សុខភាពជាទ្រព្យដ៏វិសេសសម្រាប់អ្នកគ្រប់រូប ការនាំយកសេវាសុខាភិបាលកាន់តែជិតប្រជាជន ពិសេសគឺមុខសញ្ញាងាយរងគ្រោះ គឺជាបញ្ហាតែងបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់អាទិភាពជាចម្បង។ នៅសង្កាត់វិញចូវ រឿងថែទាំសុខភាពសហគមន៍កំពុងបានផ្សព្វផ្សាយអនុវត្តដោយសកម្មភាពជាក់ស្តែងនិងជាបន្ទាន់។ អនុវត្តផែនការលេខ ១៦០/KH-UBND ដែលដាក់ឱ្យប្រើនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ ភូមិភាគបានអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យរកជំងឺនិងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកទ្រង់ទ្រាយធំសម្រាប់ប្រជាជនក្នុងឆ្នាំ២០២៦។
សកម្មភាពដ៏សំខាន់នេះ យោងតាមស្មារតីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយលោតផ្លោះមួយចំនួន សំដៅបង្កើនការការពារ ថែទាំនិងលើកកម្ពស់សុខភាពប្រជាជន។ នេះមិនត្រឹមតែជាជំហានយុទ្ធសាស្ត្រដែលរួមចំណែកដល់ការកសាងមូលដ្ឋានទិន្នន័យសៀវភៅសុខភាពអេឡិចត្រូនិកបម្រើការងារគ្រប់គ្រងទូទាំងប្រជាជន នៅទាំងជាសកម្មភាពជាក់ស្តែង លើកកម្ពស់គុណភាពជីវភាពដោយផ្ទាល់សម្រាប់ប្រជាជនរាប់ពាន់គ្រួសារ។
នៅសង្កាត់វិញចូវ ចាប់តាំងពីថ្ងៃដំបូងនៃការផ្សព្វផ្សាយ បរិយាកាសដ៏មមាញឹកបានសាយភាយដល់គ្រប់មណ្ឌលលើភមិឋានសង្កាត់។ បន្ទាប់ពីផែនការនេះបានដាក់ចេញ គណៈកម្មាធិការប្រជាជនសង្កាត់បានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីបង្កើតគណៈចង្អុលការនិងបែងចែកការងារច្បាស់លាស់ដល់ផ្នែកនីមួយៗ។ កិច្ចសហការយ៉ាងរលូន ជិតស្និទ្ធរវាងរដ្ឋអំណាចនិងមជ្ឈមណ្ឌលសុខាភិបាលតំបន់វិញចូវ បានជួយឱ្យការរៀបចំផ្នែកជំនាញ ធនធានមនុស្ស ក៏ដូចជាសម្ភារៈពេទ្យបានត្រៀមជាស្រេច ធានាគ្រប់ផ្នែកទាំងអស់ស៊ីសង្វាក់គ្នា ដើម្បីកម្មវិធីប្រព្រឹត្តទៅរលូននិងត្រូវតាមល្បឿនដំណើរការ។ ដើម្បីឱ្យយុទ្ធនាការនេះទៅក្នុងជីវភាពពិតប្រាកដ ការងារផ្សព្វផ្សាយ ចលនាប្រជាជនបានចាត់ទុកជាកិច្ចការដ៏សំខាន់បំផុត បានផ្សព្វផ្សាយព្រមៗគ្នាដល់មណ្ឌលទាំងអស់លើភូមិឋាន។ រូបភាពកម្មាភិបាលមូលដ្ឋានសកម្ម ចុះទៅគ្រប់ច្រកល្ហក គ្រប់ផ្ទះប្រជាជន ដើម្បីផ្ញើលិខិតអញ្ជើញទៅពិនិត្យសុខភាពបានបង្កនូវមនោសញ្ចេតនាយ៉ាងជិតស្និទ្ធរវាងរដ្ឋអំណាចនិងប្រជាជន។

កម្មាភិបាលមណ្ឌល ៣ សង្កាត់វិញចូវ ទៅដល់ផ្ទះប្រជាជនជូនលិខិតអញ្ជើញទៅពិនិត្យសុខភាព។
ចែករំលែកពីការប្តេជ្ញាចិត្តរបស់ភូមិភាគ លោកង្វៀងមិញជី អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ បញ្ជាក់៖ "ដើម្បីការផ្សព្វផ្សាយមានប្រសិទ្ធភាព សង្កាត់បានកៀរគរទូទាំងប្រព័ន្ធនយោបាយចូលរួមក្នុងកិច្ចការ សហការជិតស្និទ្ធជាមួយមជ្ឈមណ្ឌលសុខាភិបាលតំបន់វិញចូវ គ្រប់គណៈ ផ្នែកនិងអង្គការមហាជននានានិងកងកម្លាំងសហការីជំរឿនប្រជាជន ជំរុញការផ្សព្វផ្សាយ ពិនិត្យឡើងវិញនិងចលនាប្រជាជន។ សង្កាត់យកចិត្តទុកដាក់ពិសេស ព្រមទាំងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីមុខសញ្ញាដូចជាអ្នកវ័យចាស់ អ្នកពិការ អ្នកមានស្ថានភាពលំបាកនិងជនរួមជាតិខ្មែរបានបង្ខិតជិតសេវាសុខាភិបាល។ តាមរយៈការពិនិត្យរកជំងឺលើកនេះ ប្រជាជនមានឱកាសពិនិត្យសុខភាព ឆាប់រកឃើញហានិភ័យ បានពិគ្រោះយោបល់និងណែនាំពីរបៀបថែទាំនិងព្យាបាលជំងឺបានទាន់ពេល។ ការបង្កើតសំណុំឯកសារសុខភាពអេឡិចត្រូនិក ជួយឱ្យការតាមដាននិងគ្រប់គ្រងសុខភាពបានរក្សាជាបន្តបន្ទាប់និងសម្រេចបានប្រសិទ្ធភាពខ្ពស់"។
