21/08/2026 - 05:47

អាវ​បំ​ពង់​វែង​ សម្លៀកបំ​ពាក់​របស់​នា​រី​ខ្មែរ​បុរាណ​ 

កាល​ពី​មុន​ អាវ​បំ​ពង់​វែង​មិន​ត្រឹម​តែ​ជាស​ម្លៀកបំ​ពាក់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គ្រឿង​ស្លៀក​ពាក់​សម្រាប់​កូន​ក្រមុំ​ក្នុង​ពិ​ធី​មង្គល​ការ​ទៀត​ផង​។ ប៉ុន្តែ​បច្ចុប្បន្ន​ ដោយ​សារ​និន្នាការ​ផ្លាស់​ប្តូរ​នៃ​ការ​ស្លៀក​ពាក់​អាវ​បំ​ពង់​វែង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​តិច​តួច​ណាស់​ ហើយ​ក៏​កំ​ពុង​បាត់​បង់​បន្តិច​ម្តង​ៗទាំង​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​ក្នុង​ពិ​ធី​មង្គល​ការ​។

ការស​ម្តែង​សម្លៀកបំ​ពាក់​ពិ​ធី​មង្គល​ការ​ អាវ​បំ​ពង់​វែង​។

អាវបំ​ពង់​វែង​សម្រាប់​កូន​ក្រមុំ​ពាក់​ក្នុង​ថ្ងៃ​រៀប​ការ​ គឺ​ម៉ូដអាវ​ដៃ​វែង​រាង​បំ​ពង់​កមូល​ ដេរ​ពី​ក្រ​ណាត់​លាត​សុទ្ធ​ ប៉ាក់​ឌិន​ច្រើន​ពណ៌​អម​ដោយ​សូ​រង​ក មាន​បន្តោង​រំ​យោល​ទម្លាក់​ចុះ​ និង​ខ្សែ​ក្រ​វ៉ាត់​ចង្កេះ​។ អាវ​នេះ​ច្រើន​តែ​ពាក់​គួប​ផ្សំ​ជា​មួយ​សា​រ៉ុង ឬ​សំ​ពត់​ហូល​។

នៅ​លើ​ក្បាល​ កូន​ក្រមុំ​បួង​សក់​ឡើង​ខ្ពស់​ ពាក់​ម្កុដដែល​ច្នៃ​ចេញ​ពី​ស្រទាប់​ជា​ច្រើន​ដូច​ផ្កា​ឈូក​កំ​ពុង​រីក​។ ម្កុដនេះ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​រឹង​មាំ​ និង​លម្អ​យ៉ាង​ផ្ចិត​ផ្ចង់​បំ​ផុត​ដោយ​គ្រាប់​អង្កាំ​ និង​គ្រាប់​ឌិន​ចម្រុះ​ពណ៌​ភ្លឺ​ចែង​ចាំង​ដោយ​យក​​ពណ៌​មាស​ជា​ស្នូល​បូក​រួម​នឹង​ពណ៌​ក្រ​ហម​។ ចំ​ណុច​លេច​ធ្លោ​ពិ​សេស​ គឺ​ផ្នែក​រំ​យោល​គ្រាប់​អង្កាំ​ពណ៌​លឿង​ទុំ​ ដែល​ត្រូវ​បាន​ក្រង​ជា​ជួរ​រំ​យោល​ចុះ​ បង្កើត​ភាព​ស្រស់​ស្អាត​សម្រាប់​កូន​ក្រមុំ​។ ចាប់​តាំង​ពី​ម៉ូដសម្លៀកបំ​ពាក់​ ការ​តុ​បតែង​ រហូត​ដល់​ការ​ផ្គុំ​ជា​មួយ​គ្រឿង​លម្អ​ផ្សេង​ៗ នៃ​សម្លៀកបំ​ពាក់​អាពាហ៍​ពិពាហ៍​ បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំ​ពី​ទស្សនៈ​ទៅ​លើ​ភាព​ស្រស់​ស្អាត​ និង​សោ​ភណ​ភាព​នៃ​ការ​ស្លៀក​ពាក់​របស់​នា​រី​ខ្មែរ​កាល​ពី​សម័យ​មុន​។

