ខណៈដែលមនុស្សជាច្រើននៅវ័យ ៧១ ឆ្នាំ ជ្រើសរើសឈប់សម្រាកពីការងារ ហើយរស់នៅមូលជុំជាមួយកូនចៅ ប៉ុន្តែចំពោះលោកថាច់រ៉ង នៅភូមិស្វាមីង ឃុំទីវកឹង ខេត្តវិញឡុង នៅតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីដាំដុះថែទាំដំណាំ មានគូឆាយ ខ្ទឹមស្លឹក ជីររណានិងបន្លែផ្សេងៗ។ ធ្លាប់បំពេញតួនាទីជាប្រធានគណៈកម្មាធិការប្រជាជនឃុំភូកឹង អស់រយៈពេលជាច្រើនឆ្នាំ ការចូលនិវត្តន៍មិនមែនជាចំណុចបញ្ចប់នៃការលះបង់នោះទេ ប៉ុន្តែជាឱកាសមួយដើម្បីបន្តខិតខំធ្វើការ ធ្វើជាគំរូល្អដល់កូនចៅ និងរួមចំណែកកសាងភូមិស្រុកតាមរយៈសកម្មភាពជាក់ស្តែង។

លោកថាច់រ៉ង កំពុងថែទាំចម្ការគូឆាយរបស់គ្រួសារ។
បើមើលទៅសួនបន្លែពណ៌បៃតងនាពេលបច្ចុប្បន្ន មានតិចអ្នកដឹងថា កាលពីមុន ដីនៅទីនេះភាគច្រើនដាំតែដំណាំចម្រុះ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចមិនខ្ពស់។ ដោយការនឹកគិតថា មិនគួរទុកដីឱ្យនៅទំនេរឥតប្រយោជន៍នោះទេ លោកក៏សម្រេចចិត្តកែលម្អដីជាង ២ កុង ដើម្បីដាំបន្លែដែលមានរយៈពេលប្រមូលផលខ្លី ដូចជា ខ្ទឹមស្លឹក គូឆាយ ជីររណា ម្ទេសនិងបន្លែជាច្រើនប្រភេទ ដែលសមស្របនឹងលក្ខណៈដីធ្លីនៅភូមិភាគ។ ជារៀងរាល់ថ្ងៃ ចាប់ពីព្រឹកព្រលឹមរហូតដល់ល្ងាច លោកតែងមានមុខនៅក្នុងចម្ការ ដោយចុះធ្វើការដោយផ្ទាល់ ចាប់ពីរៀបចំដី ដាំដំណាំ ស្រោចទឹក ថែទាំ រហូតដល់ការប្រមូលផល។
ក្នុងដំណាក់កាលដំបូងនៃការប្តូរមកដាំដំណាំ មិនបានប្រព្រឹត្តទៅដោយរលូននោះទេ។ ដោយសារខ្វះបទពិសោធន៍ អាកាសធាតុប្រែប្រួលមិនទៀងទាត់ និងការរាតត្បាតរបស់សត្វល្អិតនិងជំងឺផ្សេងៗ ធ្វើឱ្យចម្ការបន្លែមិនបានទិន្នផលដូចការរំពឹងទុក។ ទោះជាយ៉ាងណា លោកមិនបានបោះបង់ឡើយ ប៉ុន្តែបានស្វែងយល់ដោយខ្លួនឯងអំពីបច្ចេកទេសដាំដុះ កែលម្អដី ជ្រើសរើសពូជដែលសមស្រប និងរៀនសូត្រពីបទពិសោធន៍ពីទម្រង់ផលិតដែលទទួលបានជោគជ័យ។ បទពិសោធន៍កាលនៅបំពេញការងារ ក៏បានផ្តល់ឱកាសឱ្យលោកបានសិក្សាពីទម្រង់អភិវឌ្ឍសេដ្ឋកិច្ចជាច្រើន ដែលជួយឱ្យលោកប្រមូលបានចំណេះដឹង និងយកមកអនុវត្តជាក់ស្តែងក្នុងការដាំដុះ។ តាមលោក រ៉ងការធ្វើកសិកម្មឱ្យទទួលបានជោគជ័យ ត្រូវមានភាពឧស្សាហ៍ព្យាយាម អត់ធ្មត់ និងតែងតែខិតខំរៀនសូត្រជានិច្ច។ "ខ្ញុំធ្លាប់ធ្វើការងារតាំងពីនៅតូច ដូច្នេះពេលចូលនិវត្តន៍ហើយ ខ្ញុំមិនអាចអង្គុយស្ងៀមបានទេ។ រាល់ថ្ងៃ បានថែទាំសួនបន្លែ ហើយឃើញដំណាំលូតលាស់ល្អ គឺធ្វើឱ្យខ្ញុំមានអារម្មណ៍សប្បាយនិងមានសុខភាពល្អជាង" - លោកថាច់រ៉ង បានចែករំលែកដូច្នេះ។
