02/07/2026 - 21:56

ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​កុមារី​ថ្នាក់​ទី​៣ ដែល​ទទួល​បាន​ជ័យ​លា​ភី​លេខ​១ ក្នុង​ពិ​ធី​ប្រ​ឡង​"កុមារ​វៀត​ណាម - ឈាន​ឆ្ពោះ​ទៅ​កាន់​ពិ​ភព​លោក" 

កុមារី​ឡឹម​ត្រាង​ហ្វាយ​អាង សិស្ស​ថ្នាក់​ទី​៣A នៃ​សា​លា​បឋម​សិក្សា​លីវ​ទូ C ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ ទើប​តែ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​១ ក្នុង​កម្ម​វិធី​ប្រ​ឡង "កុមារ​វៀត​ណាម - ឈាន​ឆ្ពោះ​ទៅ​កាន់​ពិ​ភព​លោក" ឆ្នាំ​សិក្សា ២០២៥​-២០២៦។ នេះ​មិន​មែន​ជា​លើក​ទី​មួយ ដែល​ហ្វាយ​អាង ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការ​ប្រ​ឡង​ដែល​ទាម​ទារ​ជំ​នាញ​អនុ​វត្ត​ភា​សា​បរ​ទេស (ភា​សា​អង់​គ្លេស) នោះ​ឡើយ មុន​នោះ កុមារី​រូប​នេះ​ក៏​ធ្លាប់​ទទួល​បាន​ពិន្ទុ​យ៉ាង​ខ្ពស់​ក្នុង​ការ​ប្រ​ឡង TOEFL Primary ប្រ​ចាំ​តំ​បន់​ភាគ​ខាង​ត្បូង​ផង​ដែរ។

កម្ម​វិធី​ប្រ​ឡង "កុមារ​វៀត​ណាម - ឈាន​ឆ្ពោះ​ទៅ​កាន់​ពិ​ភព​លោក" ឆ្នាំ​សិក្សា ២០២៥​-២០២៦ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​មហោ​ស្រព​កុមារ​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១ ឆ្នាំ​២០២៦ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​កង​មជ្ឈិម​មជ្ឈ​មណ្ឌល​គាំ​ទ្រ​និង​អភិវឌ្ឍន៍​កុមារ​វៀត​ណាម សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សារ​គមនា​គមន៍​អន​ឡាញ VTC ចាត់​តាំង​ឡើង។ កម្ម​វិធី​ប្រ​ឡង​បាន​ទាក់​ទាញ​បេក្ខ​ជន​ជា​កុមារ​ជាង ៣៨.២០០ នាក់​មក​ពី​គ្រប់​ទិស​ទី​នៃ​ទូ​ទាំង​ប្រ​ទេស​ចូល​រួម។ ក្នុង​ការ​ប្រ​ឡង​នេះ​ បេក្ខ​ជន​ទាំង​អស់​បាន​បង្ហាញ​សមត្ថ​ភាព​ភា​សា​បរ​ទេស​របស់​ខ្លួន​តាម​រយៈ​ការស​ម្តែង​លើ​ឆាក​នូវ​សាច់​រឿង​អំ​ពី​វប្ប​ធម៌ ប្រ​វត្តិ​សាស្ត្រ និង​មនុស្ស​វៀត​ណាម ការ​ធ្វើ​បទ​បង្ហាញ និង​ការ​សួរ​ឆ្លើយ​ជា​ភា​សា​អង់គ្លេស​ជា​មួយ​គណៈ​កម្ម​ការ។

កុមារី​ឡឹម​ត្រាង​ហ្វាយ​អាង សិស្ស​ថ្នាក់​ទី៣A នៃ​សា​លា​បឋម​សិក្សា​លីវ​ទូ C ទទួល​បាន​ចំ​ណាត់​ថ្នាក់​លេខ​១ ក្នុង​កម្ម​វិធី​ប្រ​ឡង​ "កុមារ​វៀត​ណាម - ឈាន​ឆ្ពោះ​ទៅ​កាន់​ពិ​ភព​លោក" ឆ្នាំ​សិក្សា ២០២៥​-២០២៦។

