02/07/2026 - 17:13

"បណ្តុះ​ពន្លក" អក្សរ​ខ្មែរ​ 

រៀង​រាល់​រដូវ​វិស្សម​កាល នៅ​ក្នុង​បរិ​វេណ​វត្ត​អា​រាម​នា​នា​នៃ​ព្រះ​ពុទ្ធ​សាស​នា​ទក្ខិណនិកាយ​ខ្មែរ​ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ តែង​តែ​មាន​ភាព​អ៊ូ​អរ​ទៅ​ដោយ​សំឡេង​ប្រ​កប​និង​អាន​មេ​រៀន​របស់​សិស្សា​នុសិស្ស​ដែល​ចូល​រួម​ក្នុង​ថ្នាក់​រៀន​អក្សរ​ខ្មែរ​។ ថ្នាក់​រៀន​ទាំង​នេះ​ មិន​ត្រឹម​តែ​បំ​ពាក់​បំប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ភា​សា​កំ​ណើត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​ ព្រម​ទាំង​បណ្តុះ​បណ្តា​លសីល​ធម៌ និង​របៀប​រស់​នៅ​ដ៏​ល្អ​ប្រ​ពៃ​សម្រាប់​ប្អូន​ៗជន​រួម​ជាតិ​ខ្មែរ​ជំនាន់​ក្រោយ​ទៀត​ផង​។

ពិ​ធី​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ នៅ​វត្ត​ឈូង​ធំ​ ឃុំ​ឡាយ​ហ្វា​។

វត្ត​តា​ដើក  ស្ថិត​នៅ​សង្កាត់​វិញ​ចូវ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ មាន​ភាព​អ៊ូ​អរ​ជាង​ថ្ងៃ​ធម្ម​តា​។ សិស្សា​នុសិស្ស​ក្នុង​សម្លៀកបំ​ពាក់​សម​រម្យ​រៀប​រយ​ បាន​មក​ជួប​ជុំ​គ្នា​យ៉ាង​កុះ​ករ​នៅ​ក្នុង​ថ្នាក់​រៀន​។ ប្អូន​ៗបាន​យក​ចិត្ត​ទុក​ដាក់​សម្លឹង​មើល​ទៅ​ក្ដារ​ខៀន​ រួម​គ្នា​ប្រ​កប​អក្សរ​ម្តង​មួយ​តួ​ៗ ទៅ​តាម​ការ​ណែ​នាំ​បង្រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​លោក​គ្រូ​។

ប្អូន​ ថា​ច់ង៉ុកហ៊ឹង សិស្ស​ថ្នាក់​ទី​ ២ នៅ​ក្នុង​វត្ត​ បាន​ចែក​រំលែក​ទាំង​ក្តី​ញញឹម​ថា​៖ "ប្អូន​មក​រៀន​ក្នុង​វត្ត​ គឺ​មិន​ត្រឹម​តែ​បាន​ជួប​ជុំ​មិត្ត​ភក្តិប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បាន​ចេះ​អក្សរ​ខ្មែរ​ថែម​ទៀត​ផង​។ ក្រៅ​ពី​រៀន​អក្សរ​លោក​គ្រូ​នៅ​ទាំង​បង្រៀន​ដល់​ខ្ញុំ​អំ​ពី​សីល​ធម៌​ និង​របៀប​រស់​នៅ​ ការ​ទំ​នាក់​ទំនង​រាប់​អាន​ចំ​ពោះ​លោក​តា​ លោក​យាយ​ ឪ​ពុក​ម្តាយ​ និង​អ្នក​ជុំ​វិញ​ខ្លួន​ផង​ដែរ​"។

សិស្សា​នុសិស្ស​យក​ចិត្ត​ទុក​ដាក់​រៀន​អក្សរ​ខ្មែរ​នៅ​វត្ត​តា​ដើក សង្កាត់​វិញ​ចូវ​។

