មានគោលនយោបាយជាច្រើន រួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ជនជាតិ
ជាច្រើនឆ្នាំមកនេះ រដ្ឋតែងយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយវិនិយោគអភិវឌ្ឍន៍តំបន់ជនរួមជាតិខ្មែរ ដូច្នេះបានរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនបទ និងលើកកម្ពស់កម្រិតប្រជាបញ្ញារបស់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។ ទន្ទឹមនឹងនោះ ទីក្រុងកឹងធើក៏មានគោលនយោបាយពិសេសជាច្រើន ដើម្បីឧបត្ថម្ភថវិកាក្នុងការជួសជុលកេរដំណែលព្រះវិហារ និងគោលនយោបាយផ្សេងៗទៀត រួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ។
ព្រះឧបជ្ឈាយ៍តាំងណោ សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ព្រះចៅអធិការវត្តឃ្លាំងមានថេរដីកា៖

ព្រះឧបជ្ឈាយ៍ តាំងណោ។
ជាច្រើនឆ្នាំមកនេះ រួមជាមួយការយកចិត្តទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ រដ្ឋនៅតែមានកម្មវិធីនិងគម្រោងជាច្រើនដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ។ ពិសេសគឺគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជនជាតិភាគតិចផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍” ទីក្រុងកឹងធើបានវិនិយោគនិងបង្កលក្ខណៈងាយស្រួលសម្រាប់វត្តខ្មែរ ក្នុងការជួសជុល កសាងព្រះវិហារថ្មី និងសំណង់ផ្សេងៗក្នុងវត្ត។ ជាពិសេស ចំពោះវត្តខ្មែរដែលបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រ ថ្នាក់ជាតិនិងថ្នាក់ខេត្ត ដូចជា៖ វត្តសេរីតេជោមហាទប់ វត្តអូរជុំអារាមព្រែកចេក ឃុំង៉ាណាំ វត្តព្រែកអំពូរ ។ល។ បានឧបត្ថម្ភថវិការាប់សិបពាន់លានដុងដើម្បីជួសជុលកេរដំណែលប្រវត្តិសាស្ត្រ និងកសាងព្រះវិហារ។ ឆ្លងតាមរយៈនោះ មិនត្រឹមតែរួមចំណែកអភិរក្សតម្លៃវប្បធម៌ ប្រវត្តិសាស្ត្ររបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្កលក្ខណៈងាយស្រួលដល់មាមីងពុទ្ធបរិស័ទខ្មែរ មានកន្លែងធ្វើបុណ្យសុន្ទរ៍ទានតាមព្រះពុទ្ធសាសនា។
ស្របពេលជាមួយគ្នានោះដែរ ទីក្រុងកឹងធើ ក៏បានយកចិត្តទុកដាក់លើការងារអភិរក្សនិងពង្រីកពិធីបុណ្យទាន ក៏ដូចជាវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្នុងនោះ ទីក្រុងបានជំនួយថវិកាដល់វត្តខ្មែរមួយចំនួនដើម្បីបោះទូកងថ្មី និងជួសជុលទូកគែហ៊ៅឡើងវិញ ព្រមទាំងអភិរក្សនិងពង្រីកតម្លៃវប្បធម៌របរតម្បាញ និងរបរគូរគំនូរលើកញ្ចក់របស់ជនរួមជាតិខ្មែរ។ ជាពិសេសទៀត ពិធីបុណ្យជ្រោយរំចេករបស់ជនរួមជាតិខ្មែរនៅសង្កាត់វិញចូវ និងពិធីបុណ្យធាក់គង សិល្បៈរបាំ ល្ខោនបាសាក់ និងភ្លេងពិណពាទ្យ... សុទ្ធតែបានទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីថ្នាក់ជាតិ។
* ពិតទូលព្រះឧបជ្ឈាយ៍! តើការដែលវត្តអារាមបន្តបើកថ្នាក់បង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល មានអត្ថន័យយ៉ាងណាខ្លះក្នុងការថែរក្សា “អត្តសញ្ញាណ” របស់ជនជាតិ?
បច្ចុប្បន្ន គ្រប់វត្តអារាមខ្មែរទាំងអស់សុទ្ធតែយល់ច្បាស់ពីអត្ថន័យ “អក្សរសាស្ត្រជាព្រលឹងរបស់ជនជាតិ” ហេតុនេះហើយជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវិស្សមកាល គ្រប់វត្តអារាមតែងរៀបចំការបង្រៀនអក្សរខ្មែរ ដើម្បីឱ្យកូនចៅតាមបណ្តាភូមិស្រុកមករៀន។ ការរក្សាការបង្រៀនអក្សរខ្មែរនៅក្នុងវត្ត មានអត្ថន័យយ៉ាងសំខាន់ក្នុងការថែរក្សា និងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ថ្នាក់រៀននេះ ជួយឱ្យកូនចៅជនរួមជាតិខ្មែរយល់ដឹងពី “ប្រភព” និងមានមោទនភាពនៅពេលរក្សា “ភាសាកំណើត” របស់ជនជាតិខ្លួន។ នេះក៏ជាការទទួលខុសត្រូវ និងជាមោទនភាពរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និងគ្រប់វត្តក្នុងការរក្សាថ្នាក់បង្រៀនអក្សរខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក៏ចេញពីវត្តអារាមនេះដែរ មានបញ្ញវន្តខ្មែរជាច្រើនជំនាន់មានចំណេះដឹងយ៉ាងជ្រៅជ្រះផ្នែកអក្សរសាស្រ្តខ្មែរ ដើម្បីបំពេញល្អនូវភារកិច្ចក្នុងកិច្ចការសាសនា និងជនជាតិនៅបណ្តាស្ថាប័នអង្គភាព។
ទន្ទឹមនឹងនោះ ការយកចិត្តទុកដាក់ឧបត្ថម្ភរបស់ទីក្រុងកឹងធើ ក្នុងការដាក់ចេញនូវគោលនយោបាយពិសេស ដើម្បីឧបត្ថម្ភថវិកាដល់បណ្តាវត្តអារាមទាំងឡាយដែលបើកថ្នាក់បង្រៀនអក្សរខ្មែរ។ ដោយទទួលបានការយកចិត្តទុកដាក់បែបនេះ ព្រះសង្ឃនិងអាចារ្យបង្រៀនជាច្រើនអង្គនិងរូប ដែលចូលរួមបង្រៀនអក្សរខ្មែរនៅតាមវត្តអារាមក្នុងរដូវវិស្សមកាលកាន់តែមានកម្លាំងចិត្ត និងទំនុកចិត្តក្នុងការផ្ទេរជូនចំណេះដឹងផ្នែកភាសា និងអក្សរសាស្រ្តដល់កូនចៅជនរួមជាតិខ្មែរ រួមចំណែកក្នុងការអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិ៕
យ្វីអាញ-ដាលីន