មាមីងជនរួមជាតិខ្មែរនៅឃុំហូធីគី ខេត្តកាម៉ាវ តែងមានសេចក្តីជឿជាក់និងត្រេកអរចំពោះព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ ព្រះចៅអធិការវ័យក្មេងនៃវត្តសិរីមង្គល (ជ្រុងខ្មែរ) ព្រះអង្គតែងខិតខំអស់ពីព្រះទ័យនិងយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្ររបស់ព្រះសង្ឃ កសាងវត្តអារាមនិងចលនាពុទ្ធបរិស័ទឱ្យរស់នៅ “ល្អសាសនា ល្អសង្គម” ជាដើម។

ព្រះតេជព្រះគុណហ៊ឺវញ៉ីវ។
វត្តសិរីមង្គល ផ្ដើមកសាងតាំងពីឆ្នាំ ១៧៨៨ នៅភូមិដឿងដាវ ឃុំហូធីគី។ ក្នុងសម័យសង្គ្រាម វត្តអារាមមិនត្រឹមតែជាទីកន្លែងសម្រាប់រៀបចំសកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានបដិវត្តន៍ដ៏រឹងមាំសម្រាប់ចលនារំដោះជាតិនៅខេត្តកាម៉ាវទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រដ៏លេចធ្លោនោះ នៅឆ្នាំ ២០២១ វត្តបានទទួលចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ ដើម្បីបន្តវេនប្រពៃណីដ៏រុងរឿងនោះ ព្រះតេជព្រះ គុណហ៊ឺវញ៉ីវ ព្រះចៅអធិការវត្តជំនាន់ទី ១៩ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីទ្រទ្រង់ធម៌វិន័យផង និងបំពេញល្អតួនាទីជាព្រះចៅអធិការវត្តផង។ តាមរយៈនោះ ព្រះអង្គបានចលនាពុទ្ធបរិស័ទចូល រួមកសាងសំណង់ផ្សេងៗ ដូចជា៖ សាលាទាន ទីធ្លាវត្ត បង្គោលទង់ជាដើម ដើម្បីឱ្យកាន់តែមានភាពសមរម្យនិងឆ្លើយតបទៅនឹងតម្រូវការខាងសកម្មភាពសាសនា។
ជាមួយនឹងទិសស្លោកប្រកបដោយវិទ្យាសាស្ត្រថា “អ្នកបួសត្រូវប្រព្រឹត្តតាមធម៌វិន័យ លុះពេលផ្លាស់ពីបព្វជិតមកជាគ្រហស្ថ ត្រូវប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋ” ព្រះតេជព្រះគុណ ហ៊ឺវញៀវ សម្រេចឆ្នើមទាំងកិច្ចការសាសនានិងកិច្ចការសង្គម។ ព្រះអង្គធ្លាប់ជាតំណាងក្រុមប្រឹក្សាប្រជាជនស្រុកថើយប៊ិញ អាណត្តិទី XII (២០២១ - ២០២៦) ហើយបន្តបានអ្នកបោះឆ្នោតទុកចិត្តបោះឆ្នោតជ្រើសរើសជាតំណាងក្រុមប្រឹក្សាប្រជាជនឃុំហូធីគី អាណត្តិកាល ២០២៦ - ២០៣១។ ព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ មានថេរដីកា៖ “កាលបើបានពុទ្ធបរិស័ទនិងប្រជាជនទុកចិត្ត អាត្មាភាពកាន់តែមានការទទួលខុសត្រូវខ្ពស់ ថែមទៀតក្នុងការកសាងវត្តអារាម គិតគូរការរៀនសូត្ររបស់ព្រះសង្ឃនិងកូនចៅពុទ្ធបរិស័ទខ្មែរ។ ពិសេស អាត្មាភាពនឹងបវរណា លើកទឹកចិត្តពុទ្ធបរិស័ទឱ្យរស់នៅ “ល្អសាសនា ល្អសង្គម” ធ្វើ អំពើល្អឱ្យបានច្រើន យកចិត្តទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងចិញ្ចឹមកូនចៅរៀនសូត្រឱ្យបានត្រឹមត្រូវជាដើម”។
ជាច្រើនឆ្នាំមកនេះ ដោយយល់ច្បាស់ពីការលំបាករបស់មាមីងពុទ្ធបរិស័ទ ព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ បានស្នើសុំបង្កើនកម្រិតផ្លូវបេតុងប្រវែង ១៤ គីឡូម៉ែត្រ តភ្ជាប់ពីស្ពានរ៉ាច់បឹង (ភូមិតាក់ធូ) ឆ្លងកាត់ភូមិកីឃោ រហូតចុះដល់ព្រំប្រទល់ឃុំថើយប៊ិញនាពេលបច្ចុប្បន្ន។ ផ្លូវថ្នល់ចាប់ពីទទឹង ២ ម៉ែត្រ ត្រូវបានពង្រីកធំរហូតដល់ ៣ ម៉ែត្រ នាំមកនូវក្ដីត្រេកអរ ក្នុងការជួញដូរនិងការធ្វើដំណើរប្រកបដោយសុវត្ថិភាពជូនប្រជាជនរាប់រយគ្រួសារក្នុងតំបន់។ ថ្មីៗនេះ ព្រះអង្គនៅទាំងបានចលនាសប្បុរសជនជូនអំណោយជាង ៤៧០ ចំណែក (ដែលមានតម្លៃជាង ១១៧ លានដុង) ដល់គ្រួសារខ្មែរដែលមានជីវភាពលំបាកខ្វះខាត។ ក្រៅពីនោះ រៀងរាល់ខែក្នុងឱកាសថ្ងៃសីល នៅពេលពុទ្ធបរិស័ទអញ្ជើញមកវត្ត ព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ មានភាពប៉ិនប្រសប់ក្នុងការសម្ដែងធម៌ទេសនា ដោយផ្សារភ្ជាប់នឹងការឃោសនាផ្សព្វផ្សាយនូវមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ព្រះអង្គតែងតែរំលឹកមាមីងពុទ្ធបរិស័ទឱ្យលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ចំពោះរាល់ឧបាយកលបំបែកបំបាក់ផែនមហាសាមគ្គី ព្រមទាំងតម្រង់ទិសដៅការងារធ្វើជូនដល់ស្រទាប់យុវជននៅក្នុងភូមិស្រុកទៀតផង។
សមមិត្ត ត្រឹងក្វឹកវៀត លេខាសាខាបក្សភូមិដឿងដាវ ឃុំហូធីគី បានបញ្ជាក់៖ “ព្រះតេជព្រះគុណ ហ៊ឺវញ៉ីវ ទទួលបានជំនឿទុកចិត្តខ្ពស់ក្នុងនាមជាព្រះចៅអធិការមានព្រះទ័យជ្រះថ្លាផង និងតែងណែនាំមាមីងពុទ្ធបរិស័ទឱ្យរស់នៅសុចរិត ខិតខំប្រកបរបរចិញ្ចឹមជីវិតដើម្បីកសាងជីវភាពធូរធារផង។ ដោយការរួមបញ្ចូលរវាងទ្រឹស្ដីពុទ្ធសាសនា និងសតិអារម្មណ៍ហូជីមិញ ក្នុងផ្នត់គំនិតរបស់ព្រះអង្គ ក្លាយជាគំរូឆ្នើមទាំងកិច្ចការសាសនានិងកិច្ចការសង្គម ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ពីសំណាក់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត”៕
យ្វីអាញ - ថាច់ធី