ឆ្នាំ​នេះ​ វត្ត​តា​ដើក បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ​៣ ថ្នាក់​ ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី​ ៣ ដោយ​ទាក់​ទាញ​សិស្សា​នុ​សិស្ស​ចូល​រួម​ជិត​ ១០០ នាក់​។ ក្នុង​នាម​ជា​អ្នក​ឈរ​ថ្នាក់​បង្រៀន​ផ្ទាល់​ ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហា​ មាន​សង្ឃ​ដីកា​៖ "ឆ្នាំ​នេះ​ បរិយាកាស​សិក្សា​របស់​ប្អូន​ៗមាន​ភាព​អ៊ូ​អរ​ខ្លាំង​ណាស់​។ ឪ​ពុក​ម្តាយ​សិស្ស​ជា​ច្រើន​បាន​ឆ្លៀត​ពេល​ ដើម្បី​ជូន​និង​ទទួល​ប្អូន​ៗ​មក​រៀន​។ មាន​ប្អូន​ៗខ្លះ​ទោះ​បី​ផ្ទះ​នៅ​ឆ្ងាយ​ ក៏​នៅ​តែ​បបួល​គ្នា​ដើរ​ ឬ​ជិះ​កង់​មក​រៀន​ដែរ​។ ជំ​នួស​ឱ្យ​ការ​ទុក​ឱ្យ​ប្អូន​ៗនៅ​ផ្ទះ​ចំ​ណាយ​ពេល​ច្រើន​ទៅ​លើ​ទូរស័ព្ទ​ ឬ​ហ្គេ​មអន​ឡាញ​ ការ​មក​វត្ត​ដើម្បី​រៀន​អក្សរ​និង​រៀន​សីល​ធម៌​ គឺ​ជួយ​ឱ្យ​ប្អូន​ៗមាន​ការ​រីក​ចម្រើន​គ្រប់​ជ្រុង​ជ្រោយ​ និង​មាន​សុខ​ភាព​ល្អ​"។

នៅ​វត្ត​ឈូង​ធំ​ ឃុំ​ឡាយ​ហ្វា​ ថ្នាក់​រៀន​អក្សរ​សាស្ត្រ​ខ្មែរ​នា​រដូវ​វិស្សម​កាល​ បាន​បង្រៀន​យ៉ាង​ទៀង​ទាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ក្នុង​រដូវ​វិស្សម​កាល​ឆ្នាំ​នេះ​ វត្ត​បាន​រៀប​ចំ​ថ្នាក់​រៀន​ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៣ ដោយ​ទាក់​ទាញ​សិស្សា​នុសិស្ស​ជាង​ ៣០០ នាក់​ ដែល​កំ​ពុង​សិក្សា​នៅ​តាម​បណ្តា​សា​លា​សកល​ចំ​ណេះ​ទូ​ទៅ​ក្នុង​ភូមិ​សាស្រ្ត​មក​ចូល​រួម​។ នៅ​ក្នុង​បន្ទប់​រៀន​ដ៏​សាមញ្ញ​ ប៉ុន្តែ​ពោរ​ពេញ​ទៅ​ដោយ​ស្នាម​ញញឹម​ ប្អូន​ៗបាន​ខិត​ខំ​ហ្វឹក​ហាត់​សរ​សេរ​អក្សរ​ម្តង​មួយ​តួ​ និង​ហាត់​អាន​ម្តង​មួយ​ព្យាង្គ​ ដោយ​ការ​ណែ​នាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​លោក​គ្រូ​បង្រៀន​។ ចំ​ពោះ​ប្អូន​ដែល​ទើប​តែ​ចាប់​ផ្តើម​ស្វែង​យល់​ពី​ភា​សា​ជន​ជាតិ​ ការ​រៀន​គឺ​ចាប់​ផ្តើម​ពី​ការ​ចំណាំ​តួ​អក្សរ​ព្យញ្ជនៈ​និង​ស្រះ​ពេញ​តួ​ ស្រះ​និស្ស័យ​ បន្ទាប់​មក​គឺ​ការ​ហាត់​អាន​ ហាត់​សរ​សេរ​ រួច​ទើប​ឈាន​ទៅ​ដល់​ការ​ផ្សំ​ប្រ​កប​ព្យញ្ជនៈ​និង​ស្រះ​ពេញ​តួ​ ស្រះ​និស្ស័យ​ ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ឈូង​ធំ​ ព្រះ​តេជ​ព្រះ​គុណ​គី​មធឿង​មាន​ថេរ​ដីកា​៖ «វិស្សម​កាល​គឺ​ជា​ពេល​វេលា​ដ៏​សម​ស្រប​សម្រាប់​ប្អូន​ៗមក​វត្ត​ដើម្បី​រៀន​អក្សរ​ខ្មែរ​។ នេះ​ក៏​ជា​បំ​ណង​ប្រាថ្នា​រួម​របស់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​ការ​ថែ​រក្សា​និង​ផ្ទេរ​ជូន​នូវ​ភា​សា​ និង​អក្សរ​សាស្ត្រ​ជន​ជាតិ​ដល់​ប្អូន​ៗជំនាន់​ក្រោយ​។ ក្រៅ​ពី​នេះ​ ប្អូន​ៗក៏​បាន​អប់​រំ​អំ​ពី​សីល​ធម៌​ វប្ប​ធម៌​នៃ​ការ​ទំ​នាក់​ទំនង​រាប់​អាន​និង​ការ​រស់​នៅ​ផង​ដែរ​»។

