ដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។
.jpg)
ក្តីរីករាយរបស់បងស្រី ថាច់ធីខេវ ពេលបានឧបត្ថម្ភសង់លំនៅឋាន។
នៅក្នុងផ្ទះថ្មីដ៏សមរម្យដែលទើបសង់រួចរាល់នៅភូមិតាកាញ់ B ឃុំធ្វឹងហ្វា បងស្រី ថាច់ធីខេវ មានក្តីរំភើបយ៉ាងខ្លាំង។ បន្ទាប់ពីច្រើនឆ្នាំរស់នៅក្នុងផ្ទះស្លឹកចាស់ទ្រុឌទ្រោម ឥឡូវនេះបានសប្បុរសជនជួយឧបត្ថម្ភសង់ផ្ទះថ្មី តម្លៃ ៧០ លានដុង គ្រួសារបងស្រីមានកន្លែងរស់នៅដោយស្ថិរភាព។ បងស្រីខេវ បានចែករំលែក៖ "កាលពីមុន ឱ្យតែមានភ្លៀងខ្យល់ម្តងៗគឺភ័យខ្លាចផ្ទះរលំ។ ផ្ទះចាស់ពុកខ្លាំងពេក រាល់ពេលទៅធ្វើការ ហើយមានភ្លៀងខ្យល់ធំម្ដងៗ គឺខ្ញុំបារម្ភខ្លាំងណាស់។ ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីរដ្ឋអំណាច រណសិរ្ស និងសប្បុរសជនទេ ប្រាកដជាគ្មានថ្ងៃណាដែលគ្រួសារខ្ញុំបានរស់នៅក្នុងផ្ទះរឹងមាំយ៉ាងនេះឡើយ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះចាប់ពីពេលនេះទៅមិនព្រួយបារម្ភអំពីផ្ទះសម្បែងទៀត នឹងនរចិត្តខិតខំប្រឹងប្រែងរកស៊ី ដើម្បីឈានឡើងលំនឹងជីវភាព"។ តាមលោកស្រី ចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ចាប់តាំងពីដើមឆ្នាំមក រណសិរ្សនិងអង្គការមហាជនឃុំបានសហការជាមួយសប្បុរសជនចុះអង្កេត និងជួយឧបត្ថម្ភសង់ផ្ទះបាន ១១ ខ្នង ជូនគ្រួសារដែលមានជីវភាពក្រីក្រ និងមានតម្រូវការបន្ទាន់ខាងផ្ទះសម្បែង ដោយចំណាយថវិកាសរុបជាង ៧០០ លានដុង។

លោកត្រឹងហ្វៃហ៊ុង នៅឃុំលិតហោយធឿង រំភើបចិត្តឥតឧបមាពេលមានផ្ទះថ្មី។
សេចក្តីរីករាយដូចគ្នា គឺគ្រួសារលោកត្រឹងហ្វៃហ៊ុង នៅភូមិផូយឺយ ឃុំលិតហោយធឿង ជាគ្រួសារមានស្ថានភាពលំបាកនៅភូមិភាគ។ ច្រើនឆ្នាំមកនេះ គ្រួសារលោក រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។ បានរណសិរ្សនិងអង្គការមហាជនបំផុសចលនាសប្បុរសជនឧបត្ថម្ភ ៦០ លានដុង ដើម្បីសាងសង់ផ្ទះថ្មី។ ក្រោយមួយរយៈពេលសាងសង់ ពេលនេះផ្ទះបានសង់រួចរាល់ក្នុងក្តីរីករាយឥតឧបមារបស់គ្រួសារ។ លោកហ៊ុងបានរ៉ាយរ៉ាប់៖ "គ្រួសារក្រីក្រ រូបខ្ញុំក៏មានអាយុច្រើន និងមានជំងឺជាប្រចាំ ដូច្នេះមិនអាចធ្វើពលកម្មបានឡើយ។ ចំណែកកូនៗត្រូវទៅធ្វើការឆ្ងាយ ប្រាក់ចំណូលគ្រាន់តែល្មមដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ផ្ទះចាស់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ធារផ្ទះទាប តែងលិចទឹកនៅរដូវភ្លៀង ដំបូលស័ង្កសីធ្លុះធ្លាយជាច្រើនកន្លែង។ ហេតុដូច្នេះ ពេលបានឧបត្ថម្ភថវិកាដើម្បសាងសង់ផ្ទះ ខ្ញុំសប្បាយចិត្តណាស់"។
"ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សឃុំ ការសហការរបស់គណៈកម្មាធិការប្រជាជនឃុំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានចលនានិងឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីបាន ១១ ខ្នង ជូនគ្រួសារក្រីក្រ និងក្បែរក្រ ដោយថវិកាសរុបជាង ៧០០ លានដុង។ ផ្ទះមួយខ្នងៗដែលបានសាងសង់ឡើង មិនត្រឹមតែមានតម្លៃផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋអំណាច រណសិរ្ស អង្គការមហាជនឃុំ ព្រមទាំងការរួមកម្លាំងពីបណ្តាអាជីវកម្ម និងសប្បុរសជន តាមរយៈនោះ រួមចំណែកធ្វើឱ្យរីកសាយភាយស្មារតីឧបត្ថម្ភគ្នាទៅវិញទៅមក និងផ្តល់កម្លាំងចិត្តបន្ថែម ដើម្បីឱ្យគ្រួសារដែលជួបការលំបាក ខិតខំប្រឹងប្រែងពុះពារឈានឡើងនៅក្នុងជីវិត" - លោកស្រី ថាច់ធីសាផាយ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំលិតហោយធឿង បានផ្តល់ព័ត៌មានដូច្នេះ។
ផ្ទះដែលបានសាងសង់ឡើងជាបន្តបន្ទាប់ មិនត្រឹមតែជួយឱ្យគ្រួសារក្រីក្រមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយសុខុមាលភាពសង្គមរបស់បក្ស និងរដ្ឋទៀតផង។ ផ្ទះមួយខ្នងៗដែលបានសាងសង់រួចរាល់ គឺមានគ្រួសារមួយថ្មីទៀតមានលក្ខណៈលំនឹងជីវភាព ឈានឡើងអភិវឌ្ឍន៍សេដ្ឋកិច្ចជាបណ្តើរៗ។ តាមរយៈនោះ ជួយឱ្យរីកសាយភាយប្រពៃណីសាមគ្គីនិងមនុស្សធម៌ ដែលជាតម្លៃថ្លៃថ្នូរបានទីក្រុងកឹងធើថែរក្សានិងពង្រីកនាពេលកន្លងមក៕
ថាញវ៉ាង - ថាច់ធី