បច្ចុប្បន្ន​ អាវ​បំ​ពង់​វែង​មាន​វត្ត​មាន​តិច​តួច​ណាស់​នៅ​ក្នុង​ពិ​ធី​រៀប​អាពាហ៍​ពិពាហ៍​របស់​ជន​ជាតិ​ខ្មែរ​។ កូន​ក្រមុំ​វ័យ​ក្មេង​នៅ​តែ​ជ្រើស​រើស​សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ​ ប៉ុន្តែ​អ្វី​ដែល​និយម​ជាង​គេ​គឺ​អាវ​ស្បៃ​ ឬ​អាវ​ប៉ាក់​ គួប​ផ្សំ​ជា​មួយ​សំ​ពត់​ហូល​ ផាមួង​។ ប្រ​ការ​នេះ ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​ការ​ជ្រើស​រើស​ម៉ូដសម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​ទៅ​តាម​សម័យ​កាល​នីមួយៗ​។

លោក​ឡឹម​អ៊ុក (អាយុ​៨១ឆ្នាំ​) នៅ​ភូមិ​ព្រែក​អណ្ដើក​ ឃុំ​ញូយ៉ា រំលឹក​ឡើង​៖ “កាល​ពី​មុន​ ឈុត​សម្លៀកបំ​ពាក់​ទាំង​នេះ​ច្រើន​តែ​ត្រូវ​ដេរ​យ៉ាង​ផ្ចិត​ផ្ចង់​បំ​ផុត​ ព្រោះ​ភាគ​ច្រើន​ប្រើ​ប្រាស់​ក្នុង​ឱ​កាស​សំ​ខាន់​ៗ ដូច​ជា​ពិ​ធី​រៀប​ការ​ជា​ដើម​។ សម្លៀកបំ​ពាក់​អាពាហ៍​ ពិពាហ៍​ មិន​មែន​មាន​ស្រាប់​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​ ហេ​តុ​នេះ​អ្នក​ដែល​មាន​ឈុត​អាវ​បំ​ពង់​វែង​ច្រើន​តែ​ថែ​រក្សា​យ៉ាង​ប្រុង​ប្រយ័ត្ន​។ ឥ​ឡូវ​នេះ​ ប្រ​សិន​បើ​ចង់​ស្វែង​រក​ ឈុត​អាវ​បំ​ពង់​វែង​ដែល​នៅ​ពេញ​លេញ​រៀប​រយ​មួយ​ឈុត​ គឺ​ពិត​ជា​លំ​បាក​ណាស់​”។

ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ អាវ​បំ​ពង់​វែង​មាន​ការ​រចនា​យ៉ាង​សាមញ្ញ​ និង​មិន​ឆើត​ឆាយ​ ដូច​សម្លៀកបំ​ពាក់​អាពាហ៍​ពិពាហ៍​ឡើយ​ ភាគ​ច្រើន​នា​រី​ខ្មែរ​ពាក់​គួប​ផ្សំ​ជា​មួយ​សា​រ៉ុង ឬ​ខោ​។

បច្ចុប្បន្ន​ អាវ​ប្រ​ភេទ​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​សារ​មន្ទីរ​ ឬ​ក្នុង​កម្ម​វិធី​សម្តែង​បង្ហាញ​ សម្លៀកបំ​ពាក់​ប្រ​ពៃ​ណី​តែ​ប៉ុណ្ណោះ​ ហើយ​កម្រ​នឹង​បាន​កូន​ក្រមុំ​ជ្រើស​រើស​ពាក់​នា​ថ្ងៃ​រៀប​ការ​ណាស់​។ តាម​រយៈ​នោះ​ សម្លៀកបំ​ពាក់​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ជីវ​ភាព​រស់​នៅ ​និង​របៀប​ជ្រើស​រើស​សម្លៀកបំ​ពាក់​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​ ទៅ​តាម​កាល​សម័យ​ផង​ដែរ​៕

      វុឌ្ឍា - ថា​ច់ធី​

ចែករំលែកអត្ថបទ