លោក​គ្រូ​ណែ​នាំ​សិស្ស​អាន​និង​ប្រ​កប​អក្សរ​ខ្មែរ​ក្នុង​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​។​

មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ វត្ត​ជា​ច្រើន​ថែម​ទាំង​បាន​បើក​ថ្នាក់​រៀន​បា​លី​ពុទ្ធិក​បឋម​សិក្សា​ ដើម្បី​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ក្នុង​ការ​លើក​កម្ពស់​ចំ​ណេះ​ដឹង​វប្ប​ធម៌​ និង​សាសនា​។ នៅ​វត្ត​ព្រែក​អណ្តើក​ ឃុំ​ញូយ៉ា រដូវ​វិស្សម​កាល​ឆ្នាំ​នេះ​ មាន​សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ជាង​១០០អង្គ​/រូប​ បាន​ចូល​រួម​ថ្នាក់​រៀន​អក្សរ​ខ្មែរ​និង​ភា​សា​បា​លី​។ ព្រះ​តេជ​ព្រះ​គុណ​ឡឹម​ចន្ទ​សំ​ណាង​ ព្រះ​ពហុស្សូត​វត្ត​ព្រែក​អណ្តើក​មាន​សង្ឃ​ដីកា​៖ "វត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​ងារ​អប់​រំ​ និង​បណ្តុះ​បណ្តា​លដល់​កូន​ចៅ​ពុទ្ធ​បរិស័ទ​។ ការ​បើក​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ និង​ភា​សា​បា​លី​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្អូន​ៗយល់​ដឹង​ពី​ភា​សា​ជន​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រសើរ​របស់​ជន​ជាតិ​ខ្មែរ​ទៀត​ផង​"។

ការ​ចលនា​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​មួយ​ថ្ងៃ​កាន់​តែ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ជា​ច្រើន​ក្នុង​ទី​ក្រុង​ ដូច​ជា​៖ វត្ត​ដើម​អំ​ពិល​ វត្ត​សិរី​កណ្ដាល​ (សង្កាត់​វិញ​ភឿក) វត្ត​សា​លា​ពោ​ធិ​សិរី​សា​គរ​  វត្ត​សិរី​ក្រ​សាំង​ (សង្កាត់​វិញ​ចូវ​) វត្ត​កំ​ពង់​ទ្រព្យ​  វត្ត​ទំ​នប់​  វត្ត​ពាង​សំ​រិទ្ធិ៍ (ឃុំ​អាង​និញ) វត្ត​ព្រែក​តា​កួន​ (ឃុំ​យ៉ាហ្វា​)...។ វត្ត​នីមួយៗ​ទាក់​ទាញ​សិស្សា​នុសិស្ស​ និង​សម​ណ​សិស្ស​ចាប់​ពី​ សិប​អង្គ​/រូប​ រហូត​ដល់​ជាង​៤០០អង្គ​/រូប​ ចូល​រៀន​ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៤ ព្រម​ទាំង​ថ្នាក់​បា​លី​ពុទ្ធិក​បឋម​សិក្សា​ផង​ដែរ​។

 ថ្នាក់​រៀន​ទាំង​នោះ​ កំ​ពុង​តែ​ "បណ្ដុះ​ពន្លក​"ចំ​ណេះ​ដឹង​យ៉ាង​ស្ងៀម​ស្ងាត់​ ចិញ្ចឹម​នូវ​ក្តី​ស្រ​ឡាញ់​ភា​សា​កំ​ណើត​និង​រួម​ចំ​ណែក​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ សម្រាប់​ប្អូន​ៗជំនាន់​ក្រោយ​៕

                                                                 ថា​ច់ ពេជ្រ​-ដា​លី​ន

ចែករំលែកអត្ថបទ