ចំណុចលេចធ្លោបំផុតនៃការពិនិត្យលើកនេះគឺដំណើរការរៀបចំស្វយ័ត បែងចែកតំបន់ច្បាស់លាស់ ជួយបន្ថយពេលរង់ចាំរបស់មាមីង។ ចែករំលែកពីការចាត់តាំង អនុបណ្ឌិត វេជ្ជបណ្ឌិត យឺទ្រុងកៀង នាយករងមជ្ឈមណ្ឌលសុខាភិបាលតំបន់វិញចូវ ឱ្យដឹង៖ "ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតតាំងពីកន្លែងទទួល មជ្ឈមណ្ឌលបានបើកខ្លោងទ្វារមួយដោយឡែកនិងរៀបចំកន្លែងចតយានយន្តដោយឥតគិតថ្លៃ។ ប្រជាជនមកពិនិត្យសុខភាពចាប់លេខរៀងនិងរង់ចាំនៅកន្លែងត្រជាក់។មាមីងពេលមកពិនិត្យសុខភាពនឹងបានពិនិត្យជំងឺជាទូទៅ។ ចាប់ពីការវាស់ថ្លឹងសន្ទស្សន៍រាងកាយមានដូច៖ កម្ពស់ ទម្ងន់ វាស់សម្ពាធឈាម បន្ទាប់ពីបញ្ចូលទិន្នន័យព័ត៌មានរដ្ឋបាលនិងប្រវត្តិជំងឺទៅក្នុងប្រព័ន្ធ ប្រជាជនយកសំណាកឈាមទៅធ្វើតេស្ត រួចបានគ្រូពេទ្យឯកទេសពិនិត្យជំងឺ មានដូច៖ ភ្នែក ច្រមុះ បំពង់ក ឆ្មេញ ថ្គាម មុខ ចុងក្រោយគឺថតកាំរស្មីX។ ក្នុងអំឡុងពេលនោះ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតមិនត្រឹមតែពិនិត្យជំងឺប៉ុណ្ណោះទេ ថែមទាំងពិគ្រោះយោបល់យ៉ាងហ្មត់ចត់ពីរបបអាហារូបត្ថម្ភនិងរបៀបបង្ការបញ្ចៀសជំងឺដែលធ្លាប់ជួបប្រទះ។ ប្រសិនបើរកឃើញជំងឺនៅផ្នែកណាមួយ វេជ្ជបណ្ឌិតនឹងពិគ្រោះផ្ទាល់ ព្រមទាំងធ្វើការណែនាំនៅនឹងកន្លែងដោយអស់ពីចិត្ត"។

សកម្មភាពពិនិត្យជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលតំបន់វិញចូវ។
ប្រយោជន៍ធំបំផុតនៃការពិនិត្យសុខភាពគឺ"ឆាប់រកឃើញ ព្យាបាលទាន់ពេល"។ប្រការនេះមិនត្រឹមជួយសង្គ្រោះអ្នកជំងឺបានជាសះស្បើយពីអាការៈរោគប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយថ្លៃសេវាពេទ្យយ៉ាងទាបបំផុត។ ជាងនេះទៅទៀត សកម្មភាពនេះកំពុងផ្លាស់ប្តូរជាបណ្តើរៗនូវទម្លាប់របស់ប្រជាជន បង្វែរពីភាពអសកម្មទៅជាការថែទាំសុខភាពដោយស្ម័គ្រចិត្ត រក្សាផ្នត់រស់នៅជាវិជ្ជមានរៀងរាល់ថ្ងៃ។ ការពិនិត្យជំងឺដោយអស់ពីចិត្តដូចលើកនេះ នាំមកនូវតម្លៃជាក់ស្តែងផ្នែកសុខាភិបាលនិងប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញច្បាស់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋនិងភូមិភាគ ជាមួយទិសដៅថែទាំសុខភាពសហគមន៍ជាទូទៅ មិនទុកឱ្យអ្នកណាម្នាក់នៅខាងក្រោយ។អ្នកមីងថាយធីសាង៉ិន នៅសង្កាត់វិញចូវ បានឱ្យដឹងដោយក្តីរំភើប៖ "ពេលបានភូមិភាគអញ្ជើញខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំមកពិនិត្យភ្លាមដើម្បីដឹងពីស្ថានភាពសុខភាពព្យាបាលទាន់ពេល។ មកទីនេះបានពិនិត្យគ្រប់ផ្នែកជំនាញ ដោយឥតគិតថ្លៃ"។
ផ្តើមពីការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាច មួយអន្លើដោយការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជន ជំហានដំបូងគឺបង្ហាញពីលក្ខណៈត្រឹមត្រូវនិងប្រសិទ្ធភាពនៃយុទ្ធនាការ។ អាស្រ័យការចូលរួមយ៉ាងប្តូរផ្តាច់នៃទូទាំងប្រព័ន្ធនយោបាយ សារលិខិត "ពិនិត្យសុខភាពតាមកាលកំណត់ ឆាប់រកឃើញ ព្យាបាលទាន់ពេល" បានក្លាយជាសកម្មភាពជាក់ស្តែង ជួយបង្កើតទម្លាប់ម្ចាស់ការការពារសុខភាពនិងបង្កើតសហគមន៍មានសុខភាពមាំមួននិងអភិវឌ្ឍន៍៕
ថាញហ៊ុង-មុនី