លោក​គ្រូ ចូវ​តេន ចាង​ហ្វាង​សា​លា​បឋម​សិក្សា លីវ​ទូ C ដែល​រួម​ដំ​ណើរ​ជា​មួយ​ហ្វាយ​អាង ក្នុង​ការ​ប្រឡង​បាន​មាន​ប្រ​សាសន៍៖ "យក​ឈ្នះ​លើ​បេក្ខជន​រាប់​ពាន់​នាក់ ហ្វាយ​អាង គឺ​ជា​សិស្ស​បឋម​សិក្សា​ម្នាក់​ក្នុង​ចំ​ណោម ៣ នាក់​របស់​ទី​ក្រុង​កឹង​ធើ ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ១ ក្នុង​ពិ​ធី​ប្រ​ឡង​នេះ។ លទ្ធ​ផល​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​ហ្វាយ​អាង មិន​ត្រឹម​តែ​ជា​មោទ​នភាព​របស់​សា​លា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចិត្ត​ជម្រុញ​ឱ្យ​សិស្សា​នុសិស្ស​ខិត​ខំ​រៀន​សូត្រ​ភា​សា​បរ​ទេស​ឱ្យ​បាន​ល្អ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​កុមារ​កឹង​ធើ​ដែល​មាន​ភាព​សកម្ម ជឿ​ជាក់ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ជា​មួយ​មិត្ត​ភក្តិ​អន្តរ​ជាតិ"។ 

តាម​លោក​គ្រូ យឺ​អញ​ត្រង​ ប្រ​ធាន​ក្រុម​មុខ​វិជ្ជា​ភា​សា​អង់​គ្លេស​នៃ​សា​លា​បឋម​សិក្សា​លីវ​ទូ C បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ចូល​រៀន​ថ្នាក់​ទី​១ ហ្វាយ​អាង បាន​បង្ហាញ​នូវ​ទេព​កោស​ល្យពី​កំ​ណើត និង​តែង​តែ​ទទួល​បាន​លទ្ធ​ផល​ល្អ​បំ​ផុត​ក្នុង​វិញ្ញា​សា​ភា​សា​អង់​គ្លេស។ ក្នុង​ឆ្នាំ​សិក្សា ២០២៥​-២០២៦ សា​លា​បាន​ស្វែង​យល់​អំ​ពី​ការ​ប្រ​ឡង​ផ្សេងៗ និង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ហ្វាយ​អាង​ចូល​រួម។ នៅ​ក្នុង​ការ​ប្រ​ឡង​ TOEFL Primary កម្រិត​តំ​បន់​ភាគ​ខាង​ត្បូង ហ្វាយ​អាង បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ទទួល​បាន​ពិន្ទុ ២១៨/​២៣០។ ផ្អែក​លើ​លទ្ធ​ផល​ដ៏​ឆ្នើម រួម​ផ្សំ​នឹង​សមត្ថ​ភាព​ស្តាប់​និង​និយាយ​បាន​ល្អ សា​លា​បាន​ចុះ​ឈ្មោះ​ឱ្យ​ហ្វាយ​អាង ចូល​រួម​ប្រឡង "កុមារ​វៀត​ណាម - ឈាន​ឆ្ពោះ​ទៅ​កាន់​ពិ​ភព​លោក​" ឆ្នាំ​សិក្សា ២០២៥-២០២៦។

"ហ្វាយ​អាង មិន​ដែល​បាន​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​ណា​មួយ​ឡើយ គឺ​ប្អូន​ស្វ័យ​សិក្សា​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ ដោយ​សារ​ចេះ​អាន ចេះ​សរ​សេរ និង​សន្ទ​នា​បាន​យ៉ាង​ស្ទាត់​ជំ​នាញ ដូច្នេះ​ក្នុង​ម៉ោង​រៀន​ភា​សា​បរ​ទេស ហ្វាយ​អាង​និង​គ្រូ​បង្រៀន​គឺ​ជជែក​ប្ដូរ​យោ​បល់​គ្នា​ជា​ភា​សា​អង់​គ្លេស​ទាំង​ស្រុង" - លោក​គ្រូ យឺ​អញ​ត្រង បាន​ផ្តល់​ព័ត៌​មាន​បន្ថែម​ដូចេ្នះ។

លោក​ឡឹម​ហ្វា​វ៉ាំង​ ឪ​ពុក​របស់​ហ្វាយ​អាង បាន​ឱ្យ​ដឹង​ថា កូន​ស្រី​មាន​ទេព​កោ​សល្យភា​សា​បរ​ទេស​តាំង​ពី​តូច។ កាល​ពី​អាយុ ២ ឆ្នាំ​ នៅ​ពេល​បាន​ទស្សនា​កម្ម​វិធី​កុមារ​ដែល​មាន​ខ្លឹម​សារ​ជា​ភា​សា​អង់​គ្លេស ហ្វាយ​អាង​តែង​តែ​ផ្ដោត​អា​រម្មណ៍​ស្ដាប់​ដោយ​ក្តី​រីក​រាយ និង​រៀន​និយាយ​តាម។ ជា​មួយ​នឹង​បំ​ណិន និង​សមត្ថ​ភាព​ប្រា​ស្រ័យ​ទាក់​ទង​ភា​សា​បរ​ទេស​បាន​ល្អ លោក​ហ្វា​វ៉ាំង ក៏​បាន​ចាប់​ផ្តើម​រួម​ដំ​ណើរ​ជា​មួយ​កូន​ស្រី ដោយ​បង្រៀន​កូន​ឱ្យ​និយាយ​ភា​សា​អង់​គ្លេស។ ដើម្បី​ឱ្យ​ហ្វាយ​អាង​បញ្ចេញ​សំ​ឡេង​បាន​ត្រឹម​ត្រូវ លោក​ហ្វា​វ៉ាំង​បង្រៀន​កូន​និយាយ​ផង ឱ្យ​កូន​មើល​និង​ស្តាប់​កម្ម​វិធី​កុមារ​ដែល​និយាយ​ជា​ភា​សា​អង់​គ្លេស​ផង។ ហ្វាយ​អាង​ចាប់​យក​បាន​លឿន​ណាស់ លុះ​ដល់​អា​យុ​ ៦ ឆ្នាំ​ ក៏​អាច​ស្តាប់​និង​ជជែក​លេង​ជា​ភា​សា​អង់​គ្លេស​បាន​យ៉ាង​រលូន។

"ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​ព័ត៌​មាន​មាន​ការ​រីក​ចម្រើន ដូច្នេះ​ទោះ​បី​ជា​នៅ​ជន​បទ​ក៏​ដោយ កុមារ​នៅ​តែ​អាច​រៀន​ភា​សា​អង់​គ្លេស​តាម​រយៈ​សៀវ​ភៅ កា​សែត ភាព​យន្ត និង​កម្ម​វិធី​ទូរ​ទស្សន៍​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ទទួល​បាន​ចំ​ណេះ​ដឹង​ហើយ គឺ​ត្រូវ​តែ​ហ្វឹក​ហាត់​និង​ប្រើ​ប្រាស់​ជា​ប្រ​ចាំ ហើយ​ត្រូវ​ការ​បរិយា​កាស​ដើម្បី​អនុ​វត្ត​ភា​សា​អង់​គ្លេស ទើប​អាច​ស្ទាត់​ជំ​នាញ​បាន។ ខ្ញុំ​សង្ឃឹម ហ្វាយ​អាង​នឹង​មាន​ឱ​កាស​កាន់​តែ​ច្រើន​ក្នុង​ការ​សិក្សា ផ្លាស់​ប្តូរ​បទ​ពិសោធន៍​និង​ពង្រឹង​សមត្ថ​ភាព​ភា​សា​បរ​ទេស​ដើម្បី​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត" - លោក​ឡឹម​ហ្វា​វ៉ាំង បាន​ចែក​រំលែក​ដូច្នេះ។

គួរ​រំលឹក​ផង​ដែរ​ថា ឪ​ពុក​ម្តាយ​របស់​ហ្វាយ​អាង គឺ​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ព័ត៌​មាន​វិទ្យា និង​វិចិត្រ​សិល្បៈ នៅ​សា​លា​បឋម​សិក្សា​មួយ​ក្នុង​ឃុំ​លីវ​ទូ។ ក្នុង​បណ្តា​ឆ្នាំ​សិក្សា​កន្លង ហ្វាយ​អាង​តែង​តែ​ទទួល​បាន​កិត្តិ​នាម​ជា​សិស្ស​ឆ្នើម​របស់​សា​លា។

នៅ​ពេល​និយាយ​អំ​ពី​ដំ​ណើរ​ការ​រៀន​ភា​សា​បរ​ទេស ហ្វាយ​អាង បាន​ប្រាប់៖ "រាល់​ថ្ងៃ ប្អូន​តែង​ចំ​ណាយ​ពេល​មើល​កម្ម​វិធី​កុមារ​និយាយ​ភា​សា​អង់​គ្លេស រៀន​ភា​សា​អង់​គ្លេស​ជា​មួយ ChatGPT និង​និយាយ​ជា​ភា​សា​អង់​គ្លេស​ជា​មួយ​ប៉ា​ម៉ាក់។ ឆ្នាំ​នេះ បាន​ចូល​រួម​ប្រ​ឡង​ភា​សា​អង់​គ្លេស ព្រម​ទាំង​បាន​ជួប​ជុំ​ជជែក​លេង​ជា​មួយ​មិត្ត​ភក្តិ បងៗ និង​លោក​គ្រូ​អ្នក​គ្រូ​មក​ពី​គ្រប់​ទិស​ទី បាន​ជួយ​ឱ្យ​ប្អូន​រៀន​សូត្រ​បាន​នូវ​រឿង​រ៉ាវ​ល្អៗ​ជា​ច្រើន។ ការ​រៀន​ភា​សា​អង់​គ្លេស​ពិត​ជា​មាន​ប្រ​យោជន៍ និង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់"៕ 

ស្វឹង​ង្វៀង​ - សុផន​

ចែករំលែកអត្ថបទ