ទោះបីស្ថិតក្នុងរដូវវិស្សមកាល បរិវេណវត្តសិរីសទ្ធារាម (តាសែន និងសាលាទានបទុមកេសរតាសែនគោក (ខេត្តវិញឡុង) នៅតែលាន់ឮរំពងដោយសម្លេងអានមេរៀនរបស់សិស្សានុសិស្សជនជាតិខ្មែរជាង ១០០ នាក់។ ថ្នាក់រៀនអក្សរខ្មែរទីនេះមិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះសីលធម៌ និងថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់សម្រាប់ជំនាន់ក្រោយទៀតផង។
.jpg)
ក្បូរក្បាច់ដ៏ស្រស់ស្អាតនៃខ្លោងទ្វារសាលាទានបទុមកេសរតាសែនគោក ស្ថិតនៅក្បែរផ្លូវជាតិលេខ ៥៤ ដែលជាទីកន្លែងបើកបង្រៀនអក្សរខ្មែរនាពេលរសៀល។
ស្ថិតនៅអនុសង្កាត់ហ្វាថាញ់ ១ សង្កាត់ដុងថាញ់ ខេត្តវិញឡុង វត្តតាសែនជាមជ្ឈមណ្ឌលវប្បធម៌និងអប់រំដ៏រឹងមាំរបស់មាមីងខ្មែរក្នុងតំបន់ជាយូរលង់មកហើយ។ ឆ្នាំនេះ វត្តបើកថ្នាក់បង្រៀនអក្សរខ្មែរដល់សិស្សានុសិស្ស ១០០ នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ហើយក្នុងមួយថ្នាក់ៗចែកជា ២ បន្ទប់។ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅមករៀនសូត្ររបស់កូនចៅពុទ្ធបរិស័ទ និងងាយស្រួលរៀបចំកន្លែងបង្រៀននៅទីតាំងទាំងពីរផង។
ពេលព្រឹក ចាប់តាំងពីម៉ោង ៧ ដល់ម៉ោង ៩ ថ្នាក់រៀនទាំង ៣ ដំណើរការនៅក្នុងបរិវេណវត្តតាសែន។ ពេលរសៀល ចាប់តាំងពីម៉ោង១៤ ដល់ម៉ោង ១៦ ថ្នាក់រៀនដំណើរការនៅសាលាទានបទុមកេសរតាសែនគោក ស្ថិតនៅក្បែរផ្លូវជាតិលេខ ៥៤ ចម្ងាយពីវត្តតាសែនប្រហែល ២ គីឡូម៉ែត្រ។ ការរៀបចំដ៏សមស្របនេះជួយសម្រាលការធ្វើដំណើររបស់កុមារដែលនៅឆ្ងាយ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់អាណាព្យាបាលសិស្សក្នុងការជូននិងទទួលកូនចៅទៅមករៀនសូត្រ។

លោកគ្រូថាច់ហាយ បង្រៀនសិស្សថ្នាក់ទី១ នៅវត្តតាសែន។
ទទួលបន្ទុកបង្ហាត់បង្រៀននៅទីនេះ មិនមែនជាគ្រូបង្រៀនក្របខ័ណ្ឌនោះទេ គឺព្រះសង្ឃនិងពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាក្នុងការជួយសង្គម។ លោកគ្រូ ថាច់ហាយ បង្រៀនថ្នាក់ទី ១ បានឱ្យដឹង៖ "ដោយសារទឹកចិត្តជ្រះថ្លានិងអាណិតស្រឡាញ់កុមារ ទើបខ្ញុំមកជួយវត្ត។ ខ្ញុំចង់ផ្ទេរចំណេះដឹងមូលដ្ឋាន ជួយឱ្យកុមារចេះអានចេះសរសេរអក្សរខ្មែរ។ ទៅថ្ងៃមុខ បើកូនចៅណាម្នាក់មាននិស្ស័យសាងផ្នួស ក៏ងាយស្រួលអានទន្ទេញធម៌អាថ៌វិន័យព្រះពុទ្ធសាសនាផងដែរ"។
ដើម្បីរក្សាចំនួនសិស្សានុសិស្សជាង ១០០នាក់ចូលរៀនទៀងទាត់ គឺជាដំណើរការប្រកបដោយទឹកចិត្តលះបង់ដ៏ខ្ពង់ខ្ពស់របស់គណៈកម្មការវត្ត ក្នុងនោះមានព្រះតេជគុណ ថាច់បឿក អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង និងជាព្រះចៅអធិការវត្តតាសែន ជាប្រមុខផងដែរ។ ព្រះតេជព្រះគុណ ថាច់បឿក មានថេរដីកាបញ្ជាក់៖ "វត្តអារាមជាកន្លែងថែរក្សាភាសានិងអក្សរសាស្ត្រខ្មែរ។ ក្មួយៗកុមារត្រូវការសិក្សាដើម្បីយល់ច្បាស់ពីវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់។ ជាពិសេសគឺការថែរក្សាប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនាឱ្យបានយូរអង្វែង។ ហេតុនេះហើយ មុនវិស្សមកាលម្តងៗ អាត្មាភាពតែងប្រកាសតាមឧគ្ឃោសនសព្ទ និងរំលឹកយាយតាមាមីងក្នុងឱកាសបុណ្យទាននិងថ្ងៃសីល ដើម្បីបរិស័ទម្ចាស់ការនាំកូនចៅមកវត្តរៀនអក្សរខ្មែរក្នុងរយៈពេល ៣ ខែនេះឱ្យបានទៀងទាត់"។
មិនត្រឹមតែបានសិក្សាលេខនព្វន្តនិងអក្សរប៉ុណ្ណោះទេ ប្អូនៗកុមារថែមទាំងបានអប់រំពីសីលធម៌រស់នៅយ៉ាងស៊ីជម្រៅទៀតផង។ ព្រះសង្ឃនិងលោកគ្រូតែងតែគួបផ្សំបង្រៀនមេរៀនសុជីវធម៌ តាំងពីការឱនសំពះគោរពព្រះសង្ឃគោរពចាស់ទុំ រហូតដល់ការស្រឡាញ់រាប់អានមិត្តភក្តិ។ ជាក់ស្តែងក្នុងមួយសប្តាហ៍ម្តង វត្តតែងរៀបចំការហាត់សមថ្វាយបង្គំនិងចម្រើនកម្មដ្ឋានរយៈពេល ១៥ នាទីនៅក្នុងព្រះវិហារ ដើម្បីជួយឱ្យកុមារបង្កើនការផ្ចង់អារម្មណ៍និងបណ្តុះផ្លូវចិត្តស្ងប់ល្អ។
ជួបសំណេះសំណាលក្នុងឱកាសជូនចៅស្រីមករៀន ឈ្មោះថាច់ធីសាមៀ រៀនថ្នាក់ទី ១ នៅវត្ត ពូថាច់រ៉ី សម្តែងនូវក្តីរំភើប៖ "ខ្ញុំមានសេចក្ដីជ្រះថ្លានិងត្រេកអរយ៉ាងក្រៃលែងចំពោះវត្តអារាមដែលបានយកចិត្តទុកដាក់បើកបង្រៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាលបែបនេះ។ អាស្រ័យដោយបានចូលវត្តរៀនអក្សរនិងធម៌អាថ៌ ចៅខ្ញុំឥឡូវមានការផ្លាស់ប្ដូរឥរិយាបថ និងសុភាពរាបសារល្អណាស់។ សង្ឃឹមថា ទៅថ្ងៃអនាគតចៅខ្ញុំនឹងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ ដើម្បីថែរក្សានិងលើកកម្ពស់វប្បធម៌ដូនតាឱ្យកាន់តែចម្រើនរុងរឿងនិងឋិតថេរចីរកាល”។
ក្ដីរីករាយនោះក៏បានស្ដែងឡើងក្នុងកែវភ្នែកប្អូន គឹមថាញញឹង សិស្សថ្នាក់ទី៣ ៖ “មករៀននៅវត្តខ្ញុំសប្បាយចិត្តណាស់ បានជួបជុំមិត្តភក្តិមករៀនយ៉ាងកុះករ និងបានលេងល្បែងកម្សាន្តនានា។ អ្វីដែលចាប់អារម្មណ៍បំផុតនោះគឺខ្ញុំទន្ទឹងរង់ចាំដល់ថ្ងៃវត្តចាត់តាំងការប្រឡង បើទទួលបានលទ្ធផលល្អ ពួកខ្ញុំនឹងបានរង្វាន់ជាថវិកា សៀវភៅ និងប៊ិច ទុកសម្រាប់ឆ្នាំសិក្សាថ្មី ហេតុនេះខ្ញុំខិតខំរៀនសូត្រខ្លាំងណាស់"។
សៀវភៅ ប៊ិច ឬរង្វាន់លើកទឹកចិត្ត ទោះបីមានតម្លៃតិចតួចក្តី ប៉ុន្តែជាប្រភពលើកទឹកចិត្តយ៉ាងធំធេង ជួយឱ្យសិស្សានុសិស្សមានកម្លាំងចិត្តបន្ថែមទៅកាន់សាលារៀន។ ពេលសូរជួងវត្តបន្លឺឡើង លាយឡំនឹងសំឡេងសើចក្អាកក្អាយនៅលើដងផ្លូវត្រឡប់ទៅផ្ទះវិញ ក៏ជាពេលដែលក្តីរីករាយក្នុងការរៀនសូត្រនិងពន្លឺនៃចំណេះដឹងបានបំភ្លឺដល់ប្អូនៗផងដែរ។ ទីវត្តអារាម រហូតដល់សាលាទានបទុមកេសរតាសែនគោក ស្ថិតនៅក្បែរផ្លូវជាតិលេខ៥៤ គឺជាថ្នាលបណ្តុះអក្សរខ្មែរនិងជាកន្លែងថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ពីជំនាន់មួយទៅជំនាន់មួយឱ្យបានឋិតថេរចីកាលជាយូរអង្វែង៕
ថាច់ធី