នៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ជនបទឃុំដូងចូវ វត្តជ្រៃគោកមានសោភណភាព ជាមួយស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ប្រកបដោយលក្ខណៈបុរាណពិសេស។ អស់រយៈពេលជាង ៣ សតវត្សរ៍ វត្តនេះមិនត្រឹមតែជាទីកន្លែងសម្រាប់សកម្មភាពជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទាក់ទាញចំពោះភ្ញៀវទេសចរ ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មប្រពៃណី។

សំណង់ស្រះមុច្ចលិន្ទ ព្រះពុទ្ធបដិមាប្រក់នាគ នៅខាងមុខព្រះវិហារវត្តជ្រៃគោក។
យោងតាមឯកសាររបស់វត្ត វត្តជ្រៃគោក បានកសាងឡើងដោយស្នាព្រះហស្ថ ព្រះតេជព្រះគុណ ថាច់ប្រាជ្ញ ជាព្រះចៅអធិការវត្តមុនដំបូង នៅឆ្នាំ ១៦៩៤ (ព.ស. ២២៣៨)។ ឆ្លងកាត់រយៈពេលជាង ៣៣០ ឆ្នាំមកហើយ វត្តនៅតែរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងស្ថាបត្យកម្មប្រពៃណី។ វត្តបានកសាងលើផ្ទៃដីប្រមាណ៤,៧ហិកតា និងបានហ៊ុំព័ទ្ធដោយដើមគគីរនិងដើមឈើទាលធំៗចោលម្លប់ត្រឈឹងត្រឈៃ បង្កជាបរិយាកាសបរិសុទ្ធនិងស្ងប់ស្ងាត់។ ពេលឈានចូលដល់ខ្លោងទ្វារវត្ត ភ្ញៀវទេសចរមានអារម្មណ៍ស្ងប់ស្ងាត់និងសុខសាន្តនៃតំបន់ជនបទខ្មែរ។
ចំណុចលេចធ្លោរបស់វត្ត គឺព្រះវិហារដែលកសាងតាមរចនាបថស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ជាមួយក្បាច់ក្បូររចនាឆ្លាក់យ៉ាងល្អប្រណីត។ រាល់ក្បាច់លម្អនីមួយៗ សុទ្ធតែមានអត្ថន័យជានិមិត្តសញ្ញាព្រះពុទ្ធសាសនា ព្រមទាំងបង្ហាញពីភាពប៉ិនប្រសប់ និងទេពកោសល្យរបស់សិប្បករខ្មែរ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ លើសពីនេះ នៅពេលមកដល់វត្តជ្រៃគោក ភ្ញៀវទេសចរពិបាកនឹងរំលងស្រះមុច្ចលិន្ទដែលមានព្រះពុទ្ធបដិមាប្រក់នាគ ជាស្រះទឹកសិប្បនិម្មិតកសាងតាមពុទ្ធបវត្តិ កាលព្រះពុទ្ធបាននាគរាជការពារក្នុងអំឡុងពេលព្រះអង្គសមាធិ។ សំណង់នេះបានរៀបចំយ៉ាងសមស្របនៅក្នុងបរិយាកាសបៃតងដ៏ស្រស់ស្អាតនៃបរិវេណវត្ត ព្រមទាំងមានអត្ថន័យខាងជំនឿយ៉ាងជ្រាលជ្រៅ និងជាចំណុចលេចធ្លោដ៏ពិសេសមួយសម្រាប់ទេសភាពវត្ត។ ផ្ទៃស្រះទឹកថ្លាឈ្វេង ឆ្លុះបញ្ចាំងស្រមោល ដើមឈើនិងដំបូលព្រះវិហារដ៏ស្កឹមស្កៃ បង្កជាបរិយាកាសស្ងប់ស្ងាត់និងស្រស់ស្រាយ។ ទីនេះក៏ជាកន្លែងដែលពុទ្ធបរិស័ទនិងភ្ញៀវទេសចរជាច្រើនមកគោរពបូជា គយគន់ទេសភាពនិងថតរូបអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។ ក្រៅពីតម្លៃស្ថាបត្យកម្ម វត្តជ្រៃគោកក៏ជាទីកន្លែងរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ នៅក្នុងឱកាសបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ វត្តមានភាពអ៊ូអរដោយពិធីបុណ្យនិងសកម្មភាពវប្បធម៌ជាច្រើន ប្រកបដោយលក្ខណៈពិសេស ហើយទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
ដោយមានប្រវត្តិសាស្ត្រដ៏យូរលង់ ស្ថាបត្យកម្មពិសេសនិងបរិយាកាសស្ងប់ស្ងាត់ វត្តជ្រៃគោក គឺជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលចូលចិត្ត ស្វែងយល់ពីវប្បធម៌ខ្មែរ។ រាល់ដំណើរមកកាន់ទីនេះ មិនត្រឹមតែផ្តល់នូវអារម្មណ៍ល្ហែល្ហើយនិងស្ងប់សុខ ជាមួយទេសភាពដ៏ប្រណីតប៉ុណ្ណោះទេ ថែមទាំងជួយឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់អំពីជីវភាពជំនឿសាសនា អត្តសញ្ញាណវប្បធម៌និងតម្លៃប្រពៃណីដែលជនរួមជាតិខ្មែរបានថែរក្សាបន្តពីមួយ ជំនាទៅមួយជំនាន់៕
ទីទុយ