(អ.ឡ) - នៅថ្ងៃទី ២២ ខែមិថុនា លោកហូក្វាងហ្វី ប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសារនិងចាត់តាំងអនុវត្តច្បាប់នៃក្រសួងយុត្តិធម៌បានដឹកនាំអង្គសិក្ខាសាលាផ្តល់មតិយោបល់លើសេចក្តីព្រាងរបាយការណ៍ ស្តីពីស្ថានភាពដោះស្រាយលទ្ធផលនៃការពិនិត្យឡើងវិញឯកសារគតិយុត្តិដែលរងផលប៉ះពាល់ពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាល តាមការកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ ១៩០/២០២៥/QH១៥ របស់រដ្ឋសភា។

អ្នកតំណាងចូលរួមសិក្ខាសាលានៅទីតាំងតភ្ជាប់បណ្ដាញទីក្រុងកឹងធើ។
សិក្ខាសាលានេះបានចាត់តាំងឡើងតាមប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយបណ្តាខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស។ អញ្ជើញចូលរួមនៅទីតាំងតភ្ជាប់បណ្ដាញទីក្រុងកឹងធើ មានលោកស្រី ត្រឹងពឿងក្វៀងអនុប្រធានមន្ទីរយុត្តិធម៌ រួមជាមួយអ្នកតំណាងនៃមន្ទីរ គណៈ ផ្នែកនានារបស់ទីក្រុង។
យោងតាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ រហូតមកដល់ពេលនេះ បណ្តាក្រសួង ស្ថាប័នស្មើក្រសួងនិងអង្គភាពពាក់ព័ន្ធ បានបញ្ចប់ការពិនិត្យឡើងវិញ និងកំណត់យ៉ាងច្បាស់នូវវិធានការនិងដំណើរការដោះស្រាយចំពោះឯកសារគតិយុត្តិ ៨៩៥ ច្បាប់។ ក្នុងនោះ ឯកសារដែលបានដោះស្រាយរួចរាល់ ៥៦០ ច្បាប់ ស្រូបអត្រា ៦២,៥៧% ។
នៅថ្នាក់ភូមិភាគ គណៈកម្មាធិការប្រជាជនខេត្ត ទីក្រុងចំណុះមជ្ឈិម បានបញ្ចប់ការពិនិត្យឡើងវិញនិងកំណត់ច្បាស់វិធានការនិងដំណើរការដោះស្រាយចំពោះឯកសារគតិយុត្តិ ៥.២១២ ច្បាប់។ រហូតមកដល់ពេលនេះ ភូមិភាគទាំងអស់បានដោះស្រាយរួចរាល់ ៤.០៤១ ច្បាប់ ស្រូបអត្រា ៧៧,៥%។
ដោយឡែកនៅទីក្រុងកឹងធើ មានឯកសារគតិយុត្តិថ្នាក់ខេត្ត ២២០ ច្បាប់ មានតម្រូវការដោះស្រាយដោយរងឥទ្ធិពលនៃការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាល។ ដោយស្មារតីម្ចាស់ការនិងប្រញាប់ប្រញាល់ ទីក្រុងដោះស្រាយរួចរាល់បានចំនួន ១៨០ ច្បាប់។ បច្ចុប្បន្ននៅសល់ ៤០ ច្បាប់ ដែលស្ថាប័នជំនាញពាក់ព័ន្ធកំពុងបន្តពិនិត្យឡើងវិញនិងដោះស្រាយស្របតាមសេចក្ដីកំណត់។

លោកហូក្វាងហ្វី ប្រធាននាយកដ្ឋានត្រួតពិនិត្យឯកសារនិងចាត់តាំងអនុវត្តច្បាប់នៃក្រសួងយុត្តិធម៌ ថ្លែងការណ៍នៅក្នុងសិក្ខាសាលា។