ដោយសារភាពឧស្សាហ៍ព្យាយាម និងស្មារតីហ៊ានគិត ហ៊ានធ្វើ ទម្រង់ផលិតរបស់គ្រួសារលោកកាន់តែពង្រីកប្រសិទ្ធភាព។ បច្ចុប្បន្ន ផ្ទៃដីដាំបន្លែជាង ២ កុង ផ្តល់ចំណូលជាលំនឹងប្រមាណពី ៧ - ៨ លានដុងក្នុងមួយខែ។ រួមជាមួយនឹងដីស្រែចំនួន ២០ កុង គ្រួសារលោកមានចំណូលជិត ២០០ លានដុងក្នុងមួយឆ្នាំ ដែលធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ។ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ លោកក៏បានបែងចែកផ្ទៃដីមួយផ្នែកសម្រាប់ដាំរុក្ខជាតិលម្អ ដើម្បីបង្កើតបរិយាកាសបៃតងនិងភាពស្រស់ស្អាតជុំវិញផ្ទះ។ អ្វីដែលគួរឱ្យកោតសរសើរទៀតនោះ គឺលោកតែងស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ដល់ប្រជាជនក្នុងភូមិ។ ទោះបីចូលនិវត្តន៍អស់រយៈពេលជាង ១០ ឆ្នាំហើយក៏ដោយ លោកនៅតែរក្សាទម្លាប់ធ្វើការងារជារៀងរាល់ថ្ងៃ ហើយចាត់ទុកការជួយអ្នកដទៃអភិវឌ្ឍការផលិត ជាសេចក្តីសុខនិងក្តីរីករាយរបស់ខ្លួន។
មិនត្រឹមតែជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោកថាច់រ៉ង នៅទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានារបស់ភូមិភាគ ដូចជា ចូលរួមផ្តល់យោបល់ក្នុងការកសាងជនបទថ្មី ការពារបរិស្ថាន និងការជំរុញលើកទឹកចិត្តប្រជាជនក្នុងការអភិវឌ្ឍការផលិត។ ដោយប្រិយភាពជាអតីតកម្មាភិបាល ដែលបានបម្រើការងារជាប់ជានិច្ចនៅថ្នាក់មូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ លោកតែងទទួលបានការជឿទុកចិត្ត ការគោរពស្រឡាញ់ពីប្រជាជន។ តាមប្រសាសន៍លោកថាច់កៀង លេខាសាខាបក្សភូមិស្វាយមីង លោកថាច់រ៉ង គឺជាគំរូលេចធ្លោមួយរបស់កម្មាភិបាលចូលនិវត្តន៍ ដែលតែងតែរស់នៅប្រកបដោយការទទួលខុសត្រូវ ឧស្សាហ៍ព្យាយាមក្នុងការងារ និងបន្តលើកកម្ពស់តួនាទីឈានមុខ និងធ្វើជាគំរូល្អសម្រាប់បក្ខជន។ លោកថាច់កៀង វាយតម្លៃ៖ "មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានប្រសិទ្ធភាពប៉ុណ្ណោះទេ លោកថាច់រ៉ង ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយណែនាំ និងចែករំលែកបទពិសោធន៍ពីការផលិតដល់ប្រជាជន រួមចំណែកផ្សព្វផ្សាយស្មារតីជម្នះការលំបាក និងធ្វើមានដោយស្របច្បាប់ក្នុងសហគមន៍"។
ក្នុងវ័យ ៧០ ឆ្នាំប្លាយ រៀងរាល់ព្រឹក លោកថាច់រ៉ង នៅតែមានមុខក្នុងចម្ការដំណាំដើម្បីថែទាំបន្លែបង្ការ។ សម្រាប់លោក ការងារមិនត្រឹមតែជាមធ្យោបាយរកចំណូលប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីសុខ ជាវិធីថែទាំសុខភាពនិងជាឱកាសបន្តរួមចំណែកអភិវឌ្ឍភូមិស្រុករបស់ខ្លួន។ ចាប់ពីរងបន្លែពណ៌បៃតង រហូតដល់បទពិសោធន៍ដែលលោកបានចែករំលែកដល់ប្រជាជនក្នុងភូមិ លោកកំពុងបញ្ជូនសារដ៏មានអត្ថន័យអំពីស្មារតីខិតខំប្រឹងប្រែងមិនចេះនឿយហត់ ឆន្ទៈឈានឡើង និងការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន សូម្បីតែចូលនិវត្តន៍ហើយក៏ដោយ៕
អត្ថបទ, រូបថត៖ មុនី