល់ទះរួមចំណែកអភិវឌ្ឍចលនាកីឡាអប់រំកាយមហាជននៅភូមិភាគ។
តាមប្រសាសន៍បងស្រី គឹមង៉ុកអាញ ប្រហែលជាក្នុងឆ្នាំ ២០០៧ ដោយឃើញយុវជនក្នុងភូមិភាគ រួមប្រាក់គ្នាទិញបាល់និងសំណាញ់ដើម្បីលេងបាល់ទះ ប៉ុន្តែមិនទាន់មានទីលាន សមរម្យ គ្រួសារបងស្រីសម្រេចចិត្តឱ្យដី និងថវិកាធ្វើទីលានបាល់ទះបម្រើសហគមន៍ដោយឥតគិតថ្លៃ។ ទីលានបាល់ទះគ្រាដំបូង មានតែសិស្សានុសិស្សមកលេងកំសាន្តសប្បាយ និងលត់ដំសុខភាព ក្រៅពីម៉ោងរៀននិងក្នុងរដូវវិស្សមកាល។ បងស្រី គឹមង៉ុកអាញ ឱ្យដឹង៖ “គ្រួសារធ្វើទីលានបាល់ទះដោយបំណងចង់បង្កកន្លែងកម្សាន្តមានប្រយោជន៍ជៀសវាងបាបគ្រោះសង្គម។ ម្យ៉ាងវិញទៀត យើងមិនយកប្រាក់កម្រៃអ្វីទាំងអស់។ ពេលឃើញប្អូនៗ លេងក្រោមថ្ងៃក្តៅ គ្រួសារក៏ត្រៀមតែទឹកកកឱ្យផឹកដោយឥតគិតថ្លៃ។ ក្រោយៗមក ដោយសារតម្រូវការភេសជ្ជៈមានការកើនឡើង យើងខ្ញុំក៏បានលក់ភេសជ្ជៈបន្ថែម ដើម្បីមានថវិការក្សាសកម្មភាពទីលានបាល់ទះ”។
ដោយការយកចិត្តទុកដាក់របស់គ្រួសារបងស្រីង៉ុកអាញ ទើបទីលានបាល់ទះតែងមានមនុស្សម្នាច្រើនកុះកររៀងរាល់ពេលរសៀល ពិសេសក្នុងរដូវវិស្សមកាល។ ទីនេះមិនត្រឹមតែជាកន្លែងហាត់ប្រាណប៉ុណ្ណោះទេ នៅទាំងជាកន្លែងជួបជុំនិងដោះដូររបស់យុវជនក្នុងនិងក្រៅភូមិទៀតផង។ ប្អូនថាច់លីតាយ សិស្សថ្នាក់ទី៩ អនុវិទ្យាល័យ តឹបស៊ើង ឱ្យដឹង៖ ក្រោយពេលសិក្សា ឬក្នុងរដូវវិស្សមកាល ប្អូននិងមិត្តភក្តិតែងមកទីលាននេះលេងបាល់ទះ។ “នៅទីនេះមិនបង់ថ្លៃជួលទីលានទេ គ្រាន់តែចំណាយតិចតួចទិញភេសជ្ជៈផឹកប៉ុណ្ណោះ។ លេងបាល់ទះជួយ ឱ្យប្អូនមានសុខភាពល្អ រហ័សរហួនជាងមុន និងមានមិត្តភក្តិកាន់តែច្រើន”។ ចំណែកប្អូន គឹមថាញ់ដាក ឱ្យដឹងថា ដំបូងប្អូនគ្រាន់តែមកតាមមិត្តភក្តិមើលគេលេងបាល់ទះ ក្រោយមកបានបងៗណែនាំ ហេតុនោះក៏ចូលចិត្តកីឡាបាល់ទះនេះ។ នៅពេលរសៀលថ្ងៃសៅរ៍ អាទិត្យ ឬក្នុងរដូវរដូវវិស្សមកាល ប្អូនតែងណាត់មិត្តភក្តិមកលេងបាល់ទះ។ “បានលេងកីឡា ជួបជុំមិត្តភក្តិក្រោយពីម៉ោងរៀន គឺជាប្រការដែលប្អូនពេញចិត្តខ្លាំង” ប្អូនដាក បានឱ្យដឹងបន្ថែមដូច្នេះ។
ផ្តើមពីទីលានបាល់ទះដែលបង្កើតឡើងដោយការប្តេជ្ញាចិត្តរបស់គ្រួសារ ទីនេះបានក្លាយជាកន្លែងសកម្មភាពសហគមន៍ដ៏មានអត្ថន័យរបស់ប្រជាជន នៅភូមិភាគ។ មិនត្រឹមតែរួមចំណែកអភិវឌ្ឍចលនា កីឡាអប់រំកាយនៅមូលដ្ឋានប៉ុណ្ណោះទេ ទីលានបាល់ទះនៅទាំងបង្កបរិយាកាសមានប្រយោជន៍ ដើម្បីឱ្យយុវជនលត់ដំសុខភាព កសាងស្មារតីសាមគ្គី កាត់បន្ថយបាបគ្រោះសង្គម និងបង្កផ្នត់រស់នៅវិជ្ជមាន៕
ទីទុយ - វិមាន