ថ្លែងក្នុងអង្គសិក្ខាសាលា លោកហូក្វាងហ្វី បានរំលឹក រយៈពេលកំណត់ដែលស្ថាប័ននានាបញ្ចប់ការដោះស្រាយឯកសារ គឺមុនថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៧។ ទន្ទឹមនឹងនោះ សេចក្តីសម្រេចចិត្តលេខ ១៩០/២០២៥/QH១៥ នឹងអស់សុពលភាពនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៧។
ដើម្បីជៀសវាងហានិភ័យកើតមាន "ចន្លោះប្រហោងផ្នែកច្បាប់" នៅពេលសេចក្តីសម្រេចចិត្តអស់សុពលភាព លោកហូក្វាងហ្វី បានសំណូមពរដល់ក្រសួង ផ្នែកនិងភូមិភាគនានា ត្រូវរៀបចំផែនការដោយមានដំណោះស្រាយជាក់លាក់និងច្បាស់លាស់។ ក្នុងនោះ ផ្តោតលើការពិនិត្យឡើងម៉ត់ចត់នូវខ្លឹមសារ បញ្ហាប្រឈមនិងការលំបាកនានា ព្រមទាំងសំណើដោះស្រាយដោយផ្អែកលើស្ថានភាពជាក់ស្តែង។ ជាមួយគ្នានេះ ផ្តល់យោបល់ឱ្យបានច្បាស់លាស់ចំពោះបញ្ហា គួរបន្តសុពលភាពទាំងស្រុង ឬត្រឹមតែបន្តសុពលភាពសេចក្ដីកំណត់មួយចំនួននៃសេចក្តីសម្រេចចិត្តលេខ ១៩០/២០២៥/QH១៥ ដើម្បីធានាសុពលភាពនៃច្បាប់មិនដាច់រយៈ។ ក្រសួងយុត្តិធម៌នឹងទទួលយកគ្រប់មតិយោបល់ទាំងអស់ ដើម្បីបំពេញបន្ថែមនិងសម្រេចរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ អមជាមួយនឹងសំណើនិងដំណោះស្រាយដែលមានភាពត្រឹមត្រូវ ដាក់ជូនរដ្ឋាភិបាលដើម្បីរបាយការណ៍ជូនរដ្ឋសភានៅក្នុងសម័យប្រជុំចុងឆ្នាំ។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងទាំងឡាយបានផ្តោតការពិភាក្សាលើបញ្ហាប្រឈម និងការលំបាកដែលកើតមានក្នុងដំណើរការអនុវត្ត ពិសេសគឺការដោះស្រាយឯកសារមួយចំនួនធំដែលមិនទាន់បានបញ្ចប់។ ទន្ទឹមនឹងនេះ ក៏បានពិភាក្សាអំពីហានិភ័យនៃ "ចន្លោះប្រហោងផ្នែកច្បាប់" ដែលអាចកើតមានឡើង នៅពេលសេចក្តីសម្រេចចិត្តលេខ ១៩០/២០២៥/QH១៥ អស់សុពលភាព។
ភូមិភាគទាំងឡាយបានស្នើឱ្យពង្រឹងយន្តការនៃកិច្ចសហការជិតស្និទ្ធនិងរលូនរវាងបណ្តាក្រសួង ស្ថាប័នថ្នាក់មជ្ឈិមនិងភូមិភាគ ដើម្បីដោះស្រាយបានទាន់ពេលនូវបញ្ហាជាប់គាំងអំពីសមត្ថកិច្ច។ ទន្ទឹមនឹងនោះ ស្នើឱ្យក្រសួងយុត្តិធម៌ ប្រមូលយកមតិយោបល់និងធ្វើសេនាធិការជូនរដ្ឋាភិបាលដើម្បីពិនិត្យនិងដាក់សំណើជូនរដ្ឋសភា អនុញ្ញាតឱ្យបន្តសុពលភាពនៃសេចក្តីសម្រេចចិត្តលេខ ១៩០/២០២៥/QH១៥ សំដៅធានាលក្ខណៈនិរន្តរភាពនៃប្រព័ន្ធច្បាប់ ដំណើរការរលូននៃរចនាសម្ព័ន្ធរដ្ឋបាលនិងរក្សាស្ថិរភាពប្រព័ន្ធរដ្ឋអំណាច៕
អត្ថបទនិងរូបថត៖ P.Y- ពេជ្រ សឿន