នៅរសៀលថ្ងៃទី៩ ខែសីហា នៅមណ្ឌលកីឡាចម្រុះខេត្តកាម៉ាវ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ សហការជាមួយនាយកដ្ឋានអប់រំកាយវៀតណាមនិងសហព័ន្ធអត្តពលកម្មវៀតណាម បានចាត់តាំងពិធីបើកវគ្គប្រកួតពានរង្វាន់ជើងឯកកីឡាអត្តពលកម្មថ្នាក់ជាតិ U២០និងU២៣ ឆ្នាំ២០២៦។

លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ជូនទង់អនុស្សាវរីយ៍ដល់អង្គភាពចូលរួមប្រកួត។
ពានរង្វាន់ជើងឯកកីឡាអត្តពលកម្មថ្នាក់ជាតិ U២០និងU២៣ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៥ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានទាក់ទាញកីឡាករ កីឡាការិនីជាង៥០០នាក់ មកពីខេត្ត ក្រុងចំនួន៣៣និងអង្គភាពនានាក្នុងប្រទេស ដូចជា៖ តៀងក្វាង កាវបាំង ឡាយចូវ ឡាវកៃ ថាយង្វៀន ដៀងបៀង ឡាងស៊ើង ស៊ើងឡា ភូថ័រ បាក់និញ ទីក្រុងហាណូយ ទីក្រុងហាយផុង ហឹងអៀង និញប៊ិញ ថាញហ្វា ង៉ែអាង ហាទិញ ក្វាងទ្រី កាម៉ាវ ទីក្រុងហ្វេ ទីក្រុងដាណាំង ក្វាងង៉ៃ យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ្វា ឡឹមដុង ទីក្រុងដុងណាយ ទីក្រុងហូជីមិញ តីនិញ ដុងថាប អាងយ៉ាង វិញឡុងនិងទីក្រុងកឹងធើ។ ការប្រកួតនេះ បានចាត់តាំងតាមក្រុមអាយុនិងខ្លឹមសារប្រកួតរួមមាន៖ ជើងឯកថ្នាក់ជាតិU២០(៤៥ខ្លឹមសារ); U២៣ (៣០ខ្លឹមសារ)។
ថ្លែងការណ៍នៅក្នុងពិធីបើកវគ្គ លោកង្វៀងជីកុង នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តកាម៉ាវ ប្រធានគណៈចាត់តាំង ឱ្យដឹង៖ “នេះគឺជាការប្រកួតដ៏សំខាន់ក្នុងប្រព័ន្ធប្រកួតកីឡាស្នាដៃខ្ពស់ប្រចាំឆ្នាំ។ តាមរយៈការប្រកួត ភូមិភាគនានាវាយតម្លៃពីគុណភាពការងារបណ្តុះបណ្តាលចំពោះកីឡាករវ័យក្មេង បង្កលក្ខណៈឱ្យកីឡាករទាំងឡាយបានចូលរួមប្រកួតដោះដូរ បង្កើនសមត្ថភាពជំនាញ។ ទន្ទឹមនឹងនោះ នេះក៏ជាមូលដ្ឋានដើម្បីជ្រើសរើសបានកីឡាករឆ្នើមសម្រាប់ក្រុមជម្រើសជាតិ ឆ្ពោះដល់ការប្រកួតថ្នាក់តំបន់និងអន្តរជាតិ។

បន្ទាប់ពីពិធីបើក កីឡាករកីឡាការិនីរបស់អង្គភាពនានាចាប់ផ្តើមប្រកួត។
ដើម្បីការប្រកួតប្រព្រឹត្តិទៅជោគជ័យ លោកង្វៀងជីកុង សំណូមពរដល់កងជួរអាជ្ញាកណ្តាលចាត់ការបណ្តាខ្លឹមសារប្រកួតប្រកបដោយស្មារតីយុត្តិធម៌ សត្យានុម័ត ត្រឹមត្រូវនិងគោរពតាមច្បាប់ សំណូមពរគ្រូបង្វឹកនិងកីឡាករកីឡាការិនីទាំងអស់ គប្បីពង្រីកស្មារតីសាមគ្គី ស្មោះត្រង់ ថ្លៃថ្នូរ ប្រកួតអស់ពីសមត្ថភាពដើម្បីសម្រេចបានស្នាដៃខ្ពស់ រួមចំណែកបង្កើតព្រឹត្តិការណ៍ប្រកួតប្រកបដោយគុណភាព សុវត្ថិភាពនិងជោគជ័យ ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗក្នុងទឹកចិត្តបណ្តាក្រុមដែលចូលរួម៕
យ្វីអាញ-មុនី